ក្រុមយុវជន កំពុងរកមធ្យោបាយផ្សេង ដើម្បីយកញត្តិទៅជូននាយករដ្ឋមន្រ្តី ក្រោយអាជ្ញាធរ ចាប់យកកង់
ជាតិ
សង្គមជាតិ
ក្រុមយុវជន កំពុងរកមធ្យោបាយផ្សេង ដើម្បីយកញត្តិទៅជូននាយករដ្ឋមន្រ្តី ក្រោយអាជ្ញាធរ ចាប់យកកង់
04, Jun 2020 , 7:30 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក អាឡិច និង Ma Chettra
រូបពីទំព័រហ្វេសប៊ុករបស់លោក អាឡិច និង Ma Chettra
អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី លើកឡើងថា ក្រុមយុជននៃយុទ្ធនាការជិះកង់ គ្មានញត្តិទេ ពេលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យមន្រ្តី ចុះទៅទទួលញត្តិទាំងយប់ (ម្សិលមិញ) ពីក្រុមយុវជនទាំងនោះ។ ប៉ុន្តែលោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យនៅកម្ពុជា ដែលចូលរួមក្នុងយុទ្ធនាការជិះកង់ដែរ អះអាងថា ក្រុមយុវជន មានញត្តិ ក្នុងគោលបំណងប្រគល់នៅខុទ្ធកាល័យរបស់សម្តេច នៅរាជធានីភ្នំពេញ។ យ៉ាងណា អាជ្ញាធរមិនអនុញ្ញាតឲ្យក្រុមយុវជន បន្តដំណើរឡើយ ហើយក៏បានព្រមព្រៀងគ្នារំសាយយុទ្ធនាការជិះកង់នេះ។



ក្រុមយុវជន នាំគ្នាជិះកង់ពីខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមិថុនា ទៅកាន់រាជធានីភ្នំពេញ ដើម្បីយកញត្តិទៅដាក់នៅខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី ក្នុងគោលបំណងសុំឲ្យដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារ តែត្រូវអាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុង ចាប់យកកង់ ដោយលើកហេតុផលថា យុទ្ធនាការជិះកង់នេះ មិនបានសុំការអនុញ្ញាតជាមុន។ លើសពីនេះ អាជ្ញាធរ មានហេតុផលទៀតថា យុទ្ធនាការជិះកង់ បង្កើតឡើងដោយអង្គការមាតាធម្មជាតិ ខណៈអង្គការនេះ ត្រូវបានលុបចេញបាត់ទោហើយ តាំងពីឆ្នាំ២០១៧មក។

កញ្ញា រិន រចនា ជាអ្នកជិះកង់ម្នាក់ ក្នុងយុទ្ធនាការនេះ ប្រាប់ថា ដ្បិតរំសាយក្រុមជិះកង់មែន ប៉ុន្តែក្រុមយុវជន  នឹងរកម្យោបាយផ្សេង ដើម្បីយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន។ កញ្ញា បន្តថា ក្រុមរបស់កញ្ញា កំពុងធ្វើដំណើរត្រឡប់ទៅទីរួមខេត្តកោះកុងវិញ ព្រោះអាជ្ញាធរមិនឲ្យធ្វើដំណើរបន្តទៅភ្នំពេញ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៤ ខែមិថុនា យុវតី រចនា និយាយថា៖«បន្ទាប់ពីដកហូតកង់ពួកយើងកាលពីម្សិលមិញ ហើយមិនឲ្យពួកយើងបន្តដំណើរ ក្រុមខ្ញុំក៏សម្រេចត្រឡប់មកកោះកុងវិញ។ ឥឡូវពួកខ្ញុំមិនទាន់ដឹងត្រូវធ្វើអ្វីបន្តឡើយ ចាំពិភាក្សាគ្នាសិន ថាត្រូវយកញត្តិទៅភ្នំពេញដោយរបៀបណា»។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បកស្រាយថា កង់របស់ក្រុមយុវជននេះ នឹងប្រគល់ឲ្យវិញនៅថ្ងៃទី៦ ខែមិថុនា ដោយក្រុមយុវជន មានគម្រោងធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅភ្នំពេញនៅថ្ងៃទី៥ ខែមិថុនា ដែលជាទិវាបរិស្ថានពិភពលោក។ រីឯ ការដកហូតអាវដែលសរសេរថា «សង្គ្រោះកោះកុងក្រៅ» ចំនួន១២អាវ ដោយសារបង្ហាញពីការញុះញង់។

លោកអភិបាលរង ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ បញ្ជាក់ថា៖«ក្រុមយុវជនមិនព្រមប្រគល់ញត្តិឲ្យ លោក ប៉ាន់ ខែមប៉ុនថន នាយករងខុទ្ធកាល័យសម្តេច ហ៊ុន សែន ទទួលបញ្ជាពីសម្ដេច ឲ្យមកទទួលញត្តិទាំងយប់ទេ ក្រោមហេតុផលថា គ្មានញត្តិ»។

ចំណែក លោក រ៉ុង ឈុន ថ្លែងថា លោក មិនមែនជាប្រធានក្រុមយុវជនក្នុងយុទ្ធនាការជិះកង់នេះឡើយ។ លោក ថា លោកជាភ្ញៀវដែលក្រុមយុវជនអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការនេះ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា ទោះបីយុទ្ធនាការនេះ រំសាយ តែក្រុមយុវជន នៅតែបន្តយកញត្តិទៅដាក់ដដែល ពោលគឺគ្រោងដាក់់នៅសប្ដាហ៍ក្រោយ។

«ក្រុមយុវជនដែលជិះកង់យកញត្តិទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន មិនមែនគ្មានញត្តិទេ គ្រាន់តែគោលបំណងរបស់ក្រុមយុវជនចង់ដាក់ញត្តិនេះ ដោយផ្ទាល់នៅខុទ្ធកាល័យសម្ដេច»។ នេះជាសម្តីរបស់លោក រ៉ុង ឈុន ដោយបន្ថែមថា លោកសោកស្ដាយចំពោះការហាមឃាត់និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទាញឬចាត់ទុកសកម្មភាពរបស់ក្រុមយុវជន ថាជា ឧបាយកលនយោបាយ។ លោក បន្តថា រដ្ឋាភិបាល គួរគាំទ្រដល់ការខិតខំនិងការស្រឡាញបរិស្ថានរបស់យុវជន។

ក្រសួងបរិស្ថានចាត់ទុក យុទ្ធនាការរបស់ក្រុមយុវជនជិះកង់ ថាជាឧបាយកលនយោបាយទុច្ចរិត។ កន្លងមកក្រសួង គ្រោងនឹងដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ នៅឆ្នាំ២០២១ ដោយបានដាក់ក្រុមការងារចុះសិក្សាតាំងពីឆ្នាំ២០១៦៕

អត្ថបទទាក់ទង
 

Tag:
 យុវជនជិះកង់
  បរិស្ថាន
  កោះកុងក្រៅ
© រក្សាសិទ្ធិដោយ thmeythmey.com