អត្ថបទពាណិជ្ជកម្ម
ភី​អិន​អិន ក្រុង​ពាលី​រឿង​ថ្មី ពណ៌​ជីវិត បើក​បង្ហាញ​តួឯក​ស្រី​ថ្មី​លើកដំបូង​
04, Jun 2020 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថានីយទូរទស្សន៍ ភី​អិន​អិន រៀបចំ​ពិធី​ក្រុង​ពាលី​ភាពយន្ត​ភាគ​ថ្មី​របស់ខ្លួន​រឿង​«​ពណ៌​ជីវិត​» នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​សហការ​រៀបចំ​ផលិត​ពី​ផលិតកម្ម PR Production សម្រិតសម្រាំង​យកគុណ​ភាព​រឿង​ជា​ចម្បង​។​
 
​តាមរយៈ​ការផ្ដើមគំនិត​ចងក្រង​និពន្ធ និង​ផលិត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​នេះ​ឡើង គឺ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ភាពយន្ត សម្រាប់​អ្នកគាំទ្រ​ឲ្យ​កាន់តែ​សម្បូរបែប​។ ទស្សនិកជន​ប្រាកដជា​ភ្ញាក់ផ្អើល ជាមួយនឹង​វត្តមាន​តារា​សម្ដែង​ស្រី​ថ្មី សម្រាប់​រឿង​ភាគ​របស់ ភី​អិន​អិន គឺ​អ្នកនាង សិទ្ធី នី​កា​។​
 
​បើតាម​ការ​ឲ្យ​ដឹង​ពី​ផលិតករ តារា​សម្ដែង​ស្រី​ស្រស់​សោភា សិទ្ធី នី​កា ត្រូវបាន​ចាប់​តួ​សម្ដែង​ជាមួយ លោក វ៉ៃ ហាំង ដែលជា​តារា​ឈានមុខ​ប្រចាំ​ឲ្យ​ស្ថានីយទូរទស្សន៍​ភី អិន​អិន តែម្ដង​។ ខុសពី​ខ្សែភាពយន្ត​មុនៗ ដែល​ភាគច្រើន​គេ​សង្កេតឃើញ វ៉ៃ ហាំង ចាប់​ដៃគូ​សម្ដែង​ជាមួយ​កញ្ញា យូ​ប៊ី​ន លើក​នេះ​ទស្សនិកជន នឹង​ប្លែក​អារម្មណ៍ ដោយ​ផលិតករ​បា​នស​ម្រ​ច​ប្ដូរ​ដៃគូ​សម្ដែង របស់​តារា​ប្រុស​រូបនេះ​។ បន្ថែម​ពីនេះ​ទៀត រឿង «​ពណ៌​ជីវិត​» ក៏​ជា​សាច់រឿង​បង្ហាញ​ពី​តថភាព​នៃ​ការរស់នៅ ទំនាក់ទំនង​ការងារ ស្នេហា មនោសញ្ចេតនា ដែល​ញ៉ាំង​ឲ្យ​អ្នកទស្សនា​បាន​យល់​កាន់តែច្បាស់​ថា តើ​ជីវិត​ត្រូវ​បត់បែន​តាមរបៀប​ណា ហើយ​រឿងរ៉ាវ​អ្វីខ្លះ​ដែល​ខ្លួន​ត្រូវបាន​ជួបប្រទះ​។ តួយ៉ាង ដូចជា លោក វ៉ៃ ហាំង និង​អ្នកនាង សិទ្ធី នី​កា ដែលជា​តួអង្គ​ធំ​ក្នុង​រឿង ហើយ​ត្រូវ​ប្រឈមមុខ នឹង​ការទទួលខុសត្រូវ​ក្នុង​ជីវិត​ដ៏​ច្រើន ។​


 
​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភី​អិន​អិន បាន​លើកឡើងថា​៖«​ចំពោះ​ខ្សែភាពយន្ត​ភាគ​រឿង «​ពណ៌​ជីវិត​» ឆ្លុះបញ្ចាំង​គ្រប់​រសជាតិ​នៃ​ជីវិត និង​ការងារ ភាព​អាត្មានិយម ប្រើប្រាស់​មនោសញ្ចេតនា​មិត្តភាព ព្រមទាំង​បានបង្ហាញ​នូវ​គុណភាព​តម្លៃ និង​ភាព​ទទួលខុស​ត្រូវការ​ងារ​។ បន្ថែម​ពីនេះ​ទៀត ក្នុង​រឿងនេះ ទស្សនិកជន​នឹង​ឃើញ​នូវ​ការសម្ដែង​ចរិត​តួអង្គ​ថ្មី​របស់​តារា​សម្ដែង ខាត់ វ៉ៃ​ហាំង ដែល​កន្លងមក វ៉ៃ ហាំង គាត់​សម្ដែង​បែប​តួអង្គ​សុភាពបុរស តស៊ូ​ដើម្បី​ស្នេហា តែ​នៅក្នុង​រឿងនេះ គាត់​ត្រូវបាន​សម្ដែង​ជា​តួអង្គ​ក្បត់ចិត្ត​ភរិយា ទៅ​លបលួច​ស្រឡាញ់​មិត្តភក្តិ​តួឯក​ស្រី​វិញ​។ យើង​ជឿជាក់ថា រឿង «​ពណ៌​ជីវិត​» នឹង​នាំមក​នូវ​ទស្សនីយភាព​ថ្មី​ប្លែក​អារម្មណ៍ សម្រាប់​ទស្សនិកជន​»​។​
 
​ក្នុង​ពី​ធី​ក្រុង​ពាលី​នេះដែរ ក៏មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់​គ្រប់គ្រង របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ផលិតករ អ្នកដឹកនាំ​ភាពយន្ត និង​តារា​សម្ដែង​ល្បីៗ ទាំង​តារា​ជើងចាស់ និង​តារា​ដែល​ទើប​រះ មានដូចជា លោក ជា សំណាង លោក អ៊ុន សុទ្ធា លោក វ៉ៃ ហាំង អ្នកនាង សិទ្ធី នី​កា កញ្ញា Fah Fah លោក Summer កញ្ញា ប៉ុប ពី រួម​នឹង​សិល្បករ សិល្បការ​នី ជាច្រើនរូប​ទៀត ។​


 
​ភី​អិន​អី​ន រំពឹង និង​សង្ឃឹម​យ៉ាង​ជឿជាក់ថា ទស្សនិកជន នឹង​គាំទ្រ​រឿង​ភាគ​ខ្មែរ​មួយ​នេះ នៅពេល​ចាប់​ផ្សាយ នៅលើ​កញ្ចក់​ទូរ​ស្សន៍​ជា​ផ្លូវការ​។ ការគាំទ្រ​របស់​ទស្សនិកជន គឺជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ក្រុមការងារ ភី​អិន​អិន ក៏​ដូ​ជា​ផលិតកម្ម និង​តារាភាពយន្ត អាច​បន្ត​នាំយក និង​ផលិត​ភាពយន្ត​ភាគ​ថ្មីៗ បាន​កាន់​តែមាន​គុណភាព​ខ្ពស់​៕


























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com