អន្តរជាតិ
អាជ្ញាធរឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីដំរីមានផ្ទៃពោះងាប់ដោយសារផាវផ្ទុះក្នុងមាត់នៅឥណ្ឌា
× រដ្ឋមន្ត្រីបរិស្ថានឥណ្ឌា Prakash Javadekar ប្រកាសនៅថ្ងៃទី៤ ខែមិថុនាថា ករណីដំរីមានផ្ទៃពោះត្រូវសម្លាប់នៅឥណ្ឌា ដោយស៊ីផ្លែឈើបង្កប់គ្រឿងផ្ទុះ នឹងត្រូវស៊ើបអង្កេតដោយរដ្ឋាភិបាលកណ្ដាលដើម្បីវែកមុខរកឃាតករ។ បើតាមអាជ្ញាធរតំបន់ មនុស្ស២នាក់ត្រូវអាជ្ញាធរឃាត់ខ្លួន។
«រដ្ឋាភិបាលកណ្ដាល កំពុងយកចិត្តទុកដាក់ខ្លាំងចំពោះឃាតកម្មលើសត្វដំរីមួយក្បាលក្នុងរដ្ឋ Kerala »។ លោករដ្ឋមន្ត្រី Prakash Javadekar បញ្ជាក់បែបនេះលើ Twitter លោក ដោយសង្កត់ធ្ងន់ថា អាជ្ញាធរនឹងមិនឈរនៅស្ងៀមដោយមិនស៊ើបអង្កេតរកជនល្មើសឡើយ ហើយនេះពុំមែនជាវប្បធម៌ឥណ្ឌាដែលយកផាវទៅសម្លាប់សត្វបែបនេះឡើយ។
ដំរីព្រៃមានផ្ទៃពោះមួយក្បាលនេះ បានដើរតែលតោលចូលទៅភូមិមួយក្បែរឧទ្យានជាតិឥណ្ឌាមួយ ក្នុងទីក្រុង Palakkad រដ្ឋ Kerala កាលពីថ្ងៃទី២៣ ខែឧសភា ។ ដោយភាពស្រេកឃ្លាន វាបានលេបស៊ីចំណីដែលគេដាក់បង្កប់គ្រឿងផ្ទុះ។ តាមទូរទស្សន៍ក្នុងស្រុកឥណ្ឌា NDTV ផាវបានផ្ទុះបែកក្នុងមាត់ដំរីនេះ ហើយសត្វដំរីដ៏កម្សត់នេះបានដើររាប់ថ្ងៃទាំងឈឺចាប់ មុនពេលដល់ទន្លេមួយហើយស្លាប់ទាំងឈរ កាលពីថ្ងៃទី២៧ ខែឧសភា។
មែនទែនទៅ អ្នកភូមិក្នុងតំបន់នេះ តែងប្រើផ្លែឈើដែលញាត់គ្រឿងផ្ទុះឬផាវដើម្បីការពារស្រែចម្ការពួកគេពីការបំផ្លិចបំផ្លាញរបស់សត្វព្រៃ។ ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះប៉ុន្មានថ្ងៃមក រូបភាពដំរីងាប់មួយក្បាលនេះឈរក្នុងទន្លេដោយមាត់និងដងខ្លួនក្នុងទឹក ដែលប្រហែលដើម្បីបន្ធូរការឈឺចាប់ ត្រូវបានគេនាំគ្នាចែករំលែកសុសសាយលើបណ្ដាញសង្គម។
ព័ត៌មានចុងក្រោយបង្អស់ ប្រធានរដ្ឋមន្ត្រីនៃរដ្ឋ Kerala លោក Pinarayi Vijayan សរសេរលើ Twitter នៅថ្ងៃទី៤ ខែមិថុនាថា ការស៊ើបអង្កេតកំពុងដំណើរការដោយផ្តោតលើជនសង្ស័យ៣នាក់ក្នុងករណីឃាតកម្មដំរីមានផ្ទៃពោះនេះ។ លោកសង្កត់ធ្ងន់ថា៖«យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីនាំយកជនល្មើសមកទទួលទោសកំហុស»។ យ៉ាងណាមិញ លោកពុំបញ្ជាក់ព័ត៌មានលម្អិតថាតើជនល្មើសទាំង៣នាក់ត្រូវឃាត់ខ្លួនហើយឬយ៉ាងណាទេ។
ទោះជាបែបនេះក្តី ប៉ុន្មានម៉ោងក្រោយមក មន្ទីរព្រៃឈើរដ្ឋ Kerala បានចេញសេចក្តីថ្លែងការណ៍អះអាងថា មនុស្ស២នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនដើម្បីសាកសួរក្នុងករណីឃាតកម្មដំរីមួយក្បាលនេះ។ នេះបើតាមកាសែតឥណ្ឌា Free Press Journal ៕
© រក្សាសិទ្ធិដោយ thmeythmey.com