ភ្នំពេញ៖ ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មើលឃើញថា កម្ពុជា បានប្រើប្រាស់ពាក្យ«ព័ត៌មានមិនពិត ឬFake News» ដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋលើបញ្ហាវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា និងជុំវិញពិភពលោក។ ក្រសួងមហាផ្ទៃកម្ពុជា ច្រានចោលព័ត៌មាននេះ ដោយអះអាងថា មុននឹងសមត្ថកិច្ចចាប់ខ្លួននរណាម្នាក់ គឺបានសិក្សាស្រាវជ្រាវច្បាស់ហើយ លើពាក្យសម្តីរបស់ពួកគេ។
របាយការណ៍ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលចេញដោយលោកស្រី មីស្សែល បាស្សេឡេត បានបញ្ជាក់ថា ប្រទេសជាច្រើន បានចាប់ខ្លួន និងឃុំខ្លួនអ្នកទាំងឡាយណា ដែលនិយាយរិះគន់ ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលជុំវិញករណីរាតត្បាតនៃជំងឺកូវីដ១៩។ ជាពិសេសចែករំលែកព័ត៌មាន និងទស្សនអំពីជំងឺនេះ។
ក្នុងរបាយការណ៍ឧត្តមស្នងការសិទ្ធិមនុស្ស ក៏មានដាក់បញ្ចូលប្រទេសកម្ពុជាផងដែរ។ លោកស្រី មីស្សែល បាស្សេឡេត បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានចាប់ខ្លួនពលរដ្ឋ ដែលរិះគន់ និងបញ្ចេញមតិមិនពេញចិត្ត ចំពោះរដ្ឋាភិបាល ក្រោមហេតុផលផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈសារព័ត៌មាន និងបណ្តាញសង្គមជាដើម។
ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី មីស្សែល បាស្សេឡេត បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី៣ មិថុនា យ៉ាងដូច្នេះថា៖«នៅប្រទេសកម្ពុជា, ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR) បានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០ នាក់ រាប់ទាំងស្ត្រីមួយនាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ដោយសារតែការនិយាយអត្ថាធិប្បាយជាសាធារណៈ និងការបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងជំងឺកូវីដ-១៩។ មនុស្សមួយចំនួន ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល។ មនុស្សចំនួន១៤នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ ក្នុងនោះ ១០ នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសរំលាយហើយនោះ»។
ក្រៅពីកម្ពុជា ក៏មានការចាប់ខ្លួនពលរដ្ឋ ដែលរិះគន់អាជ្ញាធរផងដែរ ក្នុងនោះរួមមាន ប្រទេសបង់ក្លាដែស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម។ នេះបើតាមរបាយការណ៍ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ទាក់ទងនឹងការបង្ក្រាប និងរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
តែយ៉ាងណាក្រសួងមហាផ្ទៃ ច្រានចោលរបាយការណ៍នេះ។ លោក ខៀវ សុភ័គ បានអះអាងថា កម្ពុជា មិនបានបិទសិទ្ធិបញ្ចេញមតិពលរដ្ឋ ដែលរិះគន់រដ្ឋាភិបាល និងអាជ្ញាធរជុំវិញករណីកូវីដ១៩នេះទេ លើកលែងតែអ្នកទាំងនោះ ផ្សព្វផ្សាយព័ត៌មានបែបញុះញង់ប៉ុណ្ណោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានអះអាងដូច្នេះថា៖«បើផ្សព្វផ្សាយពីកូវីដ១៩ គ្មានអ្នកណាគេចាប់ទេ ប៉ុន្តែបើផ្សព្វផ្សាយខុសច្បាប់គេចាប់ហើយ។ ហើយឱ្យតែចុះផ្សាយព័ត៌មាន Fake News គឺគេចាប់ហើយ ការបញ្ចេញមតិដោយខ្លួនឯង ការបញ្ចេញមតិឱ្យមានការអុកឡុក ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ និងសង្គម គឺច្បាប់ខ្មែរគេអាចចោទប្រកាន់បាន ពីបទញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សាជាអាទិ៍ (ជាប់ទោស) ពី៦ខែ ទៅ៥ឆ្នាំ»។
បើតាមលោក ខៀវ សុភ័គ អាជ្ញាធរបានសិក្សាលើពាក្យសម្តីលើអ្នករិះគន់គ្រប់ជ្រុងជ្រោយហើយ មុនឈានដល់ការចាប់ខ្លួន។«គេ(សមត្ថកិច្ច)មានអង្គហេតុរួចរាល់ហើយ គេមានធាតុផ្សំ(បទល្មើស) គ្រប់គ្រាន់ហើយ»។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ។
ផ្ទុយពីអំណះអំណាងរបស់ក្រសួងមហាផ្ទៃនេះ ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី មីស្សែល បាស្សេឡេត បានសង្កត់ធ្ងន់ថា នៅក្នុងគ្រាលំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមិនច្បាស់លាស់នេះ អ្នកជំនាញវេជ្ជសាស្ត្រ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសាធារណជនទូទៅ ត្រូវតែទទួលបានការបញ្ចេញមតិយោបល់ដោយសេរី លើប្រធានបទសំខាន់ៗ ដែលជាផលប្រយោជន៍សាធារណៈ ដូចជា ការផ្តល់កិច្ចគាំពារសុខភាព និងការគ្រប់គ្រងវិបត្តិសុខភាព និងសេដ្ឋកិច្ចសង្គម និងការចែកចាយជំនួយសង្គ្រោះជាដើម។
«វិបត្តិនេះ មិនគួរត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតមតិប្រឆាំង ឬលំហូរដោយសេរី នៃព័ត៌មាន និងការជជែកដេញដោលឡើយ។ ចម្រុះភាពនៃទស្សន នឹងជំរុញឱ្យមានការយល់ដឹងកាន់តែច្រើនថែមទៀត អំពីបញ្ហាប្រឈមផ្សេងៗ ដែលយើងជួបប្រទះ និងជួយយើងឱ្យរិតតែជំនះបាននូវបញ្ហាទាំងនោះ។ វាក៏ជួយប្រទេសនានា ឱ្យមានការជជែកដេញដោលដ៏រស់រវើក អំពីឫសគល់នៃបញ្ហា និងការអនុវត្តល្អៗ ដែលចាំបាច់ ដើម្បីជម្នះផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមរយៈពេលវែង និងផលប៉ះពាល់ដទៃផ្សេងទៀត។ ការជជែកដេញដោលនេះមានសារៈសំខាន់សម្រាប់ប្រទេសទាំងឡាយក្នុងការកសាងស្តារឡើងវិញ បន្ទាប់ពីមានវិបត្តិ»។ នេះជាការបញ្ជាក់របស់លោកស្រី មីស្សែល បាស្សេឡេត ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ។
គិតត្រឹមថ្ងៃទី៥ មិថុនានេះ អ្នកជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ជាង៦លាននាក់ហើយ ដោយក្នុងនោះជាសះស្បើយជាង៣លាននាក់ និងស្លាប់ជិត៤០ម៉ឺននាក់។ ដោយឡែកនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន១២៥នាក់ ហើយជាសះស្បើយ១២៣នាក់៕