សង្គមអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនគាំទ្រចំណាត់ការរបស់លោក ត្រាំ ក្នុងការបញ្ចេញទ័ពទប់ទល់បាតុករ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper (ខាងស្តាំ) ស្តាប់សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាស់ ត្រាំ នៅសេតវិមាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ រូបភាព៖ AFP
× រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper នៅថ្ងៃទី៣ ខែមិថុនា បានជំទាស់ទៅនឹងចំណាត់ការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ។ សម្រាប់លោក Esper វាមិនទាន់ដល់ពេលឡើយ ក្នុងការប្រើប្រាស់កម្លាំងយោធា ពោលគឺទាល់តែស្ថានការណ៍នៅក្នុងប្រទេសមានភាពលំបាកបំផុត។
ការធ្វើបាតុកម្មនៅអាមេរិក កាន់តែមានទ្រង់ទ្រាយធំឡើង មនុស្សជាច្រើនចាប់ផ្តើមចូលរួមបាតុកម្មប្រឆាំងនឹងការរើសអើងជនជាតិអាមេរិកស្បែកខ្មៅ និងទាមទាររកយុត្តិធម៌ជូនលោក George Floyd។ បាតុកម្ម និងកុបកម្ម បានកើតឡើងដំណាលគ្នា រថយន្ត ហាងលក់ទំនិញ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវវាយបំផ្លាញចោល។ បម្រាមគោចរ ដែលអភិបាលក្រុងមួយចំនួនបានដាក់ ក៏ក្រុមបាតុករលែងគោរព។
ទាក់ទងនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលកន្លងមក បានព្រមានប្រើប្រាស់កម្លាំងយោធា ដើម្បីបង្ក្រាបបាតុកម្ម ប្រសិនបើរដ្ឋ ឬទីក្រុងណាមួយ មិនព្រមចាត់វិធានការដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ការព្រមានរបស់ប្រធានាធិបតីបែបនេះ គឺដោយផ្អែកទៅតាមច្បាប់ឆ្លើយតបនឹងការបះបោរ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលសហព័ន្ធអាចនឹងប្រើកម្លាំងយោធាដោះស្រាយបញ្ហារបស់រដ្ឋនីមួយៗ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនយល់ស្របលើបញ្ហានេះឡើយ ព្រោះអាមេរិកមិនទាន់ដល់ដំណាក់កាលប្រើប្រាស់កម្លាំងយោធា។ ថ្លែងក្នុងសន្និសិទកាសែតពីមន្ទីរបញ្ចកោណ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជម្រើសក្នុងប្រើប្រាស់កម្លាំងយោធា ដែលមានចែងនៅក្នុងច្បាប់ (ច្បាប់ឆ្លើយតបការបះបោរ) គួរតែត្រូវបានប្រើប្រាស់នៅក្នុងកាលៈទេសៈចុងក្រោយ និងនៅក្នុងស្ថានភាពដ៏អាក្រក់ជាទីបំផុតតែប៉ុណ្ណោះ»។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក មិនគាំទ្រឡើយ ការប្រើច្បាប់ឆ្លើយតបការបះបោរ ដើម្បីបង្ក្រាបក្រុមបាតុករ និងកុបករ ព្រោះស្ថានភាពអាមេរិក ក្នុងពេលបច្ចុប្បន្ន គឺមិនស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងពេកឡើយ ហើយវាអាចដោះស្រាយដោយសន្តិវិធីបាន។
នៅក្នុងសន្និសិទសារព័ត៌មានដដែលនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងសាររំលែកទុក្ខចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់លោកGeorge Floyd ផងដែរ។ បន្ថែមពីនេះ លោក Esper ទទូចឲ្យបញ្ឈប់ការើសអើងពូជសាសន៍គ្រប់សកម្មភាពទាំងអស់ ដែលកើតមាននៅក្នុងទឹកដីអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com