ជាតិ
រដ្ឋសភា បន្ត​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​២​ទៀត
05, Jun 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា បន្ត​ប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ចំនួន​២​ទៀត នៅ​ព្រឹក​ថ្ងៃទី​៥ ឧសភា​នេះ​។​



​សេចក្តីព្រាងច្បាប់​ទាំង​២​នោះ រួមមាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ ។​
 
​ចំពោះ​សេចក្តីព្រាងច្បាប់​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ គឺ​វា​ជួយ​ដល់​កម្ពុជា និង​រដ្ឋ​បរទេស ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​នានា ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ព្រមទាំង​ការបង្ក​ក ការចាប់យក និង​ការ​រឹបអូស​ទ្រព្យ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​
 
​មិនតែប៉ុណ្ណោះ ច្បាប់​នេះ​ក៏មាន​វិសាលភាព​ក្នុង​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តល់​ដល់​រដ្ឋ​ធ្វើសំណើ និង​ទទួល​សំណើរ​ទាំងអស់ ទោះបីជា​រដ្ឋ​ទាំងនោះ មិនមាន​កិច្ចព្រមព្រៀង​ជាមួយនឹង​កម្ពុជា​ក៏ដោយ​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា​៖«​ច្បាប់​នេះ​មិនមាន​វិសាលភាព​អនុវត្ត​ចំពោះ​ការជួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដែល​ធ្វើឡើង​ស្របតាម​សន្ធិសញ្ញា ឬ​អនុសញ្ញា​ទេ្វ​ភាគី ឬ​ពហុភាគី ដែល​បានទទួល​សច្ចាប័ន​ពី​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​ច្បាប់​នេះ​ក៏​មិន​រារាំង​ដល់​ការធ្វើ​សំណើ ឬ​ទទួល​សំណើ​ទាក់ទង​នឹង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ឬ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជាមួយ​រដ្ឋ​បរទេស​ណាមួយ តាមរយៈ​មធ្យោបាយ​ស្របច្បាប់​ផ្សេង​ទៀតឡើយ​។​
 
​កម្ពុជា​បាន​ចុះសន្ធិសញ្ញា​ទ្វេភាគី និង​ពហុភាគី​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​សន្ធិសញ្ញា​ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន ការផ្ទេរ​ទណ្ឌិត និង​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​កន្លងមក​ដែរ​។ ក្នុងនោះ​កម្ពុជា​បាន​ចុះសន្ធិសញ្ញា​ពហុភាគី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​គឺ «​សន្ធិសញ្ញា​អាស៊ាន​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​» ព្រមទាំង​សន្ធិសញ្ញា​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ចំនួន​០៤​រួមមាន​៖ សាធារណរដ្ឋ​កូរ៉េ​, សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​, សាធារណរដ្ឋ​ឥណ្ឌា និង​សហព័ន្ធ​រុស្សី ដែល​ក្នុងនោះ​សន្ធិសញ្ញា​ខ្លះ ត្រូវ​បានផ្តល់​សច្ចាប័ន​រួចហើយ និង​សន្ធិសញ្ញា​មួយចំនួនទៀត​កំពុង​ស្ថិតក្នុង​នីតិវិធី ដើម្បី​ស្នើសុំ​ការអនុម័ត​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន​។​
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​កន្លងមក​ថា​៖«​ទោះបីជា​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដល់​ប្រទេស​ជាច្រើន​រួមទាំង​ប្រទេស​ដែលមាន​សន្ធិសញ្ញា​ជាមួយ​កម្ពុជា និង​ទាំង​ប្រទេស​ដែល​ពុំមាន​សន្ធិសញ្ញា​ជាមួយ​កម្ពុជា នាពេល​កន្លងមក​ក៏ពិតមែន ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា ពុំទាន់​មានច្បាប់​ផ្ទៃក្នុង​មួយ​ច្បាស់លាស់ ដើម្បី​ធានា​ដល់​ការអនុវត្ត​សំណើសុំ​ជំនួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នៅឡើយ​ទេ​»​។ 
 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នេះ គឺជា​ការចាំបាច់​ដែល​មិន​ត្រឹមតែ​បង្កើតឱ្យមាន​នីតិវិធី​ផ្ទៃក្នុង​មួយ​ច្បាស់លាស់​បំពេញបន្ថែម​ឱ្យ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ធានា​ដល់​ការអនុវត្ត​សន្ធិសញ្ញា​នានា ។ ជាពិសេស​បង្កើតឱ្យមាន​មូលដ្ឋាន​គតិយុត្ត​មួយ ដែល​បម្រើ​ដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ជាមួយនឹង​ប្រទេស​ជា​មិត្ត ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​អធិបតេយ្យ និង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ទៀតផង​៕

Tag:
 ច្បាប់ព្រហ្មទណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com