ជាតិ
សុខភាព
​វេជ្ជបណ្ឌិត​ជំនាញ​៖ អ្នក​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង ចាំបាច់​ត្រូវ​ឆ្លុះ​ក្រពះ​រកមើល​ដុំ​សាច់​មហារីក
05, Jun 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺមហារីក​ក្រពះ គឺជា​កោសិកា​ក្រពះ​ដែលមាន​ការវិវត្តន៍​ពី​ការ​រលាក និង​ដំបៅ​ក្រពះ ហើយ​ទៅជា​ដុំ​មហារីក​។ ជំងឺ​នេះ ភាគច្រើន​កើត​លើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ​។ បើតាម​លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ជំងឺមហារីក​ក្រពះ​មាន​រោគសញ្ញា ដូចជា ស្រក​គីឡូ​, លាមក​ខ្មៅ ឬ​មាន​ឈាម​, បរិភោគ​អាហារ​ឆាប់​ឆ្អែត និង​ពេល​បរិភោគ​អាហារ​ធ្វើឱ្យ​ចុក​ណែន​ពោះ​ជាដើម​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស​ពោះវៀន ក្រពះ និង​ឫសដូងបាត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដូចតទៅ​៖ 
 
 
 
​លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស​ពោះវៀន​, ក្រពះ និង​ឫសដូងបាត បាន​ឲ្យ​ដឹងថា ជំងឺមហារីក​ក្រពះ​អាច​ព្យាបាល​ជា បើ​ស្ថិតនៅ​ដំណាក់កាល​ដំបូង​។ ប៉ុន្តែ បើ​ទុក​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ហើយ​នោះ មិនអាច​ព្យាបាល​ជា​ទេ គ្រាន់តែ​អាច​ព្យាបាល​ពន្យា​ប៉ុណ្ណោះ​។ ដើម្បី​ការពារ​ជំងឺមហារីក​ក្រពះ កុំឱ្យ​វិវត្តន៍​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ វិ​ជ្ជ​បណ្ឌិត​នៃ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ជ័យ វិទ្យា​រិទ្ធី បាន​បញ្ជាក់ថា អ្នក​ដែលមាន​វ័យ​៥០​ឆ្នាំ​ឡើងទៅ​គួរតែ មក​ពិនិត្យ​ក្រពះ ព្រោះ​ក្នុង​វ័យ​នេះ ភាគច្រើន​មាន​ដុំ​សាច់​មិនល្អ​ក្នុង​ក្រពះ ឬ​ពោះវៀន​។​
 
«​បើ​យើង​ឆ្លុះ​ក្រពះ​ក្នុង​អាយុ​៥០​ឆ្នាំ ក្រពះ​ពោះវៀន​មិនមាន​បញ្ហា​ទេ នោះគេ​ឱ្យ​៥​ឆ្នាំ​ឆ្លុះ​ក្រពះ​ម្ដង លើកលែងតែ​ប្រើ​ថ្នាំ​សរសៃ​, ថ្នាំ​ក្រពះ​ពោះវៀន​ក្នុងករណីនេះ​ត្រូវ​ឆ្លុះ​ឡើងវិញ​។ អាយុ​ចន្លោះ​ពី​៥០​ទៅ​៧០​ឆ្នាំ គាត់​ប្រហែល​អាច​ឆ្លុះ​ពី​៤-៥​ដង ប្រសិនបើ ផុតពី​អាយុ​៧០​ឆ្នាំ គ្មាន​បញ្ហា​អ្វី​ទេ គេ​លែងឱ្យ​គាត់​ឆ្លុះ​ហើយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស​ពោះវៀន ក្រពះ និង​ឫសដូងបាត ពី​មូល​ហេតុដែល​ចាំបាច់​ត្រូវ​ឆ្លុះ​ក្រពះ​។​
 
​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រូបនេះ​បាន​បន្ថែមថា ការឆ្លុះ​ក្រពះ​មិនមែន​រកតែ​ដុំ​សាច់​មហារីក​តែមួយ​មុខ​ទេ ប៉ុន្តែ​ជាការ​ឆ្លុះ​រក​គ្រប់​បញ្ហា​ក្រពះ និង​ពោះវៀន ដូចជា​បញ្ហា រលាក​, ដុះ​សាច់ និង​ដំបៅ​ក្រពះ​ជាដើម​៕

Tag:
 មហារីកក្រពះ​
© រក្សាសិទ្ធិដោយ thmeythmey.com