សង្គមជាតិ
អន្តរជាតិ
សាល​ក្រម​រឿង​លួច​លុយ​ជាតិ​លោក​ណា​ជីប នឹង​ប្រកាស​ខែក្រោយ​
05, Jun 2020 , 8:39 pm        
រូបភាព
ដោយ:
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ នឹង​ដឹង​វាសនា​លោក​ក្នុង​សំណុំរឿង​លួច​លុយ​ជាតិ នា​ចុងខែ​កក្កដា​ខាងមុខ​។ ពោលគឺ​នៅពេលដែល​សាលក្រម​តុលាការ​ត្រូវ​ប្រកាស​ក្នុង​សវនាការ​ទីមួយ​របស់លោក​ពាក់ព័ន្ធ​រឿងអាស្រូវ​មូលនិធិ​រដ្ឋ 1MDB ។​

 
​ក្នុង​សប្តាហ៍​នេះ តុលាការ​ជាន់ខ្ពស់​គូ​ឡា​ឡាំ​ពួ បានសម្រេច​បិទ​បញ្ចប់​ការ​សវនាការ​ទីមួយ​របស់ខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​របស់លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។ សវនាការ​ដំបូង​នេះ​បានចាប់ផ្ដើម​កាលពី​១៤​ខែ​មុន ហើយ​ផ្ដោត​សំខាន់​លើ​ការផ្ទេរ​លុយ​៩,៨​លាន​ដុល្លារ​ចូល​គណនី​ធនាគារ​លោក​ណា​ជីប​។  
 
​រឿងក្តី​នេះ​គឺជា​សវនាការ​មួយ​ក្នុងចំណោម​សវនាការ​ពាក់ព័ន្ធ​រឿងក្តី 1MDB សរុប​ចំនួន​៣ ដែល​កំពុងដំណើរការ​ពាក់ព័ន្ធ​លើ​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប​។ យ៉ាងណាមិញ លោក​ច្រានចោល​ទោសកំហុស​ទាំងនេះ​។  
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចៅក្រម​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃទី​៥ ខែមិថុនា​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ទៅកាន់​លោក ណា​ជីប នា​ថ្ងៃទី​២៨ ខែកក្កដា​។ លោក ណា​ជីប នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​វែង ហើយ​ទំនង​នឹងត្រូវ​ផ្តន្ទាទោស​នៅ​ថ្ងៃ​ដដែល​ប្រសិនបើ​រកឃើញថា​មាន​ពិរុទ្ធភាព​មែន​នោះ​។ 
 
​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ណា​ជីប បាន​អះអាងថា កូនក្តី​វ័យ​៦៦​ឆ្នាំ​រូបនេះ ពុំ​ដឹងឮ​ពី​រឿង​ផ្ទេរ​លុយ​ចូល​គណនី​ធនាគារ​លោក​ពី​ក្រុមហ៊ុន SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ។ បើតាម AFP ពួកគេ​បាន​ទម្លាក់កំហុស​លើ​លោក Low Taek Jho អ្នកជំនួញ​ផ្នែក​ហិរញ្ញវត្ថុ ថា ជា​មេគំនិត​ពិតប្រាកដ​ក្រោយ​រឿង​បោកប្រាស់​លុយ​ជាតិ​រាប់លាន​ដុល្លារ​នេះ ដោយ​អះអាងថា លោក Low បាន​ប្រើ​ល្បា​ច់​បោក​បញ្ឆោត​លោក ណា​ជីប ។ 
 
​មេធាវី​ការពារ​ក្តី​ម្នាក់ ឈ្មោះថា Muhammad Shafee Adbullah បាន​ទទូច​ឲ្យ​ចៅក្រម​ទម្លាក់​ការចោទប្រកាន់​៧​ករណី​ក្នុង​សំណុំរឿង​លាងលុយកខ្វក់​និង​ពុករលួយ​ដែល​លោក​កំពុង​រង​ចោទប្រកាន់ ដោយ​សង្កត់ធ្ងន់ថា ការផ្ទេរ​លុយ​ធនាគារ​នោះ​គឺជា​រឿង​ខុសច្បាប់​។ លោក បន្តទៀតថា ការផ្ទេរ​លុយ​ពុំ​ធ្លាប់​ត្រូវបាន​អនុញ្ញាត​ពី​សំណាក់​លោក ណា​ជីប នោះឡើយ ហើយ​ម្ចាស់​ធនាគារ​ទាំងនោះ ក៏បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បោកប្រាស់​លុយ​ជាតិ​នេះ​ផងដែរ​។​
 
​លោក Low ដែល​គ្មាន​តំណែង​ផ្លូវការ​អ្វី​សោះ​ក្នុង​មូលនិធិ​រដ្ឋ 1MDB តែ​ត្រូវ​ជឿថា​ទទួល​លាភសក្ការៈ​ច្រើន​ពី​វា ត្រូវបាន​ជាប់ចោទ​ក្នុងប្រទេស​ម៉ាឡេស៊ី​និង​សហរដ្ឋអាមេរិក​ជុំវិញ​រឿងអាស្រូវ​នេះ​។ អ្នកជំនួញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទីតាំង​ស្នាក់នៅ​បច្ចុប្បន្ន​ស្ថិត​ជា​អាថ៌កំបាំង ប្រកាស​រក្សា​ភាព​ស្អិត​ស្អំ​លោក​ដដែល​។​
 
​យ៉ាងណាមិញ ព្រះរាជអាជ្ញា​ម៉ាឡេស៊ី អះអាងថា លោក ណា​ជីប កាល​ធ្វើជា​នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​លើ​ក្រុមហ៊ុន SRC International និង​ជា​អ្នកបង្កើត​ការសម្រេចចិត្ត​រឿង​សំខាន់ៗ​ក្នុង​រឿងនេះ​។ 
 
​សូមបញ្ជាក់ថា លុយ​យ៉ាងច្រើន​សម្បើម ត្រូវបាន​លួច​ចេញពី​មូលនិធិ​រដ្ឋ​របស់​ប្រទេស​ម៉ាឡេស៊ី​។ អតីត​នាយករដ្ឋមន្ត្រី​បាន​អស់អំណាច​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​មួយផ្នែកធំ​ពាក់ព័ន្ធ​រឿងអាស្រូវ​នេះ​៕
 
 

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់​
  IMDB
© រក្សាសិទ្ធិដោយ thmeythmey.com