សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​ប្រធានាធិបតី អូ​បា​ម៉ា គាំទ្រ​បាតុករ​យុវជន​អាមេរិក​ទាមទារ​យុត្តិធម៌​ពណ៌​សម្បុរ​
04, Jun 2020 , 11:59 am        
រូបភាព
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (AFP)
អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (AFP)
ដោយ:
អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​លើកសរសើរ​ការធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​អាមេរិក​ទាមទារ​យុត្ត​ធម៌​ផ្នែក​ពណ៌​សម្បុរ​។ ដោយ​ចាត់ទុកជា​រឿង​«​អស្ចារ្យ​មួយ​» អតីត​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​រូ​ប​នេះ អះអាងថា ការតវ៉ា​ជុំវិញ​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ​ក្រោម​ដៃ​ប៉ូលិស​កាលពី​សប្តាហ៍​មុននេះ អាច​បង្ក​ទៅជា​ការធ្វើកំណែទម្រង់​ថ្នាក់ជាតិ​។​

 
​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើកដំបូង​ចាប់ពី​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃទី​២៥ ខែឧសភា ក្នុង​រដ្ឋ Minneapolis ដែល​បង្ក​ជា​ចលនា​បាតុកម្ម​ជុំវិញ​ប្រទេស លោក បា​រ៉ា​ក់ អូ​បា​ម៉ា អះអាងថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ភាព​សកម្ម​របស់​ក្រុមបាតុករ​ជា​យុវជន​។ លោក​សង្កត់ធ្ងន់ថា​៖«​កម្លាំងចិត្ត​ពួកគេ អាច​ប្រើ​ជា​កត្តា​ជំរុញ​សម្រាប់​ការផ្លាស់ប្តូរ​ធំធេង​ជាង​នេះ​»​។​
 
​ក្នុង​វីដេអូ​រយៈពេល​១៥​នាទី ប្រធានាធិបតី​អាមេរិក​ទី​៤៤​រូបនេះ បានលើកឡើង​ពី​ចលនា​ទាមទារ​សិទ្ធិ​ស៊ីវិល​អំឡុង​ឆ្នាំ​១៩៦០​ដែល​ដឹកនាំ​ដោយ​លោក Martin Luther King ដោយ​កត់សម្គាល់ថា កាលនោះ​លោក Martin ក៏​ស្ថិត​ជា​យុវជន​ផងដែរ​។  
 
​លោក អូ​បា​ម៉ា បាន​បន្ត​និយាយ​ទៅកាន់​ស្ត្រី​និង​បុរស​ស្បែក​ខ្មៅ​វ័យក្មេង​ក្នុង​សហរដ្ឋអាមេរិក ដែលជា​រឿយៗ​ពើបប្រទះ​ឬ​មើលឃើញ​អំពើហិង្សា​ព្រៃផ្សៃ​។ ត្រង់ចំណុច​នេះ លោក បញ្ជាក់ថា អំពើហិង្សា​ខ្លះ​កើតចេញពី​ក្រុមមនុស្ស​ដែលមាន​កាតព្វកិច្ច​បម្រើ និង​ការពារ​ពួកគេ ហើយ​លោក​ចង់​ប្រាប់ថា «​អ្នក​សំខាន់ ជីវិត​អ្នក​សំខាន់ ក្តី​សុបិន​អ្នក​សំខាន់​»​។​
 
​បន្ថែម​ពី​លើកសរសើរ​ភាពក្លាហាន​របស់​ក្រុមយុវជន​បាតុករ លោក​អតីត​ប្រធានាធិបតី អូ​បា​ម៉ា ក៏បាន​ទទូច​ឲ្យ​បណ្ដា​អភិបាលរដ្ឋ​អាមេរិក​ទាំងអស់​ពិនិត្យឡើងវិញ​គោលនយោបាយ​ប្រើ​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​ជាមួយ​ប្រជាជន ហើយ​គួរ​តាំងចិត្ត​រៀបចំ​ផែនការ​ធ្វើកំណែទម្រង់​។​
 
​នៅ​ថ្ងៃ​ដដែល​នេះ អតីតរដ្ឋមន្ត្រី​ការពារ​អាមេរិក លោក Jim Mattis បាន​រិះគន់​ធ្ងន់ៗ​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​ចោទប្រកាន់​លោ​កថា​ព្យាយាម​បំបែកបំបាក់​សហរដ្ឋអាមេរិក​។ លោក Mattis ដែល​លាលែង​ពី​តំណែង​ក្នុង​ចុងឆ្នាំ​២០១៨​ក្រោយ​លោក​ត្រាំ​បញ្ជា​ដកទ័ព​ពី​ស៊ី​រី  ក៏បាន​បង្ហាញ​សំឡេងគាំទ្រ​ក្រុមអ្នកតវ៉ា​ប្រឆាំង​ការរើសអើង​ពណ៌​សម្បុរ​។ 
 
​ក្នុង​អត្ថបទ​ផ្សាយ​លើ​សារព័ត៌មាន​អន​ឡាញ The Atlantic លោក Mattis សរសេរថា​៖«​លោក ដូ​ណា​ល់ ត្រាំ គឺជា​ប្រធានាធិបតី​ដំបូង​ហើយ​ក្នុង​ឆាកជីវិត​ខ្ញុំ ដែល​មិន​ព្យាយាម​បង្រួម​បង្រួម​ប្រជាជន​អាមេរិក  ហើយ​មិន​សូម្បីតែ​ធ្វើ​ពុត​ជា​ព្យាយាម​ថែមទៀត​ផង​»​។ អតីត​ឧត្ដមសេនីយ៍​រូបនេះ បន្តថា​៖«​ជំនួស​មកវិញ លោក ត្រាំ បាន​ព្យាយាម​បំបែកបំបាក់​យើង​»​។​
 
​ប្រតិកម្ម​នឹង​ការរិះគន់​ពី​សំណាក់​កូនចៅ​ចាស់​បែបនេះ លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែមិថុនា បាន​សរសេរ​លើ Twitter ថា​៖«​ប្រហែល​រឿង​តែមួយគត់ ដែល​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ខ្ញុំ​ធ្លាប់ធ្វើ​ដូចគ្នា គឺថា យើង​មាន​កិត្តិយស​បណ្ដេញ Jim Mattis ចេញពី​តំណែង​»​។ លោក ត្រាំ ឌឺដង​លោក Mattis ទៀតថា​៖«​ខ្ញុំ​បានស្នើ​ឲ្យ​លោក​សរសេរ​លិខិត​លាលែង​តំណែង ហើយ​(​ខ្ញុំ​)​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​ណាស់​។ ដំបូង​រហស្សនាម​លោក គឺ ចលាចល តែ​ដោយ​ខ្ញុំ​មិន​ចូលចិត្ត ហើយ​ប្ដូរ​ទៅជា ឆ្កែ​ឆ្គួ​ត វិញ​»៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com