ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ស្នើឱ្យកម្ពុជាស៊ើបអង្កេតលើករណីចាប់ជំរិតលោក Wanchalearm Satsaksit ដែលជាសកម្មជននយោបាយថៃ ប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។
លោក Wanchalearm Satsaksit ត្រូវបានគេចាប់ជំរិតនៅមុខខុនដូ មួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ មិថុនា។ ករណីចាប់ជំរិតនេះ កើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Wanchalearm Satsaksit បានចេញវីដេអូឃ្លីបមួយ ដោយនិយាយជាភាសាថៃ ក្នុងន័យរិះគន់លើនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី៣ មិថុនា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស កំពុងបារម្ភពីសុវត្ថិភាពរបស់សកម្មជននយោបាយថៃ លោក Wanchalearm Satsaksit ដែលកំពុងរស់នៅកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលបានតាមដានករណីនេះ បានស្នើឱ្យកម្ពុជាស៊ើបអង្កេតលើករណីចាប់ជំរិតលោក Wanchalearm Satsaksit ដែលជាសកម្មជននយោបាយថៃនេះ។
តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៥ មិថុនានេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម បានសង្កត់ដូច្នេះថា៖«ករណីចាប់ជំរិតសកម្មជននយោបាយថៃ នៅតាមដងផ្លូវរាជធានីភ្នំពេញនេះ ទាមទារឱ្យមានការឆ្លើយតបភ្លាមៗពីអាជ្ញាធរកម្ពុជា។ អាជ្ញាធរកម្ពុជា គួរតែមានវិធានការជាបន្ទាន់មួយ ដើម្បីធានាសុវត្ថិភាពដល់លោក Wanchalearm នៅកន្លែងដែលគាត់រស់នៅ»។
ពាក់ព័ន្ធនឹងករណីនេះ អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អះអាងថា ខ្លួនមិនទាន់ទទួលបានព័ត៌មាននេះទេ។ ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏មិនទាន់ដឹងករណីនេះដែរ ។ លោក ខៀវ សុភ័គ សង្កត់ធ្ងន់ថា៖« ពូមិនទាន់ទទួលបានព័ត៌មានហ្នឹងទេ ពូទើបដឹងពីអ្នកកាសែតដែលទើបសួរដែរទេ»។
ក្រុមប្រដាប់អាវុធមួយក្រុម បានចាប់ជំរិតលោក Wanchalearm នៅម៉ោងប្រហែល ៥ ៖ ៥៤ នាទី ព្រឹកថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២០ នៅពេលដែលសកម្មជននយោបាយថៃរូបនេះ បានដើរនៅតាមផ្លូវ ដើម្បីទិញម្ហូបនៅពីមុខកន្លែងស្នាក់នៅខ្លួន។ ក្រុមចាប់ជំរិតនោះ បានចាប់លោក Wanchalearm បញ្ចូលក្នុងឡានខ្មៅមួយគ្រឿង។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទទួលបានព័ត៌មាននេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបន្ថែមថា មិត្តភក្តិរបស់លោក Wanchalearm ក៏បានទាក់ទងទៅលោក Wanchalearm នៅគ្រាចាប់ជំរិតដែរ ដោយឭសំឡេងគាត់និយាយថា«ខ្ញុំពិបាកដកដង្ហើមណាស់» មុននឹងទូរសព្ទត្រូវបានបិទ។
លោក Wanchalearm គឺជាសកម្មជននយោបាយថៃម្នាក់ ដែលតែងតែចេញមុខរិះគន់របបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។ លោក Wanchalearm ត្រូវបានគេស្គាល់ថា ជាសកម្មជននយោបាយក្រុមអាវក្រហម ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា។ លោក Wanchalearm បានរត់គេចខ្លួនមកសម្ងំរស់នៅកម្ពុជា កាលពីឆ្នាំ២០១៤ ក្រោយពីយោធាថៃ តាមចាប់ខ្លួន។ ដោយឡែកអាជ្ញាធរថៃ ក៏ធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៨ថា ពួកគេនឹងតាមចាប់ខ្លួនលោក Wanchalearm ត្រឡប់យកទៅប្រទេសថៃវិញផងដែរ៕