ប៉ូលិសស្បែកស ដែលសង្កត់កជនជាតិស្បែកខ្មៅ លោក George Floyd រហូតដល់ស្លាប់ រងការចោទប្រកាន់បន្ថែមទៀត ខណៈប៉ូលិសចំនួន ៣នាក់ផ្សេងទៀត ត្រូវជាប់ចោទពីបទផ្តល់ជំនួយ និងលើកទឹកចិត្ត ឲ្យប្រព្រឹត្តអំពើឃាតកម្ម។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមីនីសូតា លោក Keith Ellison នៅថ្ងៃទី៣ ខែមិថុនា ។
ប៉ូលិស Derek Chauvin ដែលត្រូវបានគេសន្មត់ថា សម្លាប់ជនជាតិស្បែកខ្មៅ George Floyd បានរងការចោទប្រកាន់ម្តងហើយ កាលពីថ្ងៃទី២៩ ខែឧសភា ពីបទឃាតកម្មកម្រិតបី។ ប៉ុន្តែយ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ មិនបានបន្ធូរបន្ថយកំហឹងរបស់ក្រុមបាតុករឡើយ។
ដោយសារតែមានមនុស្សមួយចំនួន មិនសុខចិត្តពីបញ្ហានេះ រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋមីនីសូតា បានស្វែងរកភស្តុតាង ដាក់បន្ទុក និងចោទប្រកាន់បន្ថែមទៀត។ បទចោទថ្មី គឺជាឃាតកម្មកម្រិតពីរ។ ក្នុងបទឃាតកម្មកម្រិតពីរនេះ ជនជាប់ចោទ អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៤០ឆ្នាំ ពោលគឺមានរយៈពេលវែងជាង១៥ឆ្នាំ បើធៀបនឹងបទឃាតកម្មកម្រិត៣។
លោក Keith Ellison រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋមីនីសូតា បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំជឿថាព័ស្តុតាងដែលមានសម្រាប់យើងក្នុងពេលនេះ គឺជួយដាក់បន្ទុកលើបទចោទឃាតកម្មកម្រិតពីរ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ចំណែកប៉ូលិសចំនួន ៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងករណីស្លាប់របស់ លោក Floyd ដែរនោះ ក៏ត្រូវគេចោទប្រកាន់ផងដែរ។ លោក Tou Thao, លោក Alexander Kueng និងលោក Thomas Lane ត្រូវរងការចោទប្រកាន់ពីបទផ្តល់ជំនួយ និងលើកទឹកចិត្តឲ្យប្រព្រឹត្តឃាតកម្មកម្រិតពីរ។
ទាក់ទិននឹងបទចោទប្រកាន់ថ្មីនេះ ក្រុមគ្រួសាររបស់លោក Floyd បានលើកឡើងថា គឺជារឿងដ៏ល្អមួយ ព្រោះវាគឺជាជំហានដ៏សំខាន់ ក្នុងការស្វែងរកយុត្តិធម៌សម្រាប់លោក Floyd ។
បទឃាតកម្ម ត្រូវបានគេបែងចែកជា ៣កម្រិតនៅអាមេរិក។ ឃាតកម្មកម្រិតមួយ គឺជាបទឧក្រិដ្ឋដែលមានពាក់ព័ន្ធការគិតទុកជាមុន មានគម្រោងច្បាស់លាស់ និងជាបទឧក្រិដ្ឋដែលមានកម្រិតធ្ងន់។ ចំណែកឃាតកម្មកម្រិតពីរ គឺជាបទឃាតកម្ម សម្លាប់នរណាម្នាក់ដោយមិនមានគម្រោងគិតទុកជាមុន និងមិនមានការរៀបចំទុកជាមុន។ ចុងក្រោយឃាតកម្មកម្រិតបី គឺរួមបញ្ជូលនឹងសម្មភាពមួយចំនួន ដែលអ្នកប្រព្រឹត្តមានបំណងធ្វើឲ្យអ្នកដទៃរងរបួស និងខ្ជីខ្ជាលើសកម្មភាពណាមួយ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ជិវិតមនុស្ស។
សូមបញ្ជាក់ថា លោកFloyd ត្រូវបានទទួលមរណភាព បន្ទាប់ពីលោក Chauvin បានច្រត់ជង្គង់របស់ខ្លួនលើករយៈពេលជិត៩នាទី ដើម្បីវាយខ្នោះចាប់បញ្ចូលរថយន្ត។ ការស្លាប់របស់ Floyd គឺប្រៀបបាន នឹងការដាស់ដំបៅចាស់របស់អាមេរិកឲ្យរើឡើងវិញដែរ។ ប្រជាជនអាមេរិកជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទាររកយុត្តិធម៌ជូន Floyd និងទាមទារឲ្យប្រជាជនអាមេរិកស្បែកសទាំងអស់ បញ្ឈប់ការរើសអើងពូជសាសន៍។
បាតុកម្មនៅកន្លែងមួយចំនួន បានឈានដល់កុបកម្ម និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ បញ្ហានេះ បានធ្វើឲ្យប្រធានាធិបតីអាមេរិក លោកដូ ណាល់ ត្រាំ ព្រមានប្រើយោធា ដើម្បីបង្ក្រាបក្រុមបាតុករផងដែរ៕