COVID-19
អន្តរជាតិ
សេតវិមានអាមេរិក ស្នើឲ្យចិនបញ្ចេញព័ត៌មានពិតក្នុងការបង្ក្រាបនៅទីលានធានអានមិន
× ការសម្លាប់រង្គាលនៅទីលានធានអានមិន នៅក្នុងឆ្នាំ១៩៨៩ គឺជារឿងមិនអាចបំភ្លេចបាន។ មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកមួយរូប បានលើកឡើងបែបនេះ នៅថ្ងៃទី៤ ខែមិថុនា ដោយបន្ថែមថា ចិន គួរតែបញ្ចេញតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍បង្ក្រាបនៅទីលានធានអានមិន គឺកើតចេញពីចលនាតវ៉ានឹងរដ្ឋាភិបាលចិននៅក្នុងឆ្នាំ១៩៨៩ ពីសំណាក់ក្រុមនិស្សិត និងប្រជាជនចិនផ្សេងទៀត ដើម្បីទាមទារសិទ្ធិសេរីភាព ការចូលរួមក្នុងសកម្មភាពនយោបាយ និងសិទ្ធិបុគ្គលបន្ថែម។ ក្នុងការបង្ក្រាបការតវ៉ារបស់ប្រជាជននៅក្នុងឆ្នាំ១៩៨៩ មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត បានបាត់ខ្លួន និងត្រូវគេឃុំខ្លួន។
ដោយសារវាជារឿងដ៏រសើបមួយសម្រាប់រដ្ឋាភិបាលចិន ក៏ដូចជាបក្សកុម្មុយនីស្តចិន គ្មានឡើយការអនុញ្ញាតឲ្យប្រារព្ធពិធីរំឭកខួបនៅក្នុងប្រទេស ហើយតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន នៅតែមិនទាន់ត្រូវបានគេបញ្ចេញដដែល រហូតមកដល់ថ្ងៃនេះ។
នៅចំថ្ងៃរំឭកខួបលើកទី៣១ នៃការបង្ក្រាបនេះ អាមេរិកបានចេញមុខឲ្យចិនបញ្ចេញតួលេខអ្នកស្លាប់ អ្នកឃុំខ្លួន ហើយថាចាត់ទុកព្រឹត្តិការណ៍នៅទីលានធានអានមិននេះ គឺជាការសម្លាប់រង្គាល។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP លោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមានអាមេរិក បានលើកឡើងយ៉ាងដូច្នេះ៖ «ការសម្លាប់រង្គាលរបស់បក្សកុម្មុយនីស្តចិនលើប្រជាជនស៊ីវិល គឺជាសោកនាដកម្ម ដែលមិនអាចបំភ្លេចបាន»។
ទាក់ទិននឹងបញ្ហានេះ លោកស្រីអ្នកនាំពាក្យសេតវិមានអាមេរិក បានអំពាវនាវឲ្យចិន បញ្ចេញតួលេខជុំវិញអ្នកស្លាប់ អ្នកឃុំខ្លួន និងអ្នកបាត់ខ្លួន ជុំវិញព្រឹត្តិការណ៍ធានអានមិន។ ជារៀងរាល់ឆ្នាំ អាមេរិកតែងតែចេញសេចក្តីថ្លែងការណ៍ ដើម្បីឲ្យចិនចេញមុខទទួលខុសត្រូវពីការបង្ក្រាបដ៏សាហាវនេះ។
សូមបញ្ជាក់ថា សម្រាប់ទឹកដីចិន មានតែហុងកុងតែមួយប៉ុណ្ណោះ ដែលប្រារព្ធពិធីរំឭកខួបការបង្ក្រាបនៅទីលានធានអានមិន ចាប់តាំងពីឆ្នាំ ១៩៨៩មក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលស្វយ័តហុងកុង បានហាមប្រជាជនរបស់ខ្លួន មិនឲ្យជួបជុំគ្នា ដើម្បីប្រារព្ធពិធីនេះឡើយ ដោយផ្អែកទៅតាមហេតុផលទប់ស្កាត់ការរាតត្បាតនៃ COVID-19។ យ៉ាងណាក៏ដោយ ប្រជាជនហុងកុងមួយចំនួន បានបដិសេធគោរពការហាមឃាត់នេះ និងជួបជុំគ្នាដុតទៀន ដើម្បីប្រារព្ធពិធីរលឹកខួបដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com