ជាតិ
សង្គមជាតិ
ការស្ទង់មតិ​៖ សិស្ស​ដល់​ទៅ​៧៨​ភាគរយ បន្ត​រៀន​តាម​ផ្ទះ តែ​មិនសូវ​ដិតដល់​
05, Jun 2020 , 8:29 am        
រូបភាព
ក្មេងៗ អង្គុយរៀននៅផ្ទះ តាមកម្មវិធីសិក្សាពីចម្ងាយ (រូបពីក្រសួងព័ត៌មាន)
ក្មេងៗ អង្គុយរៀននៅផ្ទះ តាមកម្មវិធីសិក្សាពីចម្ងាយ (រូបពីក្រសួងព័ត៌មាន)
ដោយ:
​ភ្នំពេញ​៖ អង្គការ​៦​នៅ​កម្ពុជា រួមមាន Save the Children, Child World, Plan international Cambodia, Terre des Hommes, អង្គការ​ភូមិ​កុមារ (SOS) និង អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ដែល​ធ្វើ​ការងារ​ផ្តោត​សំខាន់​លើ​ផ្នែក​អប់រំ​និង​សិទ្ធិ​កុមារ បាន​សហការគ្នា ស្ទង់​មតិ​សិស្ស​អំពី​ការសិក្សា​របស់​ពួកគេ តាម​កម្មវិធី​អំពី​សិក្សា​ពី​ចម្ងាយ​និង​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និ​ច ក្នុងអំឡុង​សាលា​បិទទ្វារ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​១៩​។

 
​ក្រោយ​ស្ទង់​មតិ អង្គការ​ទាំង​៦ បានចេញ​របាយការណ៍​វាយតម្លៃ​រួមគ្នា​ថា សិស្ស​ដល់​ទៅ​៧៨​ភាគរយ មាន​ពេល​សិក្សា​តាម​អន​ឡាញ និង​ស្វ័យ​សិក្សា​នៅផ្ទះ តែ​មិនសូវ​បាន​ពេញលេញ​ឬ​ជាប់លាប់​នោះទេ ដោយ​ពួកគេ សិក្សា​បាន​តិចជាង​១០​ម៉ោង ក្នុង​១​សប្តាហ៍​។ បើ​ប្រៀបធៀប​ការរៀន​ផ្ទាល់​នៅ​សាលា ពួកគេ ត្រូវ​សិក្សា​២០​ម៉ោង​ក្នុង​១​សប្តាហ៍​។​
 
​លោក ហ៊ុយ ឃី ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​នៃ​អង្គការ Save the Children ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា បើ​បែងចែក​ទៅតាម​កម្រិតសិក្សា ក្នុងចំណោម​សិស្ស​៧៨​ភាគរយ ដែល​បាន​បន្ត​ការសិក្សា​នៅផ្ទះ មាន​៥៣​ភាគរយ ជា​សិស្ស​នៅ​កម្រិត​វិទ្យាល័យ ៣២​ភាគរយ ជា​សិស្ស​នៅ​កម្រិត​អនុវិទ្យាល័យ និង ១៤​ភាគរយ ជា​សិស្ស​នៅ​កម្រិត​បឋមសិក្សា​។​
 
​លោក ផ្តល់ព័ត៌មាន​ថា ការស្ទង់មតិ​នេះ គឺធ្វើឡើង​តាម​ទូរស័ព្ទ ដោយ​ក្រុមការងារ​មួយ គឺ​បណ្តាញ​កុមារ​និង​យុវជន​។ លោក បន្តថា មាន​សិស្ស​២៣៩​នាក់ អាយុ​ចន្លោះ​ពី​១០​ឆ្នាំទៅ​១៧​ឆ្នាំ ក្នុង​ខេត្ត​១៥ និង​ក្នុង​ភ្នំពេញ បាន​ចូលរួម​ផ្តល់​បទ​សម្ភាស​។ 
 
​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​នៃ​អង្គការ Save the Children បញ្ជាក់​ដូច្នេះ​ថា​៖«​តាម​ការសម្ភាស សិស្ស​៧៨​ភាគរយ បាន​បន្ត​ការសិក្សា​ខ្លះៗ នៅផ្ទះ ខណៈដែល​សាលារៀន​បាន​បិទ​»​។ 
 
​លោក បង្ហាញ​តួលេខ​លម្អិត​ថា ក្នុងចំណោម​សិស្ស​៧៨​ភាគរយ​នោះ ៣៨​ភាគរយ អាយុ​១៧​ឆ្នាំ ២០​ភាគរយ អាយុ​១៦​ឆ្នាំ ១៤​ភាគរយ អាយុ​១៥​ឆ្នាំ ១១​ភាគរយ អាយុ​១៤​ឆ្នាំ ៨​ភាគរយ អាយុ​១៣​ឆ្នាំ និង ៦​ភាគរយ អាយុ​១២​ឆ្នាំ​។ 
 
