ជាតិ
ទិវា​បរិស្ថាន​ជាតិ​៖ NGO Forum ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន និង​ជីវៈចម្រុះ​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង​
05, Jun 2020 , 6:51 pm        
រូបភាព
​ភ្នំពេញ​៖ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ក្រសួងបរិស្ថាន បានកំណត់​យក​ប្រធានបទ​ស្របតាម​ពិភពលោក​គឺ «​អភិរក្ស​ជីវៈចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​»​។ ស្របពេល​គ្នា​នេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) បាន​ប្រារព្វ​ទិវា​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​បន្ថែម​ពី​សារៈសំខាន់​នៃ​ការអភិរក្ស​ជីវៈចម្រុះ​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ជង​។

 
«​មូលហេតុ​ដែល NGO Forum ប្រារព្វ​ទិវា​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​ចំណេះដឹង​ទាក់ទង​នឹង​ការអភិរក្ស​ជីវៈចម្រុះ​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ជង និង​ជំរុញ​ឲ្យ​សហគមន៍​បន្ត​ចូលរួម​អភិរក្ស​ជីវៈចម្រុះ​បន្តទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ផ្ទាល់ និង​ប្រជាជន​លើ​សកលលោក​ទាំងមូល​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ NGO Forum ដោយ​បន្ថែមថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ជង បានរៀបចំ និង​គ្រប់គ្រង​សហគមន៍​អេកូរ​ទេសចរណ៍​ជនជាតិដើម​ភាគតិច​ជង ព្រមទាំង​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍​បាន​យ៉ាង​ល្អ​។ 


 
​លោក តឹក វណ្ណា​រ៉ា បន្តថា NGO Forum លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ចូលរួម​ថែរក្សា​បរិស្ថាន អភិរក្ស​ជី​រៈ​ចម្រុះ និង​រួមចំណែក​ដល់​សហគមន៍​អេកូ​ទេសចរណ៍​នៅ​ទូទាំងប្រទេស តាមរយៈ​ដំណើរ​កម្សាន្ត​ទៅតាម​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​គាំទ្រ និង​ជា​ប្រយោជន៍​ដល់​សហគមន៍ ដោយ​ត្រូវគោរព​ក្រមសីលធម៌​របស់​សហ​គម​ន៍​។ 
 
​ជាមួយគ្នានេះ លោក ទិល ចាន់ មេឃុំ​ស្ដីទី​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង បាន​បញ្ជាក់ថា ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​តំបន់​អា​រ៉ែ​ង មានការ​យល់ដឹង និង​ស្រឡាញ់​បរិស្ថាន ដោយសារ​ពលរដ្ឋ​ភាគច្រើន បាន​ចំណូល​ពី​សេវា​ផ្សេងៗ ពេល​ភ្ញៀវទេសចរ មកលេង​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ក្នុង​តំបន់​អា​រ៉ែ​ង​។ លោក ទិល ចាន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​ពីមុន​ពលរដ្ឋ​នៅ​ឃុំ​ជំនាប់ កាប់​ព្រៃឈើ​ច្រើន ដើម្បី​រក​ចំណូល​បន្ថែម​ពី​ការធ្វើ​ស្រែចម្ការ និង​ការប្រមូល​អនុផល​ព្រៃឈើ ប៉ុន្តែ​ក្រោយពី​មានការ​អប់រំ​ផ្សព្វផ្សាយ​ច្រើន និង​មានការ​រៀបចំ​សហគមន៍​អេកូរ​ទេសចរណ៍ ពលរដ្ឋ​ទាំងនោះ បាន​កាត់បន្ថយ​ការកាប់​ព្រៃឈើ​»​។ 


 
​យោងតាម​របាយការណ៍​ជាតិ​លើក​ទី​៤ ស្ដីពី​ជីវចម្រុះ​របស់​អង្គការ US Agency for International Development (USAID) ឆ្នាំ​២០១៩ នៅ​កម្ពុ​ជាមាន​រុក្ខជាតិ​ចម្រុះ​ប្រមាណ ២ ៣០០​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣​ប្រភេទ​, សត្វ​ស្លាប​ប្រមាណ​, ៥៤៥​ប្រភេទ ឧរង្គសត្វ​, ៨៨​ប្រភេទ​, ត្រី ៨៧៤​ប្រភេទ និង​ថលជលិក ៦៣​ប្រភេទ សរុប​ចំនួន ៣ ៩៩៣​ប្រភេទ​៕ 
 

Tag:
 ទិវា​បរិស្ថាន​
  NGO Forum
  អា​រ៉ែ​ង
© រក្សាសិទ្ធិដោយ thmeythmey.com