ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! មាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត គួរ​ចៀសឱ្យផុត​អាហារ​ទាំងនេះ​
05, Jun 2020 , 6:59 am        
រូបភាព
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ក្រពេញ​ប្រូ​ស្តា​ត​។ ថា​តើ​នៅពេល​មាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​អ្នក​គួរ​ចៀសវាង​អាហារ​បែបណាខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. សាច់​ក្រហម​
 
​ការទទួល​ទាន​សាច់​ក្រហម​អាច​បណ្ដាលឱ្យ​ក្រពេញ​ប្រូ​ស្តា​ត​កើន​ទំហំ ហើយ​នេះ​ជា​មូលហេតុ​ដែល​អ្នក​មានប​ញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​គួរ​កាត់បន្ថយ ឬ​កម្រិត​ការទទួល​ទាន​សាច់​ក្រហម​។​
 
២. អាហារ​សម្បូរ​ខ្លាញ់​ឆ្អែត​
 
​ខ្លាញ់​ឆ្អែត​ជា​ប្រភេទ​ខ្លាញ់​ដែល​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ ព្រមទាំង​ក្រពេញ​ប្រូ​ស្តា​ត​។ ដូច្នេះ​ដើម្បី​រក្សា​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត ចូរ​ព្យាយាម​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​សុខភាព​ល្អ​ដូចជា​ត្រី​សម្បូរ​ខ្លាញ់​ជំនួស​ភី​ហ្សា មាន់​បំពង និង​បឺ​ហ្គឺ​ដែល​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត​។​
 
៣. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ចំពោះ​អ្នកមាន​បញ្ហា​រីក​ក្រពេញ​ប្រូ​ស្តា​ត​គួរ​កម្រិត​ការ​ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ទើប​ប្រសើរ​។ ទោះបី​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម ប៉ុន្តែ​អ្នក​ក៏​នៅតែ​អាច​ពង្រឹង​សុខភាព​ឆ្អឹង​ដោយ​រួមបញ្ចូល​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​កាល់ស្យូម​ដូចជា​គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ សណ្ដែក និង​ត្រី​សាល​ម៉ុ​ន ឬ​ត្រី​សាល​ឌី​ន​កំប៉ុង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៤. អាហារ​ហឹរ​
 
​នេះ​ក៏​ព្រោះតែ​អាហារ​ហឹរ​អាច​បង្ក​ការ​រលាក​ដល់​ផ្លោក​នោម​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការរីក​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ចូរ​កម្រិត ឬ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​អាហារ​ហឹរ​។ ចំពោះ​អាហារ​ជូរ ឬ​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាច​បង្កបញ្ហា​ដល់​ក្រពេញ​ប្រូ​ស្តា​ត​បុរស​ដោយ​បណ្ដាលឱ្យ​នោម​ញឹក ឬ​ពិបាក​នោម​។​
 
៥. គ្រឿង​ស្រវឹង​និង​កាហ្វេ​
 
​ក៏​មិន​ខុសពី​អាហារ​ហឹរ​និង​អាហារ​មាន​ផ្ទុក​ជាតិ​អាស៊ីត គ្រឿង​ស្រវឹង​អាច​បង្ក​ការ​រលាក​ដល់​ក្រពេញ​ប្រូ​ស្តា​ត​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មិន​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​។ ចំពោះ​កាហ្វេ​ក៏ដូចជា​គ្នា​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​បណ្ដាលឱ្យ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com