ជាតិ
ក្រសួង បញ្ជូន​មន្ត្រី ចុះ​ស្រាវជ្រាវ​ករណី​កម្មករ​ពីរ​នាក់​ស្លាប់ ដោយសារ​ថ្មភ្នំ​បាក់​លើ​
05, Jun 2020 , 9:59 pm        
រូបភាព
សកម្មភាពរើថ្មចេញដើម្បីរកសពជនរងគ្រោះ (រូបពីទំព័រហ្វេសប៊ុករបស់ BWTUC)
សកម្មភាពរើថ្មចេញដើម្បីរកសពជនរងគ្រោះ (រូបពីទំព័រហ្វេសប៊ុករបស់ BWTUC)
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធមនុស្ស (​សង់​ត្រា​ល់​) និង សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ជំរុញ​ចាត់វិធានការ ដោយ ចុះ​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ និង​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ជា​កម្ម​ករពី​រ​នាក់ ដែល​ស្លាប់ ដោយសារ​ថ្មភ្នំ​បាក់​លើ ព្រមទាំង​ស្នើ​ឲ្យ​ផ្អាក​ក្រុមហ៊ុន​ម៉ៅការ​។ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល អះអាងថា ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ មន្ត្រី​ក្រសួង បាន​ចុះ​ប្រមូល​ព័ត៌មាន និង​រៀបចំ​ឯកសារ ហើយ​បាន​បញ្ជូនទៅ​ឲ្យ​រដ្ឋ​ម​ន្រី្ត ពិនិត្យ​និង​វាយតម្លៃ​ហើយ​។ 


​តាមរយៈ​សេចក្ដីថ្លែងការណ៍​រួម ចេញ​នៅ​ថ្ងៃទី​២ ខែមិថុនា សង់​ត្រា​ល់ និង BWTUC បា​នស​ម្លែ​ង​ការសោកស្ដាយ ចំពោះ​ការស្លាប់​កម្មករ​ពីរ​នា​ក់ ដែល​ត្រូវ​ថ្មភ្នំ​បាក់​រលំ​លើ ខណៈ​ពួកគេ​កំពុង​ឃួ​ង​ថ្ម​យកទៅ​ផ្គត់ផ្គង់​ឲ្យ​រោង​ក​ច្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង​។ ហេតុ​ការ​នេះ កើតឡើង​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។ 
 
​បើតាម​ប្រភព​ដដែល កម្មករ​ទាំងពីរ​នាក់​នេះ គឺ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​ម៉ៅ​ការបន្ត​ពី​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុន​រ៉ុង​។ សង់​ត្រា​ល់ និង BWTUC បានស្នើ​ឲ្យ រដ្ឋាភិបាល​ជំរុញ​ការចាត់វិធានការ ដោយ​ផ្អាក​ក្រុមហ៊ុន​ម៉ៅការ​ចិន​នេះ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​និង​វាយតម្លៃ​។​
 
​លើសពីរ​នេះ សង់​ត្រា​ល់ និង BWTUC ស្នើ​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​ជាប្រចាំ លើ​គ្រប់​ក្រុមហ៊ុន​ម៉ៅការ​បន្ត​ពី​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ថៃ​ប៊ុន រ៉ុង ដើម្បី​ពិនិត្យ​បទដ្ឋាន​ការងារ និង​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ ដើម្បី​ដឹងថា​ជា​កំហុស​របស់​ភាគី​ណាមួយ​។ ក្រៅពីនេះ សង់​ត្រា​ល់ និង BWTUC ស្នើ​ឲ្យ​មានការ​ផ្ដល់​សំណង់​ដល់​គ្រួសារ​រងគ្រោះ​។   
 
​លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ថា ក្រុមការងារ​របស់​ក្រសួង បាន​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ និង​ធ្វើ​របាយការណ៍​រួចហើយ ដោយ​រង់ចាំតែ​រដ្ឋ​ម​ន្រី្ត​ពិនិត្យ​ប៉ុណ្ណោះ​។ 
 
​លោក ថ្លែងថា​៖«​ក្រុមការងារ​បាន​ចុះ​ព​និត្យ ប្រមូល​របាយការណ៍​ហើយ ចាំ​ថ្នាក់ដឹកនាំ​ធ្វើការ​វាយតម្លៃ​។ ចំពោះ​លទ្ធផល មិនទាន់​អាចសន្និដ្ឋាន​បានឡើយ ព្រោះ​ឆ្លងកាត់​ការពិនិត្យ​សិន ថា​អាច​នឹង​ស្រាវជ្រាវ​ឡើងវិញ​ឬ​យ៉ាងណា យើង​មិន​និយាយ​បានឡើយ​។ យើង​នឹង​រក​ឲ្យ​ឃើញថា ករណីនេះ ជា​កំហុស​របស់​ខាង​រោច​ក្រ ក្រុមហ៊ុន​ម៉ៅការ ឬ​ជា​កំហុស​របស់​កម្មករ​ដោយផ្ទាល់​»​។ 
 
​សូមបញ្ជាក់ថា កន្លងមក រោងចក្រ​ស៊ីម៉ង់ត៍ ថៃ​ប៊ុន រ៉ុង ធ្លាប់មាន​ករណី​ស្រុត​អគារ បង្ក​ឲ្យ​មាន​កម្មករ​រងរបួស​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក ដា​ញ់ សារី ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម ទូរស័ព្ទ នៅ​ថ្ងៃទី​៥ ខែមិថុនា​។ 
 
​លោក មិនបាន​បញ្ជាក់​ពី​ពេលវេលា​និង​ចំនួន​អ្នករងរបួស​ច្បាស់លាស់​ឡើយ​។ លោក និយាយថា​៖ «​កន្លងមក​កន្លែង​ណា​ក៏​តែងមាន​ចន្លោះប្រហោង មិនមាន​អ្វី​ល្អ​គ្រប់យ៉ាង​ឡើយ ប៉ុន្តែ​ក្រុម​ម៉ៅការ​សំណង់​នោះ ត្រូវបាន​បញ្ឈប់​ហើយ​»៕ 
 
 

Tag:
 បាក់​ថ្មភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com