អន្តរជាតិ
​កេ​ន​យ៉ា​ហាម​​«​សម្ភារ​ប្លា​ស្ទិ​ក​ប្រើ​ម្តង​បោះចោល​»​ជា​ផ្លូវការ​ដើម្បី​អបអរ​ទិវា​បរិស្ថាន​
05, Jun 2020 , 9:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​រដ្ឋ​អាហ្វ្រិក កេ​ន​យ៉ា ចាប់ផ្តើម​ហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ប្រើ​ម្តង​បោះចោល (single-use) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៥ ខែមិថុនា​។ ជំហាន​វិជ្ជមាន​ក្នុងការ​ប្រឆាំង​ប្លា​ស្ទិ​ក​នេះ​គឺធ្វើឡើង​ដើម្បី អបអរ​ទិវា​បរិស្ថាន​ពិភពលោក​។

 
​សម្ភារ​ប្លា​ស្ទិ​ក​ប្រើប្រាស់​ម្តង​បោះចោល​ដូចជា​ដប​ជ័រ និង​បំពង់​បឺត​ជាដើម នឹងត្រូវ​លែងមាន​វត្តមាន នៅតាម​ទីសាធារណៈ​នា​ទឹកដី​រដ្ឋ​អាហ្វ្រិក​ខាងកើត​កេ​ន​យ៉ា​ទៀតហើយ ចាប់ពី​ថ្ងៃ​សុក្រ​ទី ៥ ខែមិថុនា​នេះ​តទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​កេ​ន​យ៉ា Najib Balala បានបញ្ជាក់​ក្នុង​លិខិត​មួយច្បាប់​របស់ខ្លួន​ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​ថា វិធានការ​នេះ​គឺ​ត្រូវ​បានកំណត់​ចេញ​តាំងពី​ឆ្នាំមុន​ម្ល៉េះ​។ 
 
«​ការហាមឃាត់​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​ដោយ​ប្លា​ស្ទិ​ក​ដែល​កេ​ន​យ៉ា និង​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​។ យើង​សង្ឃឹមថា វិធានការ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការដាក់ ចេញ​គោលនយោបាយ​ស្រដៀង​គ្នា​ពី​សំណាក់​សហគមន៍​រដ្ឋ​អាហ្វ្រិក​ខាងកើត​ទាំងមូល​ផង​»​។ លោក Balala ថ្លែង​បែ​បប​នេះ​។ 
 
​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ប្រមាណ ពីរលាន​រៀងរាល់ឆ្នាំ មុនពេល​ផ្ទុះ ឡើង​នៃ​ជំងឺ​រាតត្បាត កូ​វីដ​-១៩​។ លទ្ធភាព​នៃ​ការទាក់ទាញ​អ្នកទេសចរ​ច្រើន​លាន​នាក់​រាល់ថ្ងៃនេះ​ក៏បង្ក​ឲ្យ​មានការ​បំពុលបរិស្ថាន​ជាពិសេស​ជំរុញ​ឲ្យ​កើនឡើង​នៃ​សម្រាម​ប្លា​ស្ទិ​ក​ដូចគ្នា​។ 
 
​យោងតាម​របាយការណ៍​កម្មវិធី​អង្គការសហប្រជាជាតិ​ស្តីពី​បរិស្ថាន (UNEP) មនុស្ស​លើ​ពិភពលោក​បង្កើត​សម្រាម​ប្លា​ស្ទិ​ក​ប្រហែល ៨,៣ ពាន់​លាន​តោន​រាប់​ចាប់ពី​អំឡុង​ឆ្នាំ ១៩៥០​។ អ្វីដែល​គួរ​ឲ្យ​សោកស្តាយ ៦០​ភាគរយ​នៃ​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវបាន​គេ​កប់​ចោល ឬ បោះចោល​ពាសវាល​ពាសកាល​តាម​ធម្មជាតិ​ដែរ​។​
 
​ការអនុវត្ត​វិធានការ​ដោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​នេះដែរ បានទទួល​ការស្វាគមន៍​ពី សកម្មជន​បរិស្ថាន​ជាពិសេស អ្នក​បរិស្ថាន​ដ៏​ល្បី Dipesh Pabari ដែល​ធ្វើដំណើរ​លើ​ទូក​ដែល​សង់​ឡើង​ពីស​ម្រាម​ប្លា​ស្ទិ​ក​ក្នុង​ចម្ងាយ ៥០០​គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​ពី​កេ​ន​យ៉ាង​ដល់ តង់​ហ្សា​នី​កាលពី​ឆ្នាំ ២០១៩​។ 
 
​អ្នក​បរិស្ថាន​រូបនេះ​លើកឡើង​ដូច្នេះ ៖ «​យើង​ជា​សាក្សី​ដែល​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​គ្រោះមហន្តរាយ  ប្រព័ន្ធ​ជីវចម្រុះ និង​សហគមន៍​របស់​យើង​កំពុង​ប្រឈម បណ្តាលមកពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ម្តង​បោះចោល​»​។ 
 
«​ឥឡូវនេះ អំឡុងពេល​មាន​មេរោគ​រាតត្បាត យើង​ក៏​កំពុង​ឃើញ​អ្វីដែល​កើតឡើង​នៅពេលដែល​យើង​រាល់គ្នា​បំផ្លាញ​ភពផែនដី និង​បំផ្លាញ​ប្រព័ន្ធ​មួយ​ដែល​ទ្រទ្រង់​ជីវិត​មនុស្សជាតិ​រាល់គ្នា​នោះ​»៕
 

Tag:
 ​កេ​ន​យ៉ា​
  ប្លា​ស្ទិ​ក​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com