ដោយ៖ តូច សម្បត្តិ
កាលពីពាក់កណ្តាលខែមីនាកន្លងទៅ នៅពេលដែលការរាលដាលជំងឺ កូវីដ-១៩ បានកើនឡើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅជុំវិញពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស បិទគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលសាធារណៈ និងឯកជនទាំងអស់នៅទូទាំងប្រទេស។
បន្ទាប់មកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាពីលទ្ធភាពបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗ។ ប៉ុន្តែក្រសួងបានប្រកាសថា សាលារៀនអាចនឹងត្រូវបើកឡើងវិញនៅខែវិច្ឆិកា ដោយការសម្រេចនេះត្រូវបានឯកភាពពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ចាប់តាំងពីកើតមានជំងឺកូវីដ-១៩ គេសង្កេតឃើញកម្ពុជាប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើន។ បញ្ហានេះមិនមែន គ្រាន់តែជា វិបត្តិសុខភាពនោះទេ តែវាក៏ជាវិបត្តិសេដ្ឋកិច្ច សង្គម ជាពិសេសគឺប៉ះពាល់ ខ្លាំងទៅលើ វិស័យអប់រំ។ អ្វីដែលគួរឲ្យបារម្ភជាងនេះទៀតនោះគឺ សិស្សនៅទីជនបទទំនងជារងផល ប៉ះពាល់ខ្លាំងជាងសិស្សនៅទីប្រជុំជន។
បញ្ហាប្រឈមចំពោះសិស្សភាគច្រើនដែលរស់នៅទីជនបទ គឺមិនមែនដោយសារតែពួកគេអសមត្ថភាពក្នុងការចាប់យកមេរៀនដែលគ្រូបង្ហាត់បង្រៀននោះទេ ប៉ុន្តែបញ្ហាចម្បងនោះគឺពួកគេពុំសូវមានចំណេះដឹង និងបទពិសោធន៍ក្នុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បើយោងតាមរបាយការណ៍របស់កាសែតខ្មែរថាមស៍ចេញផ្សាយជាភាសាអង់គ្លេសចុះ ថ្ងៃទី៣១ ខែមីនា សិស្សានុសិស្សពិតជាមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាកង្វះខាតឧបករណ៍បច្ចេកវិទ្យា ដើម្បីជួយដល់ ការសិក្សាពីចម្ងាយ។ ទន្ទឹមគ្នានេះដែរ បញ្ហាប្រព័ន្ធអ៊ីនធឺណិតទៀតសោត ក៏មានភាពរអាក់រអួល និងមាន ភាពយឺតយ៉ាវ ដែលរំខានដល់ការផ្ចង់អារម្មណ៍តាមដានមេរៀនដូចគ្នា។ លើសពីទៅទៀត សិស្សនៅតាម ទីជនបទ មិនយល់ពីទម្រង់នៃការរៀនអនឡាញនេះតែម្ដង។ មិនតែប៉ុណ្ណោះពួកគេត្រូវចំណាយ លុយច្រើន ទៅ លើប្រព័ន្ធអ៊ីនធឺណិត សម្រាប់បម្រើដល់ការសិក្សារបស់ខ្លួនទៀត។
កត្តាប្រឈមទាំងនេះ ក្លាយជាបន្ទុកមួយសម្រាប់ឪពុកម្តាយរបស់ពួកគេដូចគ្នា។ ជាឪពុកម្តាយ ដែល មានកូនតូចៗ ជាធម្មតាគេមិនសូវមានពេលវេលាធ្វើការងារដូចពេលដែលកូនៗទៅរៀននៅសាលានោះ ទេ។ នេះក៏ដោយសារពួកគេចាំបាច់ត្រូវចំណាយពេលនៅជាមួយកូនៗ ដើម្បីជួយសម្របសម្រួលត្រួត ពិនិត្យ និងតាមដានកូនៗ របស់ពួកគាត់ពេលកំពុងរៀនអនឡាញនៅផ្ទះ។
