សង្គមអន្តរជាតិ​
អន្តរជាតិ
អូស្ត្រាលី​-​ឥណ្ឌា ចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់​មូលដ្ឋាន​យោធា​គ្នា​ទៅវិញទៅមក​
04, Jun 2020 , 8:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី នាជំនួបអនឡាញជាមួយសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន។ រូបភាព ANI
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី នាជំនួបអនឡាញជាមួយសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន។ រូបភាព ANI
​អូស្ត្រាលី និង​ឥណ្ឌា នៅ​ថ្ងៃទី​៤ ខែមិថុនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ទៅវិញទៅមក​។ កិច្ចព្រមព្រៀង​នេះ នឹង​បើកផ្លូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​គ្នា និង​ការធ្វើ​សមយុទ្ធ​កាន់តែច្រើន​ក្នុង​វិស័យ​យោធា​រវាង​មហាអំណាច​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ប្រទេស​ទាំងពីរ ក៏​ឯកភាពគ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ផងដែរ​។​

 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាន​ជួបចរចា​ជាមួយ​សម​ភាគី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​៤ ខែមិថុនា លើ​ប្រធានបទ​ជាច្រើន​ចាប់ពី​ពាណិជ្ជកម្ម ការពារជាតិ រហូតដល់​កិច្ចសហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ នា​ជំនួប​នេះ ប្រទេស​ទាំងពីរ​បាន​ឯកភាព​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ​របស់​មហា​អំណាច​ទាំងពីរ​នេះ​។​
 
​ក្នុង​កិច្ចព្រមព្រៀង​លើ​វិស័យ​ការពារជាតិ ប្រទេស​ទាំងពីរ នឹង​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ទៅវិញទៅមក​ទាំង​មូលដ្ឋាន​លើគោក និង​មូលដ្ឋាន​សមុទ្រ ខណៈ​ការដោះដូរ​ទំនាក់ទំនង​ផ្នែក​យោធា និង​ការធ្វើ​លំ​ហាត់​សមយុទ្ធ ក៏​នឹងត្រូវ​បង្កើន​ផងដែរ​។ លើសពីនោះ អូស្ត្រាលី និង​ឥណ្ឌា ក៏​លើក​កម្រិត​កិច្ចប្រជុំ​វិស័យ​ការទូត និង​ការពារជាតិ​ដែល​កន្លងមក​ចូលរួម​ដោយ​មន្ត្រី​ថ្នាក់​លេខាធិការ​ឲ្យ​ឡើង​ទៅជា​កម្រិត​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​។​
 
​លោក ម៉ូ​រី​សុន និយាយ​ក្នុងពេល​បើក​កិច្ចប្រជុំ​ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ ដែល​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី នឹង​បន្ត​ការកសាង​ទំនុកចិត្ត ព្រោះ​ភាគី​ទាំងពីរ​ចង់បាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​ផ្អែកលើ​ការទុកចិត្ត​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Bloomberg ។​
 
​ដោយឡែក​លោក ម៉ូ​ឌី វិញ បាន​កត់សម្គាល់ថា ឥណ្ឌា និង​អូស្ត្រាលី​មានការ​ទទួលខុសត្រូវ​ធំធេង​ក្នុងការ​លើកកម្ពស់​គុណ​តម្លៃ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​ស្ថាប័ន​អន្តរជាតិ​។ លោក​បញ្ជាក់ថា​៖ «​ក្នុងសម័យ​ជំងឺឆ្លង​នេះ ភាពជា​ដៃគូ​ដើរតួនាទី​សំខាន់បំផុត​។​» 
 
​អូស្ត្រាលី និង​ឥណ្ឌា ត្រូវបាន​មើលឃើញថា កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​គ្នា​ក្នុង​កាលៈទេសៈ​ដែល​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន​ក្នុង​តំបន់​កាន់តែ​តានតឹង​ខ្លាំង​។ នៅពេល​ឥណ្ឌា​កំពុង​មិនសូវ​ត្រូវ​គ្នា​ជាមួយ​ចិន​រឿង​ព្រំដែន អូស្ត្រាលី​ក៏មាន​បញ្ហា​ជាមួយ​ចិន​រឿង​ជំងឺ COVID-19 ដែល​ធ្វើ​ឲ្យ​ការនាំចេញ​របស់​អូស្ត្រាលី​ជួប​រឿង​ប្រឈម​ដែរ​៕

Tag:
 ឥណ្ឌា​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com