ជាតិ
មហិច្ឆតា​ប្រែក្លាយ​ភ្នំពេញ​ជា​ក្រុង​ស្អាត លោក នី​ដូ ផ្តើម​ពី​ការប្រមូល​សំរាម​តាម​ផ្សារ​មក​កែច្នៃ​
06, Jun 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ព្រោះ​មិន​ចង់ឃើញ​ភ្នំពេញ មាន​កាកសំណល់​ស្អុយរលួយ​ចោល​នៅតាម​ផ្សារ រោងចក្រ កសិដ្ឋាន និង​ទីសាធារណៈ លោក គីម នី​ដូ បាន​ដើរ​ប្រមូល​កាកសំណល់​ទាំងនោះ ជា​រៀល​រាល់ថ្ងៃ យកមក​កែច្នៃ​ជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន​។ សំរាម​ស្អុយរលួយ ដែល​លោក នី​ដូ យល់ថា វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ខ្យល់អាកាស​នោះទេ ប៉ុន្តែ​សោភ័ណភាព​រាជធានី​ភ្ន​ពេញ ក៏ត្រូវ​វា​ទាញ​ទម្លាក់​ដែរ​។ រយៈពេល​៨​ឆ្នាំ​មកហើយ ដែល​លោក នី​ដូ បានធ្វើ​ការងារ​លើ​កាកសំណល់​បន្លែ ផ្លែឈើ កាក​អំពៅ សំបក​ដូង កំទេច​រណារ សម្រាប់​បណ្តុះ​ផ្សិត និង​សំណល់​ផ្ទះបាយ​ជាដើម​មក​កែច្នៃ ព្រោះតែ​លោក ចង់ឱ្យ​ភ្នំពេញ​ដែលជា​បេះដូង​របស់​កម្ពុជា ក្លាយជា​ទីក្រុង​បរិស្ថាន​ស្អាត​។​



​នៅក្នុង​បរិវេណ​ដីឡូត៍​ធំ​មួយកន្លែង នៅ​ខណ្ឌ​សែន​សុខ ជាយ​រាជធានី មាន​សំណល់​កាក​អំពៅ សំបក​ដូង កំទេច​រណារ និង​សំណល់​ផ្សេងទៀត​លាយឡំ​ជាមួយ​សំណល់​បន្លែ និង​ផ្លែឈើ​ផង ត្រូវបាន​គេ​ប្រមូល​មក​ទុក​គរ​លើ​គ្នា​។ គំនរ​សំណល់​ចម្រុះ​នេះ​មាន​កម្ពស់​ជាង​២​ម៉ែត្រ និង​មាន​បរិមាណ ជាច្រើន​តោន​។ ចំណែក​ម៉ាស៊ីន និង​គ្រឿងចក្រ​ផ្សេងៗ ក៏​កំពុងដំណើរការ​កំទេច នឹង​ប​ម្លែ​ង​សំណល់​មួយចំនួនធំ​នោះ​ទៅជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន​។ ជីធម្មជាតិ​នេះ គឺ​សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ ដែល​នឹង​ជួយ​ជំរុញ​ដល់​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​។ 


 បុគ្គលិក​របស់​ក្រុមហ៊ុន Twin Agri Tech ប្រមូល​កាកសំណល់​បាន​ពី​ផ្សារ​លើកដាក់​ចូល​ឡាន​។​

​លោក គីម នី​ដូ ដែលជា​ម្ចាស់​ក្រុមហ៊ុន​កែច្នៃ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក និង​មិត្តភក្តិ​ជនជាតិ​សិង្ហ​បុរី​ម្នាក់ បាន​បង្កើត​ក្រុមហ៊ុន Twin Agri Tech. Co. Ltd ដែលជា​ក្រុមហ៊ុន​កែច្នៃ​ជីកំប៉ុស និង​ជី​អាម​ច៍​ជន្លេន ពី​កាកសំណល់ នៅក្នុង​ឆ្នាំ​២០១៣​។ មាន​មាឌ​ក្រអាញ​បន្តិច សម្បុរ​ស្រគាំ លោក នី​ដូ ពន្យល់ថា ខ្លួន​មាន​មហិច្ឆតា​ប្រមូល​កាកសំណល់​នានា​នៅក្នុង​រាជធានី​ភ្នំពេញ និង​ចង់​ប្រែក្លាយ​ភ្នំពេញ ដែលមាន​សំរាម​ប្រមាណ ៣​ពាន់​តោន​ក្នុង​មួយថ្ងៃៗ ទៅជា​ទីក្រុង​បរិស្ថាន​គំរូ​។ តាម​បុរស​បុរស​វ័យ​៣២​ឆ្នាំ​រូបនេះ កាកសំណល់​ដែល​ក្រុមហ៊ុន​ខ្លួន​ប្រមូល ក្រៅពី​ជួយ​សម្អាត​ដល់​បរិស្ថាន​ហើយ ក៏​ជួយ​ជំរុញ​ផលិតកម្ម ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ទៀតផង​។ ពី​បុគ្គលិក​ផ្នែក​លក់​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​មួយ ដែល​ធ្វើ​ការងារ​លើ​ការកែច្នៃ​កាកសំណល់​នៅ​ភ្នំពេញ ព្រោះតែ​កី្ត​ស្រលាញ់​បរិស្ថាន និង​កសិកម្ម​។ 
 