ដោយឡែក ចំពោះឪពុកម្តាយមួយចំនួន ដែលមានកូនធំបានថ្លែងប្រាប់វិទ្យុ វីអូឌី កាលពីថ្ងៃទី១២ ខែឧសភាថា ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូនៗរបស់ពួកគាត់ ដោយហេតុថាពួកគេអាចប្រើប្រាស់ គ្រឿងញៀន ផឹកស៊ី ដើរលេងជាមួយមិត្តភក្តិ ឬអាចឈានដល់ប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ ក្នុងករណី ដែលសាលារៀននៅតែបន្តបិទទ្វារ។
យ៉ាងណាមិញបញ្ហា និងភាពចម្រូងចម្រាសទាក់ទងនឹងការដាក់ពិន្ទុ ក៏ដូចជាលទ្ធផលសិក្សារបស់ សិស្សទាំងនេះ អាចនឹងកើតមានឡើង។ ថ្វីដ្បិតតែក្រសួងអប់រំបានបញ្ជាក់យ៉ាងច្បាស់ថា វានឹងមាន ការវាយតម្លៃត្រឹមត្រូវ រួមទាំងការបន្ថែមម៉ោងសិក្សាសម្រាប់សិស្សដែលត្រូវត្រៀមប្រលងថ្នាក់ជាតិ ក្នុងករណីដែលពួកគេខកខាន មុខវិជ្ជាណាមួយក្នុងអំឡុងពេលរៀនតាម ប្រព័ន្ធអនឡាញក៏ដោយ ក៏សិស្សមួយចំនួននៅតែបារម្ភ។ បញ្ហានោះគឺ ក្នុងចំណោមសិស្សដែលប្រលងធ្លាក់ ឬទទួលបានពិន្ទុតិច ជាពិសេស សិស្សថ្នាក់ទី ១២ ពួកគេអាចនឹងចេញមុខប្រមូលផ្ដុំគ្នាតវ៉ាលើលទ្ធផលប្រលងដូចដែលពួកគេធ្លាប់ធ្វើ កន្លងមក។ គេអាចយកលេសថាការរៀនអនឡាញពុំមានប្រសិទ្ធភាព។ ជាងនេះទៅទៀត រាល់ការសម្រេចចិត្តពីសំណាក់ ក្រសួងអប់រំលើលទ្ធផលនេះ នឹងជះឥទ្ធិពលដល់ការសិក្សា និងការងារទៅថ្ងៃមុខរបស់ពួកគេ។
ផ្ទុយទៅវិញប្រសិនបើជាសាលារៀនអាចបើកក្នុងពេលឆាប់ៗខាងមុខនេះ បញ្ហាបន្ទាន់ជាច្រើននឹងត្រូវបានដោះស្រាយ។ ប្រាកដណាស់ថា សិស្សជាច្រើនដែលកំពុងជួបប្រទះវិសមភាពក្នុងលទ្ធភាពប្រើប្រាស់ ប្រព័ន្ធបចេ្ចកវិទ្យា នឹងវិលត្រឡប់ទៅរកស្ថិរភាព និងប្រសិទ្ធភាពនៃការអប់រំឡើងវិញ។
មិនតែប៉ុណ្ណោះ ការបើកសាលារៀនឡើងវិញនឹងជួយដោះស្រាយភាពចម្រូងចម្រាស រវាងឪពុកម្តាយសិស្ស និងសាលាឯកជន ដែលកំពុងផ្ទុះការតវ៉ា ទាមទារសុំបញ្ចុះថ្លៃសិក្សារបស់កូនៗពួកគេ។ សម្រាប់សាលាឯកជន ការបើកសាលាឡើងវិញមានន័យថា វាជាការជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុដូចគ្នា។
គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលឯកជនរាប់រយនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការក្ស័យធន។ នេះបើយោងតាមសម្តីរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបញ្ជាក់ប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃទី ១៥ ខែមេសា។ ឪពុកម្តាយនឹងអាចសម្រេចចិត្តព្យួរការសិក្សារបស់កូនៗខ្លួន ជាជាងបង់ថ្លៃសិក្សាពេញសម្រាប់ការរៀននៅផ្ទះ ដោយមិនមានកាលវិភាគ និង កិច្ចតែងការបង្រៀនច្បាស់លាស់ ហើយឪពុកម្តាយខ្លួនឯងទៀតត្រូវជួយបង្រៀន និងតាមដានគ្រប់ពេល។
