ជាតិ
សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ទាក់ទង​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ ត្រូវបាន​សភា​អនុម័ត​
04, Jun 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​២ ទាក់ទង​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ ក្នុង​ប្រជុំ​ពេញអង្គ​លើក​ទី​៤ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ។


​សេចក្តីព្រាងច្បាប់​ចំនួន​២ ក្នុងចំណោម​៤​នោះ ដែល​សភា​បានអនុម័ត​នោះ រួមមាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ មហា​ប្រល័យ និង សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​។​
 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ មហា​ប្រល័យ​និង សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នឹង​ក្លាយជា​គតិយុត្ត​ថ្មី បន្ថែម​លើ​ចំនុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ស្របទៅតាម​ស្តង់ដារ​នៃ​សមាជិក​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តី​ការសម្អាត​ប្រាក់ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​កាលពី​ឆ្នាំ​២០០៤​។​
 
​សព្វថ្ងៃនេះ កម្ពុជា​កំពុងស្ថិត​នៅក្នុង​«​បញ្ជី​ប្រផេះ​» ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់​។ «​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​
 
​ដើម្បី​គេចចេញ​ពី​«​បញ្ជី​ប្រផេះ​» និង​«​បញ្ជីខ្មៅ​» របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់​នេះ កម្ពុជា​នៅសល់​ពេលវេលា​៤​ខែ​ទៀត សម្រាប់​រៀបចំ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​យកមកអនុវត្ត​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និងសេចក្តីសម្រេច​រប​ស់​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ នៃ​ករណី​សម្អាត​ប្រាក់​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ធ្លាប់បាន​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមការងារ​ហិរញ្ញវត្ថុ បានដាក់​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ​ម្ដងទៀត និង​បាន​តម្រូវឱ្យ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ជា​យុទ្ធសាស្ត្រ​នានា​តាម​កាលបរិច្ឆេទ​កំណត់ ដូចជា ត្រូវមាន​ក្របខណ្ឌ​គតិយុត្ត​ទាក់ទង​នឹង​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ ឱ្យបាន​មុន​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ឱ្យបាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ ជាដើម​»​។​
 
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ (Asia Pacific Group on Money Laundering /APG) បាន​រកឃើញថា កម្ពុជា​នៅ​ពុំទាន់​មាន​មូលដ្ឋាន​គតិយុត្ត និង​យន្តការ​អនុវត្ត​ច្បាប់​គ្រប់គ្រាន់ ទាក់ទង​នឹង​ការដាក់ទោស​លើ​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ពុំទាន់​ស្របតាម​បទដ្ឋាន​អន្តរជាតិ វិធានការ​បង្កក ឃាត់ទុក និង​រឹបអូស​ផល​នៃ​បទល្មើស​នៅឡើយ​។ ជាពិសេស​យុទ្ធសាស្ត្រ ឬ​វិធានការ​ខ្លះ មិនទាន់​ស្របតាម​គោលដៅ​បង្ក្រាប​«​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» នៃ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
 
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ បាន​ត្រួតពិនិត្យ​នឹង​រកឃើញ​ចំណុច​អវិជ្ជមាន​កម្ពុជា ចំនួន​២​លើក គឺ​នៅ​ឆ្នាំ​២០០៧ និង​២០១៦ មុននឹង​ឈានដល់​ការដាក់បញ្ចូល​កម្ពុជា ក្នុង​បញ្ជី​ប្រផេះ​៕

Tag:
 សម្អាត​ប្រាក់​
  លាងលុយកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com