ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Rodtang សំងំ​ហ្វឹក​ហាត់គុន​ចម្រុះ​ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់​លំដាប់​ពិភពលោក​
06, Jun 2020 , 9:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី

Rodtang Jitmuangnon ឬ រហស្សនាម «​មនុស្ស​ដែក​» ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កំពុងតែ​សំងំ​ហ្វឹកហាត់​ដើម្បី​ស្វែងរក​ខ្សែក្រវាត់​ថ្មី​ក្នុង​ក្បាច់គុន​ថ្មី​ផ្សេងទៀត​ខុសពី​មួយ​ថៃ និង ឃី​ក​បុក​សី​ង គឺ​គុន​ចម្រុះ​។


 
​តារា​មួយ​ថៃ​មកពី​បាងកក​បានបង្ហាញ​ចំណាប់អារម្មណ៍​ដណ្ដើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ពី Ilias “Tweety” Ennahachi នាពេល​ឆាប់ៗ​ពេល​សង្វៀន​ដំណើរការ​វិញ ប៉ុន្តែ​រូបគេ​ក៏​ចង់​ក្លាយជា​កីឡាករ​គុន​ចម្រុះ​កំពូល​ម្នាក់​ទៅ​ថ្ងៃមុខ​ដែរ​។ ការធ្វើ​បែបនេះ​ដូច​អ្វីដែល​សង្សារ​របស់ខ្លួន  Stamp Fairtex បានធ្វើ​កន្លងមក​អីចឹង​ពោល​ខ្លាំង​ទាំង​មួយ​ថៃ ឃី​ក​បុក​សី​ង និង គុន​ចម្រុះ​។ “The Iron Man”​ឬ មនុស្ស​ដែក​ចង់​ក្លាយជា​ជើង​ខ្លាំង​នៅ​គុន​ចម្រុះ​មួយទៀត​មិន​ឲ្យ​ចាញ់ Stamp នោះឡើយ​។​
 
“The Iron Man” បាន​ថ្លែងថា ៖«​ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship រួចហើយ ដូច្នេះ​គោលដៅ​បន្ទាប់​គឺ​យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ពី [Ennahachi]​។ ខ្ញុំ​ធ្លាប់​ប្រកួត​ឃី​ក​បុក​សី​ង​រួចមកហើយ​។ ហើយ​បន្ទាប់ពី​ការប្រកួត​នេះ ខ្ញុំ​នឹង​ដូរ​ទៅ​ប្រកួត​គុន​ចម្រុះ​វិញ​ម្ដង​»​។ 


 
​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ​ខាងលើ​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​មាន​ក្បាច់​គោល​រួចទៅហើយ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​បន្ថែម​ក្បាច់​ប្រកួត​គ្នា​នៅ​ឡើង​ក្ដារ​រេញ​រាបស្មើ​ប៉ុណ្ណោះ​។ ខ្ញុំ​ជា​កីឡាករ​ប្រដាល់​យូរហើយ ដូច្នេះ​វា​មិន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ​។ ជាមួយគ្នានេះ ខ្ញុំ​ក៏​ចង់បង្ហាញ​ឲ្យ​គេ​ឃើញថា ខ្ញុំ​អាច​ទៅដល់​កម្រិតណា និង​ធ្វើ​បានល្អ​កម្រិតណា​»​។ 
 
Rodtang បាន​ហ្វឹកហាត់​ជឺ​ជិត​ស៊ូ ស្ងាត់ៗ កាល​សប្ដាហ៍​មុន​រហូតដល់​ពេលនេះ​។ Rodtang ហ្វឹកហាត់​នៅ​ក្លិប Fairtex Training Center នា​ក្រុង​ផាត់​តា​យ៉ា​ប្រទេស​ថៃ ដើម្បី​ពង្រឹង​ក្បាច់គុន​ប្រកួត​លើ​ក្ដារ​រេញ​របស់គេ​។ Fairtex Training Center គឺ​ក្លិប​ដែល​បណ្ដុះបណ្ដាល​សង្សារ​រ​បស់ Stamp ឲ្យ​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក និង ជា​អ្នកលេង​គុន​ចម្រុះ​លេចធ្លោ​ម្នាក់​នាពេល​បច្ចុប្បន្ន​។ 
 
​ក្រៅពី​ហ្វឹកហាត់​ជាមួយ​ដៃគូ Stamp ដែលជា​សង្សារ Rodtang ក៏​ហ្វឹកហាត់​ជាមួយ​កីឡាការិនី​គុន​ចម្រុះ Denice “The Menace Fairtex” Zamboanga ដែល​កំពុង​ស្ថិតនៅ​លំដាប់​កំពូល​និង​ជា​កីឡាការិនី​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Atomweight World Title នាពេលខាងមុខ​។ Rodtang ក៏បាន​ធ្វើការ​លើ​ក្បាច់​ចាប់​ជាមួយ​កីឡាករ​ផ្សេងៗ​ទៀត​នៅក្នុង​ក្លិប​ដែលមាន​ជំនាញ​លើ​ផ្នែក​គុន​ចម្រុះ​នេះដែរ​។ 
 
​នាពេល​បច្ចុប្បន្ននេះ គេ​មិនទាន់មាន​គម្រោង​ថា​តើ “The Iron Man” នឹង​បង្ហាញខ្លួន​ក្នុង​គុន​ចម្រុះ​នៅពេលណា​នោះទេ​។ យ៉ាងណាក្ដី រូបគេ​នឹង​អាច​ផ្លាស់ប្ដូរ​ទៅ​ប្រកួត​គុន​ចម្រុះ បើសិន​មិន​រង​បរាជ័យ​ក្នុងការ​ប្រកួត​មួយ​ថៃ​នោះទេ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com