ប្រសិនបើឪពុកម្តាយមិនបន្តបង់ថ្លៃសិក្សាឲ្យកូនៗទេ ច្បាស់ណាស់សាលាក៏មិនមានថវិកាគ្រប់គ្រាន់ដើម្បីបន្តដំណើរការដែរ ហើយត្រូវបង្ខំចិត្តបិទទ្វារ រីឯគ្រូបង្រៀន និងបុគ្គលិកសាលាទាំងអស់ក៏ត្រូវបាត់បង់ការងារ និងប្រាក់ចំណូល។ នេះក៏ដោយសាររដ្ឋាភិបាល ពុំទាន់មានផែនការច្បាស់លាស់ណាមួយក្នុងការឧបត្ថម្ភធន ដល់ភាគីឪពុកម្តាយសិស្ស ឬ គ្រូបង្រៀន ដូចដែលរដ្ឋាភិបាលប្រទេសដទៃទៀតបាននឹងកំពុងអនុវត្ត។
រហូតមកដល់ពេលនេះ រដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ បានត្រឹមតែអំពាវនាវឱ្យម្ចាស់ផ្ទះជួលបញ្ចុះថ្លៃឈ្នួលផ្ទះ ឬដីអគាររបស់ខ្លួនប៉ុណ្ណោះ ដោយហេតុថាវាជាក្តីកង្វល់ដ៏ធំខាងផ្នែកហិរញ្ញវត្ថុ សម្រាប់សាលាឯកជន។
មួយវិញទៀត ការអះអាងពីស្ថានភាពនៃការបិទសាលារៀន មិនមែនជាជម្រើសដ៏មានប្រសិទ្ធភាពក្នុងការជំរុញឲ្យមានការរក្សាគម្លាតសង្គមនោះឡើយ ព្រោះថា សិស្សានុសិស្សទាំងនោះនៅតែចេញក្រៅផ្ទះជួបជុំគ្នានៅតាមទីសាធារណៈ។ បន្ថែមពីនេះ បើយោងតាមសេចក្តីណែនាំលេខ ២៣ អយក.សណន របស់ក្រសួងអប់រំចុះថ្ងៃទី ២៤ ខែមេសា ក្រសួងអប់រំបានស្នើឲ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំឯទៀតចុះតាមផ្ទះនីមួយៗ ដើម្បីពន្យល់ និងនិយាយណែនាំឪពុកម្តាយសិស្សអំពីរបៀបប្រើប្រាស់ប្រព័ន្ធសិក្សាតាមអនឡាញ ដែលសកម្មភាពទាំងនេះទំនងជាអាចប្រាសចាកពីគោលការណ៍នៃការរក្សាគម្លាតសង្គម។
ប្រសិនបើរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តបើកសាលារៀនឡើងវិញមែននោះ ច្បាស់ណាស់ថា វាមិនមែនមានតែកម្ពុជានោះទេ ព្រោះប្រទេសនិងតំបន់ខ្លះនៅជុំវិញពិភពលោកខ្លះបានចាប់ផ្តើមប្រកាសបើកសាលារៀនជាបណ្តើរៗ ដោយផ្នែក និងទៅតាមកម្រិតថ្នាក់។ ការសម្រេចនេះធ្វើឡើងដោយផ្អែកលើបរិបទ និងស្ថានភាពសេដ្ឋកិច្ចនៃប្រទេសរបស់នីមួយៗ។ ក្នុងទាំងនោះរួមមាន ចិន ដែលជាប្រទេសជាមេរោគ ផ្ទុះឡើងដំបូង, អាល្លឺម៉ង់, ដាណឺម៉ាក, តៃវ៉ាន់, ស៊ុយអែត, អេស្ប៉ាញ, អ៊ីតាលី, អូទ្រីស, ន័រវេស, បារាំង, អ៊ីស្រាអែល និងជប៉ុន ។ល។
សាលារៀនមួយចំនួននៅ ប្រទេសអង់គ្លេសក៏គ្រោងនឹងបើកនៅដើមខែមិថុនានេះដែរ។ ចំណែក ឯប្រទេសនៅតំបន់អាស៊ានវិញ ទោះបីជាអត្រាឆ្លង និងស្លាប់នៅតែកំពុងបន្តក្តី ក៏គម្រោងការបើកសាលា រៀនឡើងវិញពីសំណាក់រដ្ឋាភិបាលរបស់ប្រទេសទាំងនេះ នៅតែបន្តអនុវត្ត។ ប្រទេសសិង្ហបុរី គឺជាប្រទេសដំបូងគេដែលប្រកាសបើកសាលារៀនរបស់ខ្លួនដោយផ្នែក។
