សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប៉ូលិស​សង្កត់ក George Floyd រង​ការ​ចោទ​បន្ថែម ខណៈ​បីនាក់​ទៀត​ទើបត្រូវ​ចោទប្រកាន់​
04, Jun 2020 , 4:32 pm        
រូបភាព
រូបភាព៖ MPR News
រូបភាព៖ MPR News
ប៉ូលិស​ស្បែ​កស ដែល​សង្កត់ក​ជនជាតិ​ស្បែក​ខ្មៅ លោក George Floyd រហូតដល់​ស្លាប់ រង​ការចោទប្រកាន់​បន្ថែមទៀត ខណៈ​ប៉ូលិស​ចំនួន ៣​នាក់​ផ្សេងទៀត ត្រូវ​ជាប់ចោទ​ពីបទ​ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ ឲ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​មី​នី​សូ​តា លោក Keith Ellison នៅ​ថ្ងៃទី​៣ ខែមិថុនា ។

 
​ប៉ូលិស Derek Chauvin ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ George Floyd បាន​រង​ការចោទប្រកាន់​ម្តង​ហើយ កាលពី​ថ្ងៃទី​២៩ ខែឧសភា ពីបទ​ឃាតកម្ម​កម្រិត​បី​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការចោទប្រកាន់​នេះ មិនបាន​បន្ធូរបន្ថយ​កំហឹង​របស់​ក្រុមបាតុករ​ឡើយ​។ 
 
​ដោយសារ​តែមាន​មនុស្ស​មួយចំនួន មិន​សុខចិត្ត​ពី​បញ្ហា​នេះ រដ្ឋមន្ត្រី​យុត្តិធម៌​ប្រចាំ​រដ្ឋ​មី​នី​សូ​តា បាន​ស្វែងរក​ភស្តុតាង ដាក់បន្ទុក និង​ចោទប្រកាន់​បន្ថែមទៀត​។ បទ​ចោទ​ថ្មី គឺជា​ឃាតកម្ម​កម្រិត​ពីរ​។ ក្នុង​បទ​ឃាតកម្ម​កម្រិត​ពីរ​នេះ ជនជាប់ចោទ អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ​រហូតដល់ ៤០​ឆ្នាំ ពោល​គឺមាន​រយៈពេល​វែង​ជាង​១៥​ឆ្នាំ បើ​ធៀប​នឹង​បទ​ឃាតកម្ម​កម្រិត​៣​។ 
 
​លោក Keith Ellison រដ្ឋមន្ត្រី​យុត្តិធម៌​ប្រចាំ​រដ្ឋ​មី​នី​សូ​តា បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ជឿថា​ព័ស្តុតាង​ដែលមាន​សម្រាប់​យើង​ក្នុង​ពេលនេះ គឺ​ជួយ​ដាក់បន្ទុក​លើ​បទ​ចោទ​ឃាតកម្ម​កម្រិត​ពីរ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ចំណែក​ប៉ូលិស​ចំនួន ៣​នាក់​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់ លោក Floyd ដែរនោះ ក៏​ត្រូវគេ​ចោទប្រកាន់​ផងដែរ​។ លោក Tou Thao, លោក Alexander Kueng និង​លោក Thomas Lane ត្រូវ​រង​ការចោទប្រកាន់​ពីបទ​ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ឲ្យ​ប្រព្រឹត្ត​ឃាតកម្ម​កម្រិត​ពីរ​។ 
 
​ទាក់ទិន​នឹង​បទចោទប្រកាន់​ថ្មី​នេះ ក្រុមគ្រួសារ​របស់លោក Floyd បាន​លើកឡើងថា គឺជា​រឿង​ដ៏​ល្អ​មួយ ព្រោះ​វា​គឺជា​ជំហាន​ដ៏​សំខាន់ ក្នុងការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក Floyd ។ 
 
​បទ​ឃាតកម្ម ត្រូវបាន​គេ​បែង​ចែកជា ៣​កម្រិត​នៅ​អាមេរិក​។ ឃាតកម្ម​កម្រិត​មួយ គឺជា​បទឧក្រិដ្ឋ​ដែលមាន​ពាក់ព័ន្ធ​ការគិត​ទុកជាមុន មាន​គម្រោង​ច្បាស់លាស់ និង​ជា​បទឧក្រិដ្ឋ​ដែលមាន​កម្រិតធ្ងន់​។ ចំណែក​ឃាតកម្ម​កម្រិត​ពីរ គឺជា​បទ​ឃាតកម្ម សម្លាប់​នរណាម្នាក់​ដោយ​មិនមាន​គម្រោង​គិតទុក​ជាមុន និង​មិនមាន​ការរៀបចំ​ទុកជាមុន​។ ចុងក្រោយ​ឃាតកម្ម​កម្រិត​បី គឺ​រួម​ប​ញ្ជូ​ល​នឹង​សម្មភាព​មួយចំនួន ដែល​អ្នកប្រព្រឹត្ត​មានបំណង​ធ្វើ​ឲ្យ​អ្នកដទៃ​រងរបួស និង​ខ្ជីខ្ជា​លើ​សកម្មភាព​ណាមួយ ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជិវិត​មនុស្ស​។ 
 
​សូមបញ្ជាក់ថា លោក​Floyd ត្រូវបាន​ទទួលមរណភាព បន្ទាប់ពី​លោក Chauvin បាន​ច្រត់​ជង្គង់​របស់ខ្លួន​លើក​រយៈពេល​ជិត​៩​នាទី ដើម្បី​វាយខ្នោះ​ចាប់​បញ្ចូល​រថយន្ត​។ ការស្លាប់​របស់ Floyd គឺ​ប្រៀបបាន នឹង​ការ​ដាស់​ដំបៅ​ចាស់​របស់​អាមេរិក​ឲ្យ​រើ​ឡើងវិញ​ដែរ​។ ប្រជាជន​អាមេរិក​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន Floyd និង​ទាមទារ​ឲ្យ​ប្រជាជន​អាមេរិក​ស្បែក​ស​ទាំងអស់ បញ្ឈប់​ការរើសអើង​ពូជសាសន៍​។ 
 
​បាតុកម្ម​នៅ​កន្លែង​មួយចំនួន បាន​ឈានដល់​កុបកម្ម និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក​ដូ ណា​ល់ ត្រាំ ព្រមាន​ប្រើ​យោធា ដើម្បី​បង្ក្រាប​ក្រុមបាតុករ​ផងដែរ​៕ 

Tag:
 អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com