ជាតិ
សង្គមជាតិ
អគ្គ​ស្នងការរង​នគរបាលជាតិ ៖ អ្នក​ក្លែងបន្លំ​ស្លាក​លេខ «​នគរបាល » នឹង​ជាប់ពន្ធនាគារ​
04, Jun 2020 , 4:07 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច កំពុង​តាម​ស្វែងរក​ម្ចាស់​រថយន្ត​ទំនើប ម៉ាក Rolls-Royce និង Mercedes ដែល​បំពាក់​ស្លាក់​លេខ «​នគរបាល​2-7715»  ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​។ ប្រតិបត្តិ​ការស្វែងរក​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​លើ​ស្លាក​លេខ​នគរបាល បំពាក់​លើ​រថយន្ត​ទំនើប​នេះ​។



​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា រូបភាព​រថយន្ត​បំពាក់​ស្លាក​លេខ​នគរបាល ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​នោះ គឺ​ស្លាក​លេខ​ក្លែងក្លាយ​។ លោក គឹម​ខឿន បាន​អះអាងថា សមត្ថ​កិ​ច​កំពុង​ស្វែងរក​រថយន្ត​នោះ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​។ បើតាម​លោក គឹម​ខឿន អ្នក​ដែល​ក្លែងបន្លំ​ស្លាក​លេខ​នេះ នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ​។​
 


ឡានប្រើស្លាកលេខក្លែងក្លាយ (រូបភាពពីទំព័រហ្វេសប៊ុករបស់ ការពិត GCNP)

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី នៅ​រសៀល​ថ្ងៃទី​៤ មិថុនា​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា​៖ «​ឥឡូវ​ក្រុមការងារ​កំពុង​តាមរក​រថយន្ត​នេះ ដើម្បី​ចាត់វិធានការ​ឃាត់​រថ​យន្ត​។ និយាយ​ឲ្យ​ខ្លី ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​គឺ ជាប់គុក​ហើយ​»​។  
 
​កន្លងមក​អង្គភាព​នៃ​អគ្គស្នងការ មិន​ធ្លាប់​បំពាក់​ស្លាក​លេខ​ឲ្យ​រថយន្ត​ប្រភេទ​ទំនើប​បែបនេះ​ឡើយ​។ បើ​ពលរដ្ឋ​ប្រទេះ ឃើញ​ត្រូវ​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម​(​ទូរ​សព្ទ​ទៅ​លេខ 117 ) ដើម្បី​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​។ នេះ​បើតាម​ការអះអាង​របស់ លោក ឆាយ គឹម​ខឿន​៕
 

Tag:
 សង្គម​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com