សង្គមអន្តរជាតិ
អន្តរជាតិ
ចិនប្រាប់អង់គ្លេសថា ការប៉ុនប៉ងជ្រែតជ្រែកកិច្ចការហុងកុង នឹងធ្វើឲ្យទំនាក់ទំនងដើរដល់ចំណុចទាល់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា។ រូបភាព៖ ក្រសួងការបរទេសចិន
× ការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនពីសំណាក់អង់គ្លេស គឺមានតែបង្កឲ្យទំនាក់ទំនងទ្វេភាគី ដើរដល់ផ្លូវទាល់តែប៉ុណ្ណោះ ហើយវានឹងមិនមានផលល្អឡើយ សម្រាប់ទំនាក់ទំនងចិន និងអង់គ្លេស។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៤ ខែមិថុនា។
ការអនុម័តផែនការច្បាប់ស្តីសន្តិសុខជាតិហុងកុងរបស់សភាប្រជាជនជាតិនាពេលកន្លងមក បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំងនៅក្នុងទឹកដីហុងកុង។ សូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចិនសុន ក៏ចូលអន្តរាគមន៍ក្នុងរឿងនេះផងដែរ។ បើតាមអះអាងរបស់លោក ចនសុខ អង់គ្លេស ដែលជាអតីតម្ចាស់ដែនដីអាណានិគមហុងកុង នឹងមិនឈរអោបដៃមើលប្រជាជនហុងកុងឡើយ បើសិនបើចិនដាក់ឲ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិ នៅក្នុងទឹកដីហុងកុង។
ក្នុងន័យនេះ រដ្ឋាភិបាលអង់គ្លេស នឹងផ្លាស់ប្តូរគោលការណ៍អន្តោប្រវេសន៍ ដោយបើកផ្លូវឲ្យប្រជាពលរដ្ឋហុងកុងដែលកាន់លិខិតឆ្លងដែនសម្រាប់ពលរដ្ឋចក្រភពអង់គ្លេស ឬ British National (Overseas) អាចចូលមកក្នុងប្រទេសនេះ ពុំចាំបាច់ស្នើទិដ្ឋាការ ហើយអាចស្នាក់នៅរហូតដល់៦ខែ។ ចំណែក ពលរដ្ឋហុងហុង ២,៥លាននាក់ នឹងមានសិទ្ធិដាក់ស្នើសម្រាប់លិខិតឆ្លងដែននេះ។
ជាការឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីអង់គ្លេស អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងថា ការចាត់ចែងនយោបាយជុំវិញលិខិតឆ្លងដែន ឬគំនិតទុច្ចចរិតឆ្លងព្រំដែន ដើម្បីប៉ុនប៉ងជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន គឺមានតែធ្វើឲ្យភាគីទាំងពីរ ដើរដល់ផ្លូវទល់តែប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រសិនបើអង់គ្លេសធ្វើតែឯកតោភាគីទាក់ទិននឹងករណីហុងកុង អង់គ្លេសនឹងបំពានការសន្យារបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ បទដ្ឋានអន្តរជាតិ ដែលចែងពីទំនាក់ទំនងអន្តរជាតិតែប៉ុណ្ណោះ។
នាសន្និសីទកាសែតថ្ងៃទី៤ ខែមិថុនា លោក Zhao បានអះអាងទៀតថា ច្បាប់ស្តីពីសន្តិសុខជាតិហុងកុង នឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ហុងកុងឡើយ។ ផ្ទុយទៅវិញច្បាប់នេះ គ្រាន់ដាក់ទណ្ឌកម្មដល់ជនណា ដែលបំផ្លាញសន្តិសុខជាតិ និងបង្កឲ្យមានផលប៉ះពាល់ដល់ស្វយ័តភាពកម្រិតខ្ពស់របស់ហុងកុងតែប៉ុណ្ណោះ។
ប្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសារទៅកាន់អង់គ្លេសផ្ទាល់ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ស្ថិរភាព និងកំណើននៃទំនាក់ទំនងរវាងចិន និងអង់គ្លេស គឺជាការការពារផលប្រយោជន៍របស់ភាគីទាំងសងខាង ហើយវាតម្រូវអង់គ្លេស ធ្វើដាក់ចិន ដូចចិនធ្វើដាក់អង់គ្លេសដែរ ក្នុងនោះមានដូចជាការគោរពអធិបតេយ្យ ដែនដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com