COVID-19
ជាតិ
សេដ្ឋកិច្ច
៤​ខែ​នេះ កម្ពុជា​សម្រេច​ចំណូល​រដ្ឋបាល​ថ្នាក់ជាតិ ជាង​២​ពាន់​លាន​ដុល្លារ ខណៈ​កូ​វីដ​១៩ កំពុង​រាតត្បាត​
04, Jun 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ កម្ពុជា សម្រេចបាន​ចំណូល​រដ្ឋបាល​ថ្នាក់ជាតិ ៨ ៤២៨ ២៧៧​លាន​រៀល (​ជាង​២០០០​លាន​ដុល្លារ​) ។ ចំនួន​នេះ មានការ​កើនឡើង​១០,២៩​ភាគរយ​ទៀតផង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។


​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​របាយការណ៍​មួយ ស្តីពី​ការអនុវត្ត​ថវិកា ថា ចំណូល​រដ្ឋបាលជាតិ ដែល​កម្ពុជា​សម្រេចបាន​នេះ ដោយសារ​តែមាន​ប្រភព​សំខាន់​ចំនួន​៣ ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ស្រប​ពេលដែល​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​១៩​។ បើតាម​ក្រសួង​សេដ្ឋកិច្ច ប្រភព​ចំណូល​ទាំង​៣​នោះ រួមមាន​ចំណូល​ពន្ធ​សម្រេចបាន ៧,១៣៣,៥១៤​លាន​រៀល  (​ជាង​១,៧០០​លាន​ដុល្លារ​) ស្មើនឹង​៨៤,៦៤​ភាគរយ​, ចំណូល​ផ្សេងៗ ៩៦៥,៩៨៧​លាន​រៀល (​ជាង​២៣០​លាន​ដុល្លារ​) ស្មើនឹង​១១,៤៦​ភាគរយ និង​អំណោយ ៣២៨,៧៧៥​លាន​រៀល (​ប្រមាណ​៨០​លាន​ដុល្លារ​) ប្រមាណ​៣,៩០​ភាគរយ​។​
 
​ជាមួយគ្នានេះ កម្ពុជា​ក៏មាន​ការចំណាយ​រដ្ឋបាល​ថ្នាក់ជាតិ​សរុប ក្នុង​រយៈពេល​៤​ខែ​មកនេះ មាន​ចំនួន ៧ ២៩៩ ៦៤០ លាន​រៀល (​ជាង​១៧០០​លាន​ដុល្លារ​) កើនឡើង​៣១.៥៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។​
 
​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គិត​ត្រឹម​ខែមេសា នៃ​ឆ្នាំ​២០២០​នេះ តុល្យភាព​ប្រតិបត្តិការ​ដុល​(​ចំណូល​ដក​ចំណាយ​) មាន​សមតុល្យ​ចំនួន​៣,០៦៦, ០២០​លាន​រៀល ឬ​បាន​កើនឡើង​១៥,៧២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩»​។​
 
​ក្រសួង​សេដ្ឋកិច្ច វាយតម្លៃថា ការអនុវត្ត​ចំណូល​ថវិកា​រដ្ឋបាល​ថ្នាក់ជាតិ មាន​លទ្ធផល​ល្អ ពោលគឺ​កើនឡើង​១០,២៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ បើ​ទោះ​ចំណាយ​សរុប​ក៏មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ក្នុងនោះ​កើនឡើង ៣១,៥៦​ភាគរយ​។ « បើទោះបីជា​ការអនុវត្ត​ចំណូល និង​ចំណាយ​សរុប​មាន​ភាពល្អ ប្រសើរ​ក៏ដោយ តែ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​កូ​វី​៥-១៩) នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ការអនុវត្ត​ថវិកា​របស់ រដ្ឋបាល​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០២០»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​៕
 
 

Tag:
 សេដ្ឋកិច្ច​
  ចំណូល​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com