អន្តរជាតិ
ទោះ​មាន​វ័យ​៩៤​ឆ្នាំ​ហើយ លោក មហា​ធៀ ថា នៅ​ចង់​បន្ត​បម្រើ​ប្រទេសជាតិ​
04, Jun 2020 , 9:39 pm        
រូបភាព
front-លោកអតីតនាយករដ្ឋមន្ត្រូីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
front-លោកអតីតនាយករដ្ឋមន្ត្រូីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
ដោយ:
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បង្ហាញ​អារម្មណ៍​ថា លោក​សប្បាយចិត្ត​ខ្លាំង​ដែល​នៅមាន​ជីវិត​រហូតដល់​អាយុ ៩៤​ឆ្នាំ ដែលជា​ក្ដី​សុខ​មួយ ហើយ​នៅមាន​បំណង​ចូលរួម​បម្រើ​ប្រទេសជាតិ​លោក​។ បន្ថែម​ពីនេះ លោក​បណ្ឌិត​ក៏​និយាយ​ដល់​ក្តី​សុខ​ក្នុង​ជីវិត​លោក​មួយទៀត ហើយ​នោះ​គឺ​ការ​រៀបការ​ជាមួយ​ភរិយា​លោក​។​

 
 
​ក្នុង​កិច្ច​សម្ភាស​ផ្សាយ​ផ្ទាល់​មួយ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៣ ខែមិថុនា អតីត​ប្រមុខ​រដ្ឋាភិបាល​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​រូបនេះ បញ្ជាក់ថា លោក​ធ្លាប់តែ​រំពឹង​រស់នៅ​រហូតដល់​អាយុ​៧៥​ឆ្នាំ​ប៉ុណ្ណោះ​។ ត្រង់ចំណុច​នេះ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​រស់នៅ​លើស​អាយុ​ដែល​ខ្ញុំ​រំពឹងទុក​។ ខ្ញុំ​ធ្លាប់​គិតថា អាយុ ៧៥​ឆ្នាំ គួរតែ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​អាយុ ៩៤​ឆ្នាំ ។ នេះ​គឺជា​អំណោយ​បន្ថែម​»​។ លោក មហា​ធៀ សង្កត់ធ្ងន់ថា ដោយសារ​នៅមាន​ជី​វីត​បែបនេះ លោក​គិតថា លោក​គួរប្រើ​ប្រាស់​ជីវិត​នេះ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​បម្រើ​ប្រទេសជាតិ​លោក​។ 
 
​ម្យ៉ាងទៀត លោក មហា​ធៀ ដែល​នឹង​ឈានចូល​វ័យ​៩៥​ឆ្នាំ​នា​ខែក្រោយ​ខាងមុខនេះ ក៏បាន​លើកឡើង​ពី​រឿង​សំខាន់​មួយទៀត​ដែល​ផ្ដល់​ពន្លឺ​ស្រស់ថ្លា​ដល់​ជីវិត​លោក​។ ហើយ​នោះ​គឺជា​ចំណងដៃ​អាពាហ៍ពិពាហ៍​៦៤​ជាមួយ​ភរិយា​វ័យ​៩៤​ឆ្នាំ គឺ​លោកស្រី​បណ្ឌិត Siti Hasmah Mohamed Ali ។ គូ​ស្វាមីភរិយា​មួយគូ​នេះ​បាន​រៀបការ​ក្នុង​ខែសីហា ឆ្នាំ​១៩៥៥​។ «​ខ្ញុំ​រួមរស់​ជាមួយ​ភរិយា​ខ្ញុំ​ជាង​៦០​ឆ្នាំ​ហើយ​។ ខ្ញុំ​ឃើញ​ប្ដី​ប្រពន្ធ​ជាច្រើន​ចាប់ផ្ដើម​ធុញទ្រាន់​គ្នា​»​។ លោក មហា​ធៀ និយាយ​បែបនេះ មុនពេល​ឈប់​មួយ​ភ្លែត ហើយ​ផ្ដើម​ញញឹម​។​
​គូស្នេហ៍​ស្រលាញ់គ្នា​ដល់​វ័យចាស់​កោង​ខ្នង​មួយគូ​នេះ បាន​ជួបគ្នា​ក្នុង​ឆ្នាំ​១៩៤៧ ដោយ​កាលនោះ​អ្នក​ទាំងពីរ​គឺជា​និស្សិត​ក្នុង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ King Edward ក្នុងប្រទេស​សិង្ហ​បុរី​។ បើ​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រូបថត​លោក​បង្ហោះ​ផ្ទាល់ ប្តី​ប្រពន្ធ​មួយគូ​នេះ តែង​បង្ហាញ​ភាពស្និទ្ធស្នាល និង​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ខ្លាំង​។​


 
​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ អះអាង​ទៀតថា លោក​បន្ត​រក្សា​ភាព​សកម្ម​ខ្លាំង​ទោះ​នៅ​វ័យ​ចំណាស់​បែបនេះ ព្រោះថា​វា​ជួយ​ឲ្យ​លោក​រក្សា​ភាព​វិជ្ជមាន និង​សម្រួច​ផ្នែក​សតិអារម្មណ៍​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ភាពភ័យខ្លាច គឺ​នៅជាប់​ខ្លួន​ជានិច្ច ប៉ុន្តែ​បើ​អ្នក​គិតតែ​បារម្ភ​រឿងនេះ​ជ្រុល​ហួសហេតុ អ្នក​ពុំ​អាចជួយ​អ្វី​បានឡើយ​។ ចង់​ឬ​មិន​ចង់ អ្នក​គង់តែ​ស្លាប់ យ៉ាងណា​នៅមុន​ពេល​ស្លាប់ ហេតុអ្វី​ត្រូវ​ចំណាយពេល​អត់​ប្រយោជន៍​?»​។​
 
​សូមបញ្ជាក់ថា លោក មហា​ធៀ ធ្លាប់​ក្លាយជា​នាយករដ្ឋមន្ត្រី​២​ដង ដែល​លើកដំបូង​គឺ​ចាប់ពី​ឆ្នាំ​១៩៨១​ដល់​២០០៣ និង​ម្ដងទៀត​ពី​ឆ្នាំ​២០១៨ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​២០២០​។ លោក​ត្រូវ​កត់សម្គាល់ថា មាន​សុខ​ភាពល្អ​មាំមួន និង​ស្រលាញ់​ការអាន ដែល​លោក​ចាត់ទុកជា​ការហ្វឹកហ្វឺន​ខួរក្បាល​ដ៏​ល្អ​។ លោក​និពន្ធ​សៀវភៅ​ជាច្រើន​ក្បាល​ក្នុង​ឆាកជីវិត​លោក ដូចជា A Doctor in the House: The Memoirs of Tun Dr. Mahathir Mohamad (២០១១), The Wit and Wisdom of Dr Mahathir Mohamad (២០១៥) និង The Malay Dilemma (១៩៧០) ជាដើម​៕ 
 
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com