ភ្នំពេញ៖ ដើមឈើធំមួយដើម និងផ្ទាំងថ្មដ៏ធំ ដែលស្ថិតនៅចំពាក់កណ្តាលផ្លូវបេតុងមួយខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធនាមឲ្យថា «ដើមឈើចាំស្នេហ៍ និង សិលាចាំស្នេហ៍» ក្រោយពីសម្តេច បានធ្វើដំណើរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះទៅកាន់ឆ្នេរសមុទ្រអូរត្រេះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ អាជ្ញាធរ មិនដាច់ចិត្តកាប់ដើមឈើចាំស្នេហ៍និងដកផ្ទាំងថ្មចាំស្នេហ៍ ចេញពីផ្លូវ ដោយមើលឃើញថា ទិដ្ឋភាពដ៏ប្លែកភ្នែកនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ឲ្យទៅកម្សាន្តលេងនៅក្នុងខេត្តព្រះសីហនុ។
«ដើមឈើចាំស្នេហ៍ និង សិលាចាំស្នេហ៍» គឺស្ថិតនៅពាក់កណ្តាលផ្លូវបេតុងឆ្ពោះទៅឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ដែលសាងសង់បាន៩៥ភាគរយហើយ ហើយត្រូវបានគេសាងសង់ឡើងដោយពុះជ្រៀកភ្នំ ដែលមានកម្ពស់ជាង២០ម៉ែត្រ។ ផ្លូវបេតុងនេះ ជាចំណោមផ្លូវទាំង៣៤ខ្សែ ប្រកបដោយប្រណិតភាព ក្នុងខេត្តព្រះសីហនុ និងទើបនឹងសាងសង់រួចជាបណ្តើរៗ ដោយចំណាយថវិកា៣០០លានដុល្លារ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមទូរសព្ទថា អ្នកធ្វើដំណើរនៅតាមដងផ្លូវបេតុងនេះ ពួកគេ អាចគយគន់មើលទឹកសមុទ្រនៅជាប់ដៃសមុទ្ររាម និងអាចគយគង់មើលព្រៃប្រឹក្សាអមសងខាងផ្លូវផងដែរ។
លោក លើកឡើងថា ដើមឈើស្នេហ៍ ជាប្រភេទដើមជ្រៃត្រាងមានកម្ពស់១៥ម៉ែត្រដែលមានអាយុកាលយូរឆ្នាំមកហើយ ហើយសិលាចាំស្នេហ៍ ជាផ្ទាំងថ្មធម្មជាតិដ៏ធំ។ លោក បន្តថា ក្រៅពីមានដើមឈើស្នេហ៍ និងសិលាចាំស្នេហ៍ នៅសងខាងផ្លូវពារពេញដោយដើមឈើគ្រប់ប្រភេទ និងផ្ទាំងថ្មធំៗជាច្រើនទៀត។
លោកអភិបាលខេត្ត បញ្ជាក់ថា មូលហេតុដែលមិនសម្រេចកាប់ដើមឈើ និងទំលុះផ្ទាំងថ្មដែលស្ថិតនៅពាក់កណ្តាលផ្លូវនេះ ក៏ដោយសារចង់រក្សាទុករបស់ដែលមានពីធម្មជាតិ ដើម្បីជាគ្រឿងលម្អសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យទៅកម្សាន្តលេងនៅក្នុងខេត្តព្រះសីហនុ។
លោក មានប្រសាសន៍ដូច្នេះថា៖«ក្នុងអំឡុងពេលដែលយើងរៀបចំទុកដាក់ហ្នឹង យើងឃើញមានពលរដ្ឋរាល់ថ្ងៃ និងជាកន្លែង ដែលកុះករច្រើនជាងគេនៅតាមបណ្តោយឆ្នេរ។ គាត់មកដល់កន្លែងនេះ គាត់តែងតែឈប់ ដើម្បីថតរូបជាមួយនឹងដើមឈើ ដើម្បីជាការភ្ជាប់និស្ស័យ។ ការផ្សារភ្ជាប់ដែលយើងអាចបញ្ជាក់ថា ដើមឈើនេះជានិមិត្តរូបនៃឆ្នេរជំទាវម៉ៅមួយផ្នែក អ៊ីចឹងមានន័យថាអ្នកដែលមកដល់ឆ្នេរជំទាវម៉ៅគឺផ្តិតយករូបថតជាមួយនឹងដើមឈើចាំស្នេហ៍»។
ថ្វីដ្បិតផ្លូវបេតុងនេះមិនទាន់បើកឲ្យចរាចរជាផ្លូវការ ប៉ុន្តែនៅថ្ងៃខាងមុខ លោក គួច ចំរើន គ្រោងដាក់បង្គោលសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីឲ្យដឹងសញ្ញានៅត្រង់កន្លែងដើមឈើចាំស្នេហ៍ និងផ្ទាំងថ្មចាំស្នេហ៍ និងដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។ លោក និយាយថា៖«ដើមឈើហ្នឹង ខ្ញុំកំពុងតែគិតគូរដែរ ដើម្បីដាក់បញ្ជាំងភ្លើងបំភ្លឺ និងភ្លើងហ្វាលម្អ»។
អភិបាលខេត្តរូបនេះ បន្តថា បច្ចុប្បន្ន លោកកំពុងតែរៀបចំឆ្នេរសាធារណៈថ្មីមួយទៀតសម្រាប់ផ្តល់ជាកន្លែងឲ្យភ្ញៀវទេសចរទៅលំហែកាយផងដែរ។ លោក រៀបរាប់ថា៖«កាលពីមុន យើងពិបាកនឹងរកឆ្នេរសាធារណៈណាស់ ដោយសារគ្រប់គ្រងនិងប្រើប្រាស់ដោយអ្នកលក់ដូរជាបុគ្គលៗ អ៊ីចឹងដល់ពេលភ្ញៀវទេសចរមកដល់កន្លែងនេះគឺត្រូវការបង់លុយ ឬចូលទៅទិញម្ហូបអាហារបានទើបចូលទៅអង្គុយលំហែនៅឆ្នេរនោះបាន។ ឥឡូវនេះ យើងបានគ្រប់គ្រង កន្លងមក យើងបានរំដោះឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ។ យើងមានឆ្នេរសាធារណៈក្នុងរង្វង់១០គីឡូម៉ែត្រ ដូច្នេះពលរដ្ឋអាចមកកម្សាន្តលេងដោយគ្មានបុគ្គលណាមកទារលុយកាក់ទេ»។
បើតាមលោកអភិបាលខេត្តដដែល ខេត្តព្រះសីហនុ នឹងមានស្ពានមួយទៀត ឈ្មោះថាសែនត្រជាក់ចិត្ត សម្រាប់តភ្ជាប់ពីឆ្នេរអូរត្រេះ ទៅឆ្នេរពយជំទាវម៉ៅនៅថ្ងៃខាងមុខ។ លោកបញ្ជាក់ថា ស្ពានសែនត្រជាក់ចិត្តនេះកំពុងតែស្ថិតនៅក្រោមការសាងសង់៕