​ពេល​ចាប់ផ្តើម​រង​ការទិតៀន តែ​លោក នី​ដូ មិន​រាថយ​ទេ​
 
​ដំណើរការ​ក្រុមហ៊ុន​កែច្នៃ​កាកសំណល់ គឺ​មិន​ងាយស្រួល​ឡើយ​។ ដ្បិតតែ​មិន​ចំណាយ​ថវិកា​ច្រើន ទៅលើ​វត្ថុធាតុដើម ប៉ុន្តែ​លោក នី​ដូ បាន​ចំណាយពេល និង​ទឹកចិត្ត​ដ៏​ច្រើន បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ ពិសេស​អាជីវករ ម្ចាស់​កសិដ្ឋាន ផ្តល់​កាកសំណល់​មក​ឲ្យ​ខ្លួន​។ បើតាម​ម្ចាស់​ក្រុមហ៊ុន​មកពី​ខេត្តស្វាយរៀង​រូបនេះ ទម្រាំ​ក្រុមហ៊ុន Twin Agri Tech ដំណើរការ​មកដល់​ស​ព្វ​ថ្ងៃ លោក និង​មិត្តភក្តិ បាន​ដើរតួ​ជា​ម្ចាស់​ក្រុមហ៊ុន​ផង ជា​កម្មករ​ប្រមូល​សំណល់​ពី​គំនរ​សំរាម​ផង ពន្យល់​ពលរដ្ឋ​ឲ្យ​ញែក​សំរាម​ផង ហើយក៏​ជា​អ្នក​ផលិត​ជី​កសិកម្ម​ធម្មជាតិ​ពី​កាកសំណល់​ទាំង​ផង​។ ការងារ​អប់រំ​ពលរដ្ឋ ឲ្យ​បែងចែក​សំរាម គឺជា​រឿង​ដែល​លំបាក​ជាងគេ ហើយ​ពេលខ្លះ​លោក នី​ដូ ក៏​ទទួលបាន​ការមិន​ពេញចិត្ត ពី​អាជីវករ​ផងដែរ​។ 


អាជីវករ​លក់​ដូង​ម្នាក់ បាន​ដឹក​សំបក​ដូង​យកមក​ឱ្យ​ក្រុមហ៊ុន Twin Agri Tech ដោយ​ឥត​ថ្លៃ កាលពី​ថ្ងៃទី​១៩​ឧសភា ឆ្នាំ​២០២០​។ 

​លោក នី​ដូ រំឭក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ទាំង​ទឹកមុខ​ស្រពោន​ថា​៖«​ពេល​ចាប់ផ្តើម​បង្កើត​ការងារ​នេះ​ឡើង គឺ​យើង​មាន​គ្នា​តែ​២​នាក់​គត់ នាំគ្នា​អូសរ​ទះ​ម្នា​ក់មួយៗ ដើរ​ប្រមូល​កាកសំណល់​ដាក់​ឡាន ដើម្បី​ដឹកយក​មក​កែច្នៃ​។ ពួកយើង​ដើរ​ប្រមូល​កាកសំណល់​បណ្តើរ ពន្យល់​ពលរដ្ឋ​បណ្តើរ ពី​ការ​បែក​ចែក​កាកសំណល់​ឱ្យនៅ​ដាច់​ពី​សំរាម ហើយ​ពួកយើង ក៏​កែច្នៃ​ជី​កសិកម្ម​ពី​កាកសំណល់​ដែល​ប្រមូលបាន​នោះ បណ្តើរ​ផងដែរ​។ យើង​មានការ​លំបាក​ខ្លាំង​! ពេលខ្លះ​យើង​ត្រូវបាន​ពួកគាត់​ស្តី​បន្ទាស​ទៀត ព្រោះតែ​គាត់​មិន​ទុកចិត្ត​យើង និង​មិន​យល់​ពី​គោលបំណង​នៃ​ការងារ​យើង​»​។​