ដូចគ្នានេះដែរ ប្រទេសជិតខាងកម្ពុជារួមមាន ប្រទេសវៀតណាម បានអនុញ្ញាតិឱ្យសិស្សត្រឡប់ទៅសាលារៀនវិញតាំងពីថ្ងៃទី ៤ ខែឧសភា ហើយប្រទេសឡាវ នៅថ្ងៃទី ១៨ ខែឧសភា។ ប្រទេសខ្លះទៀតក៏គ្រោងបើកនៅដើមខែកក្កដា និងសីហា ខាងមុខនេះដែរ ក្នុងនោះមានដូចជាប្រទេសថៃ, មីយ៉ាន់ម៉ា, ព្រុយណេ និង ហ្វីលីពីន។ សូម្បីតែប្រទេសឥណ្ឌូណេស៊ី ដែលបានរាយការណ៍អំពីអត្រាមរណភាពខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីបូព៌ាក្រៅពីចិន ក៏នឹងចាប់ផ្តើមបើកផ្នែកខ្លះនៃសេដ្ឋកិច្ច រួមទាំងសាលារៀននៅខែមិថុនានេះផងដែរ។ ចំណែកឯក្រុមគ្រូបង្រៀននៅម៉ាឡេស៊ី ក៏បានចាប់ផ្តើមរៀបចំថ្នាក់រៀន សម្រាប់ត្រៀមបើកសាលារៀនឡើងវិញកាលពីដើមខែឧសភា ខណៈពេលដែលគេកំពុងរង់ចាំកាលការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីសំណាក់រដ្ឋាភិបាលសិន។
ជំងឺកូវីដ-១៩ នៅកម្ពុជាហាក់ដូចជាស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។ យោងតាមក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានមនុស្សចំនួន ១២៥ នាក់ដែលបានធ្វើតេស្តវិជ្ជមាន ក្នុងនោះ មាន ១២៣នាក់ បានជាសះស្បើយឡើងវិញ នៅសល់តែ ២នាក់ប៉ុណ្ណោះ ដែលកំពុងទទួលការព្យាបាល។ អ្វីដែលសំខាន់ មិនមានករណីស្លាប់នៅក្នុងប្រទេសឡើយ។ ដូច្នេះសំណួរសួរថាតើកម្ពុជាគួរតែបន្តបិទទ្វារសាលា ឲ្យរៀនតាមអនឡាញទាំងស្រុងរហូតដល់ខែវិច្ឆិកាឬយ៉ាងណា?
បើយោងតាមស្ថានភាពបច្ចុប្បន្ន ច្បាស់ណាស់ថាកម្ពុជា ពិតជាពិបាកក្នុងការបើកសាលារៀនឲ្យដំណើរការឡើងវិញទាំងស្រុងនៅទូទាំងប្រទេស ព្រោះថាកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។
ក្នុងនោះរួមមាន ផលធៀបសិស្ស-គ្រូនៅកម្ពុជាដែលមានអត្រាខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលពិបាកក្នុងការរក្សាគម្លាតនៅក្នុងថ្នាក់រៀន។ ប៉ុន្តែសាលាក៏ដូចជាគ្រូនីមួយៗ អាចកំណត់កាលវិភាគ និងម៉ោងសិក្សាឲ្យមានភាពបត់បែនបាន ដោយយោងតាមបរិបទសាលារៀងៗខ្លួន។ លើសពីនេះទីទៀត សាលានីមួយៗចាំបាច់ត្រូវផ្តល់ឧបករណ៍ និងសម្ភារៈការពារផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ និងរក្សាទម្លាប់អនាម័យឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវតែធានាថា បន្ទប់រៀនទាំងអស់មានខ្យល់ចេញចូលបាន គ្រប់គ្រាន់ ដោយបើកទ្វារ និងបង្អួចអំឡុងពេលបង្រៀន។ មួយវិញទៀតលោកគ្រូ អ្នកគ្រូក៏អាចអនុវត្ត ការបង្រៀននៅទីធ្លាខាងក្រៅថ្នាក់ ក្នុងបរិវេណសាលា ដែលអាចជួយឲ្យសិស្ស រក្សាគម្លាត ពីគ្នាបាន។
