កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កីឡាករ​បាល់ទាត់​ដំបូង​បំផុត​ដែលមាន​ឈ្មោះ​ជា «​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​»
06, Jun 2020 , 10:42 am        
រូបភាព
Ronaldo និងភរិយា Georgina Rodriguez នាពិធី MTV Europe Music Awards កាលពីខែវិច្ឆិកា ឆ្នាំ២០១៩  និងពេលអបអរគ្រាប់បាល់បញ្ចូលទីឲ្យ Juventus។ រូបថត AFP
Ronaldo និងភរិយា Georgina Rodriguez នាពិធី MTV Europe Music Awards កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងពេលអបអរគ្រាប់បាល់បញ្ចូលទីឲ្យ Juventus។ រូបថត AFP
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​យោងតាម​ការផ្សាយ​របស់​ទស្សនា​វ​ដ្តី Forbes កីឡាករ​ក្លិប Juventus រូបនេះ មាន​ចំណូល​បន្ថែម​១០៥​លាន​ដុល្លារ​បន្ថែមទៀត ក្រោយ​ការ​កាត់​ពន្ធ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន ដែល​នាំ​ឲ្យ​គេ​ក្លាយជា​អត្ត​ព​លិ​ក​ទី​៣ ដែលមាន​ទ្រព្យសម្បត្តិ​ពាន់​ដុល្លារ​អាមេរិក (Billionaire) បន្ទាប់ពី Tiger Woods និង Floyd Mayweather​។

 
 
​អាយុ​៣៥​ឆ្នាំ Ronaldo ស្ថិតក្នុង​បញ្ជី The World’s Highest-Paid Celebrities ប្រចាំឆ្នាំ​២០២០ របស់ Forbes បន្ទាប់ពី​វីរបុរស​កីឡា​វាយ​កូន​បាល់ Roger Federer តារាចម្រៀង​រ៉េ​ប Kanye West និង​តារា​បង្ហាញ​ម៉ូដ Kylie Jenner​។ កន្លងមក Kylie Jenner មានឈ្មោះ​ក្នុង​បញ្ជី Billionaire ផងដែរ ប៉ុន្តែ​ទស្សនា​វ​ដ្តី Forbes ដក​ចេញពី​បញ្ជី​វិញ​។​
 
Lionel Messi ខ្សែប្រយុទ្ធ Barcelona ដែលមាន​ចំណូល​១០៤​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំមុន ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ ខណៈ Neymar ខ្សែប្រយុទ្ធ​ក្លិប Paris Saint-Germain ស្ថិតនៅ​លេខ​៧ ជាមួយនឹង​ចំណូល​បន្ថែម​៩៥.៥​លាន​ដុល្លារ​។​
 
Ronaldo រកបាន​៦៥០​លាន​ដុល្លារ​អាមេរិក ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អាជីព​រយៈពេល​១៧​ឆ្នាំ ហើយ​ក្រៅពីនោះ បាន​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ព្រឹត្តិការណ៍​ផ្សេងៗ ជាពិសេស​ក្នុងនាម​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Nike តាំងពី​ឆ្នាំ​២០១៦ និង​ម៉ាក​ល្បីៗ​ផ្សេងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com