បុគ្គលិក​របស់​ក្រុមហ៊ុន Twin Agri Tech កំពុង​យក​កាក​អំពៅ​ដាក់​ចូលក្នុង​ម៉ាស៊ីន​កិន​ឱ្យ​ល្អិត​សម្រាប់​ជី​អាច​ន៍​ជន្លេន​ក្នុង​មុខ​ក្រុមហ៊ុន កាលពី​ថ្ងៃទី​១៩​ឧសភា ឆ្នាំ​២០២០​។ 

​ថ្វី​ដ្បិត​ជួប​ការ​លំបាកលំបិន​ច្រើន​បែបនេះ​ក៏ដោយ លោក នី​ដូ ថា​ខ្លួន​មិនដែល​មានគំនិត​បោះបង់ចោល​ការងារ​នេះ​ម្តងណា​ឡើយ​។ លោក នៅតែ​ចង់​ឲ្យ​ក្តី​ស្រមៃ​របស់ខ្លួន នោះ​គឺ​ទីក្រុង​ភ្នំពេញ​ដែល​គ្មាន​សំណល់​សរីរាង្គ​ស្អុយរលួយ​នៅ​ចោល​ពាសពេញ​តាម​ដងផ្លូវ​,​ផ្សារ​,​មុខផ្ទះ និង​តាម​កសិដ្ឋាន​ជាដើម លេចចេញ​ជា​រូបរាង​។ ហើយ​នេះ​គឺជា​អ្វីដែល​ជំរុញ​ទឹកចិត្ត​ឲ្យ លោក នី​ដូ នៅ​ធ្វើការ​ជាមួយនឹង​សំរាម​រាល់ថ្ងៃនេះ​។​


 រុម​បុគ្គលិក​របស់​ក្រុមហ៊ុន Twin Agri Tech កំពុង​រៀបចំ​ទុកដាក់​ជី​កសិកម្ម​ដែល​ផលិត​បាន​ពី​កាកសំណល់ កាលពី​ថ្ង​ទី​១៩​ឧសភា ឆ្នាំ​២០២០​។ 

​បើតាម​លោក នី​ដូ វត្តមាន​របស់​ក្រុមហ៊ុន Twin Agri Tech រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ គឺ​បានរួម​ចំណែក​ក្នុងការ​បង្រៀន និង​ផ្លាស់ប្តូរ​គំនិត​របស់​ពលរដ្ឋ​មួយចំនួន ដែល​រស់​នៅតាម​ផ្ទះ អ្នកផ្សារ និង​ម្ចាស់​កសិដ្ឋាន ឱ្យ​ចេះ​បែក​ចែក ឬ​ទុកដាក់​សំរាម និង​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។ លោក​បាន​និយាយ​ដូច្នេះ​៖ «​ចំពោះ​អាជីវករ និង​ពលរដ្ឋ​ដែល​ឧបត្ថម្ភ​កាកសំណល់​ឱ្យ​ក្រុមហ៊ុន​យើង គឺ​ពួកគាត់​យល់ដឹង​ច្រើន ប្រហែល​៨០​ភាគរយ ពី​ការ​បែក​ចែក និង​ទុកដាក់​កាកសំណល់​ឱ្យ​ត្រឹមត្រូវ​។ ឥឡូវនេះ ខ្ញុំ​លែង​ចំណាយ​លើ​ការទិញ​កាកសំណល់​ពី​ពួកគាត់ ដោយសារ​ពី​ពួកគាត់​យល់​ពី​អត្ថប្រយោជន៍ នៃ​ការងារ​របស់ខ្ញុំ ដែល​បាន​ជួយ​គាត់​បាន​មួយចំណែក ក្នុងការ​ដឹកជញ្ជូន​ចេញ​កាកសំណល់​ដែល​គាត់​មាន​។ ហើយ​តំបន់​ដែល​ខ្ញុំ​ធ្លាប់​ចុះ​កាយ​កាកសំណល់ ចេញពី​គំនរ​សំរាម​ពីមុន គឺ​ពួកគាត់​បាន​ទុកដាក់​កាកសំណល់​ដែល​ខ្ញុំ​ត្រូវការ​ហ្នឹង ក្នុង​ថង់ ឬ​កា​រ៉ុង​ត្រឹមត្រូវ​មួយ​នៅ​ដាច់ដោយឡែក​ពី​សំរាម​ផ្សេងៗ​»​។ 
 
​បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ ក្រុមហ៊ុន​នេះ មានលទ្ធភាព​ប្រមូល​កាកសំណល់​បាន​ពី​៣០ ទៅ​៤៥​តោន ពី តាម​ផ្សារ​អូរឫស្សី​, ផ្សារ​ដើម​គរ​, ផ្សារ​ជម្ពូ​រវ័ន និង​ផ្សារ​នានា​នៅ​ភ្នំពេញ​។ ក្រៅពីនេះ​ក៏មាន​ពលរដ្ឋ​មួយចំនួន ពិសេស​អ្នកលក់​ដូង អ្នកលក់​ទឹកអំពៅ ដឹក​សំបក​ដូង និង​កាក​អំពៅ មក​ឱ្យដល់​កន្លែង​កែច្នៃ​របស់​ក្រុមហ៊ុន​ផងដែរ​។ សំណល់​ដែល​ប្រមូលបាន​ក្នុង​មួយថ្ងៃៗ អាច​ផលិត​ជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន បាន​ពី​២៣ ទៅ​២៥​តោន​។ បើ​ធៀប​នឹង​ពេល​ចាប់​ផ្តើមដំបូង មាន​ជី​កសិកម្ម​តែ​ប្រមាណ​២​តោន​ប៉ុណ្ណោះ​ត្រូវបាន​ផលិត​។ 


 
​តាម​លោក គីម នី​ដូ សំរាម​សរីរាង្គ​ជិត​៥០​តោន ដែល​ត្រូវបាន​ប្រមូល​យកទៅ​កែច្នៃ​ជា​រៀងរាល់ថ្ងៃ នោះ គឺ​មិនបាន​១០​ភាគរយ​ផង​នៃ​បរិមាណ​សំណល់​សរីរាង្គ​សរុប​នៅ​ភ្នំពេញ ដែលមាន​រហូតដល់​៦០០​តោន​ក្នុង​មួយថ្ងៃ​។ សម្រាប់​លោក នី​ដូ ចំនួន​កែច្នៃ​នេះ គឺ​តិចតួច​មែនទែន ប៉ុន្តែ​ក្រុមហ៊ុន​នៅ​ខ្វះ​ឧបករណ៍​។ ទោះយ៉ាងណា លោក សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​ខ្លួន​នឹងមាន​លទ្ធភាព​កែច្នៃ​សំរាម​បាន​កាន់តែច្រើន ដោយ​ការស្វែងរក​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​, ក្រុមហ៊ុន​ប្រមូល​សំរាម  និង​ក្រសួងបរិស្ថាន​ប្រមូល​កាកសំណល់​សរីរាង្គ​ឱ្យ​អស់ពី​ភ្នំពេញ និង​ឈានទៅ​សម្រេច​មហិច្ឆតា​ប្រែក្លាយ​ភ្នំពេញ ទៅជា​ទីក្រុង​បរិស្ថាន​គំរូ​នោះ​។​
 
​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​សំរាម​ចន្លោះ ២,៧០០-៣,០០០​តោន​ក្នុង​មួយថ្ងៃ  ក្នុងនោះ​ប្រមាណ​៤០០-៦០០​តោន ឬ​១៥-២០​ភាគរយ ជា​សំរាម​សរីរាង្គ​,​សំរាម​ប្លា​ស្ទិ​កមាន​ពី​១,៦០០-១,៩៥០​តោន ឬ​៦០-៦៥​ភាគរយ​) និង​ប្រហែល​៦០០​តោន ឬ​២០​ភាគរយ​ទៀត ជា​សំណល់​រឹង និង​សំណល់​ឧស្សាហកម្ម​ផ្សេងៗ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន​៕
 
 

Tag:
 កសិកម្ម​
  ផ្សារ​
  សំរាម​
  កាកសំណល់​
  លោក គីម នី​ដូ​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com