​រយៈពេល​២​ខែ​កន្លះ​ហើយ ដែល​សាលា​នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវ​បិទទ្វារ ដោយ​ក្រសួង​អប់រំ ចង់​បើក​វិញ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​បើកប​វេស​នា​ការ​សម្រាប់​ឆ្នាំ​ថ្មី​។ ការមិន​ទាន់​អាច​បើក​សាលា​ឡើងវិញ នាពេលនេះ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​។ អង្គការ​ទាំង​៦ អះអាងថា សិស្ស​ពី​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ជាង​៣​លាន​នាក់ មិនបាន​ទៅ​រៀន​នៅ​សាលា​។ 
  
​របាយការណ៍​របស់​អង្គការ​ខាងលើ បង្ហាញថា ការ​កង្វះខាត​ថវិកា សម្រាប់​បង់ថ្លៃ​អ៊ីនធឺណិត ការមិន​ទាក់ទង​ទៅ​គ្រូ និង បញ្ហា​អ៊ីនធឺណិត​ដើរ​យឺត ជា​កត្តា​ដែល​នាំ​ឲ្យ​សិស្ស​មិនបាន​រៀន​ឲ្យ​បាន​ដិតដល់​ក្នុងអំឡុងពេល​សាលា​បិទទ្វារ​។ មើល​តាម​របាយការណ៍​នេះ កុមារ​២​ភាគ​៣ មានការ​ព្រួយបារម្ភ​ថា បើ​ពួកគេ នៅតែ​បន្ត​ការសិក្សា​តាម​ផ្ទះ​ទៀត នឹងធ្វើ​ឲ្យ​ពួកគេ​បោះបង់​ការសិក្សា​ជា​បន្តបន្ទាប់ និង​អាច​ប៉ះពាល់​ដល់​អនាគត​រប​ស់​ពួកគេ​។  
 
​ក្នុង​របាយការណ៍ សរសេរថា កុមារ និង​យុវជន​ប្រមាណ​៨៤​ភាគរយ បាន​ចំណាយពេល​ច្រើន ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ក្នុងនោះ មាន​កុមារ​១៥​ភាគរយ បាន​ទាក់ទង​ទៅ​មនុស្ស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ក្នុង​បណ្តាញ​សង្គម និង​មាន​កុមារ​២​ភាគរយ ត្រូវបាន​គេ​បញ្ជា​ឲ្យ​ចែកចាយ​រូបភាព ឬ​វីដេអូ ឬ​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​នៅមុខ​កាមេរ៉ា​។ 
 
​លើសពីនេះ ការបិទ​សាលា​ក្នុង​រយៈពេល​កន្លងមក បាន​នាំ​ឲ្យ​ក្មេងស្រី​មួយចំនួន មិនបាន​សិក្សា​ឲ្យ​បាន​ទៀងទាត់ ដោយ​ពួកគេ​យក​ពេលវេលា ទៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ​វិញ​។ នេះ​បើ​ផ្នែក​លើ​របាយការណ៍​ដដែល  ដោយ​បន្ថែមថា ក្មេងស្រី ដែល​ងាក​ទៅធ្វើ​ការងារ​ផ្សេងៗ ក៏​ជាហេតុ​នាំ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រួសារ​បង្ខំ​ឲ្យ​រៀបការ មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង  រង​អំពើហិង្សា​នៅក្នុង​គ្រួសារ និង អំពើហិង្សា​ផ្លូវភេទ​។ ទន្ទឹមនេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ កុមារ និង​យុវវ័យ​៣៦​ភាគរយ​បាន​ប្រឈម​នឹង​ការងារ​ពលកម្ម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ 
 
​ការស្ទង់មតិ​ខាងលើ ធ្វើ​ឲ្យ​គេ​ដឹង​ទៀតថា ក្រោយពេល​សាលា​បិទទ្វារ ឪពុកម្តាយ​៧៤​ភាគរយ មានចំណេះដឹង​តិចតួច​ដើម្បី​បង្រៀន​កូន ក្នុងនោះ​មាន​ឪពុកម្តាយ​ប្រមាណ​៦០​ភាគរយ ដែល​បាន​ចំណាយពេល និង​យកចិត្តទុកដាក់​លើ​ការណែនាំ​កូន​រៀន​នៅផ្ទះ  ហើយ​មានតែ​ឪពុកម្តាយ​៣០​ភាគរយ មិនបាន​បង្រៀន​កូន​ទាល់តែសោះ​។  
 
​របាយការណ៍​ប្រចាំខែ​របស់​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម និង​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា កុមារ​៣២​ភាគរយ​ដែលមាន​អាយុ​៥​ឆ្នាំ មាន​អត្រា​កង្វះ​អាហារូបត្ថម្ភ និង​មាន​កុមារ​១០​ភាគរយ​មិនមាន​ទម្ងន់​គ្រប់គ្រាន់​ដូចនឹង​កុមារ​ដទៃទៀត​។ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ព្យាករ​ថា បើ​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​នៅតែ​អូសបន្លាយ​ទៀត អត្រា​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ទំនងជា​កើតមាន​ខ្ពស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វឌ្ឍនភាព និង​គំរាមកំហែង​ដល់​ការ​អភិ​វ​ឌ្ឃ​រាងកាយ និង​បញ្ញា​របស់​កុមារ​កម្ពុជា​រាប់សែន​នាក់​ទៀត​៕ 
 

Tag:
 អប់រំ​
  សិក្សា​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com