កីឡាជាតិ
ជាតិ
កីឡាករ ឃីម ឌី​ម៉ា​៖ បើ​របួស​ជា​ដូចដើម​នឹង​ត្រឡប់​ចូល​សង្វៀន​វិញ តែបើ​មិន​ដូចដើម​នឹង​ផ្អាក​
04, Jun 2020 , 3:29 pm        
រូបភាព
កីឡាករ ឃីម ឌីម៉ា ពេលដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧
កីឡាករ ឃីម ឌីម៉ា ពេលដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧
ដោយ:
​ការវិលត្រឡប់​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​គុន​ខ្មែរ​របស់​កីឡាករ ឃីម ឌី​ម៉ា កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់ ដ្បិត​របួស​របស់គេ ដែល​បាន​វះកាត់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩ ពុំទាន់​ជាសះស្បើយ​នៅឡើយ​ទេ​។ ទោះបី​បច្ចុប្បន្ន​របួស​គេ​នៅមាន​ការឈឺចាប់​ក៏ដោយ ឌី​ម៉ា បានចាប់ផ្តើម​ហ្វឹកហាត់​តិចៗ​វិញ​ហើយ​។

 
​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ កីឡាករ ឃីម ឌី​ម៉ា មិនទាន់​ប្រាកដ​១០០​ភាគរយ​ថា រូបគេ​អាច​ត្រឡប់​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​វិញ ឬ​យ៉ាងណា​នោះទេ​។ ព្រោះ​របួស​ដាច់​សរសៃ​ជង្គង់ និង​ប្រេះ​ឆ្អឹង​ស្មងជើង​របស់គេ ដែល​បាន​វះកាត់​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩  នៅមាន​អា​ការៈឈឺ​តិចៗ​នៅឡើយ​។ បច្ចុប្បន្ន ឌី​ម៉ា មិនទាន់​អាច​ចូល​ហ្វឹកហាត់​បាន​បាន​ដូចដើម​វិញ​នៅឡើយ​ទេ​។ 
 
 
​ការបន្ត ឬ​ផ្អាក​ដើរ​លើ​វិថី​កីឡា​គុន​ខ្មែរ​របស់​កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ គឺ​អាស្រ័យ​លើ​ស្ថានភាព​របួស​របស់គេ​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌​ពេល​យក​មេដាយមាស​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​មក​ប្រគល់ជូន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ដើម្បី​រក្សាទុក​ក្នុង​សាល​តម្កល់​ឯកសារ​កីឡា​កម្ពុជា កីឡាករ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​វា​អត់​ទាន់​ជា​១០០​ភាគរយ​ទេ ឥលូវ​នេះ​ខ្ញុំ​កំពុង​ចាប់ផ្តើម​ហ្វឹកហាត់​តិចៗ បើសិន​វា​បានល្អ​ដូចដើម​ខ្ញុំ​នឹង​ត្រឡប់មកវិញ តែបើ​វា​មិនអាច​ដូចដើម​ទេ ខ្ញុំ​ប្រហែល​ផ្អាក​ត្រឹមនឹង​»​។​
 
​សម្រាប់​កីឡាករ ឃឹម ឌី​ម៉ា មានតែ​ភាព​សោកស្តាយ​ប្រសិនបើ​រូបគេ​មិនអាច​បន្ត​ដើរ​វិថី​ប្រដាល់​គុន​ខ្មែរ ខណៈ​បច្ចុប្បន្ន​វិស័យនេះ​កំពុងមាន​ការរីកចម្រើន និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​។ គិត​តាំងពី​ពេល​វះកាត់​មកដល់​បច្ចុប្បន្ន របួស​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ស្របពេល​គ្រូពេទ្យ​អះអាង​ក្រោយ​ការវះកាត់​ថា របួស​គេ​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល​ចន្លោះ​ពី​៦​ទៅ​១​ឆ្នាំ​។ 
 
​គួររំលឹកថា កីឡាករ ឃីម ឌី​ម៉ា បាន​រងរបួស​ដាច់​ស​រ​សៃ​ពួរ​ក្បាលជង្គង់ និង​ប្រេះ​ឆ្អឹង​ស្មងជើង ដែល​ទាមទារ​វះកាត់​ជា​ចាំបាច់ បើ​ពុំ​នោះទេ​របួស​នេះ​នឹង​វិវឌ្ឍន៍​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​ឈានដល់​ពិការភាព​។ ក្រោយមក​លោក ហេង ប៊ុន​ឃីម ដែលជា​ឪពុក​បង្កើតបាន​នាំ​កីឡាករ ឃីម ឌី​ម៉ា ទៅ​វះកាត់​នៅ​ប្រទេស​ថៃ នា​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​។ មុន​សម្រេចចិត្ត​វះកាត់​នៅ​ថៃ ឌី​ម៉ា ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មក​វះកាត់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​សិក្សា​ពេទ្យ​មួយចំនួន​នៅ​វៀតណាម​៕
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឃុន ឌី​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com