ដូចគ្នានេះដែរ កង្វះទឹកស្អាត និងសម្ភារៈអនាម័យនៅតាមសាលារៀនសាធារណៈនៅតែជាបញ្ហាចោទ ជាពិសេសនៅតាមទីជនបទ និងតំបន់ដាច់ស្រយាល។ ប៉ុន្តែរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ អាចប្រើជែលអនាម័យ និងអាកុលបាញ់សំលាប់មេរោគ តាមរយៈការប្រើប្រាស់ខ្ទង់ចំណាយបម្រុងរបស់រដ្ឋដែលមានស្រាប់ ឬក៏ស្វែងរកជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍនានា។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺថាកង្វះខាតទឹកស្អាត និងអនាម័យនៅតាមសាលាទាំងនេះ គឺជាហានិភ័យសុខភាពដ៏ធំមួយ សម្រាប់សិស្ស បើទោះបីជាមិនមានការជំងឺរាតត្បាតនេះក៏ដោយ។
យ៉ាងណាមិញ ភាពដែលអាចទៅរួច និងលទ្ធភាពក្នុងការអនុវត្តបានកម្រិតណានោះ គឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល និងក្រសួងអប់រំផ្ទាល់ ប្រសិនបើមានជម្រើសណាមួយ អាចជួយកាត់បន្ថយភាពចម្រូងចម្រាស និងក្តីព្រួយបារម្ភ រវាងរដ្ឋាភិបាល និងសាធារណៈជន។ ជម្រើសមួយ ក្នុងចំណោមជម្រើសដ៏ទៃទៀត ជាឧទាហរណ៍រដ្ឋាភិបាល អាចអនុញ្ញាតឲ្យសាលាណា ដែលធានាបាននៅស្តង់ដារថ្នាក់រៀនសុវត្ថភាព បើកដំណើរការឡើងវិញបាន ជាពិសេសគ្រឹះស្ថានអប់រំឯកជន ដែលភាគច្រើនមាន ចំនួនសិស្សតិច និងមានសម្ភារៈអនាម័យគ្រប់គ្រាន់។ ប៉ុន្តែត្រូវមានការកំណត់ និងតាមដានយ៉ាងតឹងរឹង និងត្រឹមត្រូវពីសំណាក់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។
ក្នុងអំឡុងពេលដែលសាលារៀនបន្តបិទទ្វារ និងរៀនការតាមអនឡាញ ក្រសួងអប់រំត្រូវសិក្សា និងវាយតម្លៃឲ្យបានពីប្រសិទ្ធភាព និងគុណភាពក្នុងការដាក់ឲ្យអនុវត្តការសិក្សាពីចម្ងាយនេះ ដោយពិនិត្យមើលឡើងវិញនៅទម្រង់ ឧបករណ៍ ក៏ដូចជាវិធីសាស្ត្របង្រៀន និងរៀនដោយទាមទារឲ្យមានលក្ខណៈសមស្រប និងជាប់ទាក់ទងគ្នាជាប្រព័ន្ធ ដើម្បីធានាឲ្យការសិក្សារបស់សិស្សមានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះទៀត ក្រសួងអប់រំគួរតែមានផែនទីបង្ហាញផ្លូវក្នុងការដាក់ឲ្យអនុវត្តការសិក្សាពីចម្ងាយនេះ ដោយរួមមានទិសដៅ គោលបំណង ស្តង់ដារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់សិស្សឲ្យមានភាពស្របគ្នានឹងគោលនយោបាយថ្នាក់ជាតិរបស់ក្រសួងអប់រំ ក៏ដូចជារបស់រាជរដ្ឋាភិបាល។
ខណៈការរីករាលដាលនៃជំងឺ កូវីដ-១៩នេះនៅតែបន្ត វិស័យអប់រំក៏គួរតែជាវិស័យអាទិភាពមួយក្នុងរបៀបវារៈរបស់រដ្ឋាភិបាល រួមមានការចំណាយ ការដាក់បញ្ចូលក្នុងផែនការ និងការអនុវត្តផងដែរ។ ការចូលខ្លួនធ្វើអន្តរាគមន៍ក្នុងវិស័យអប់រំគួរតែចាប់ផ្តើមនៅឥឡូវនេះ ដើម្បីកុំឲ្យបញ្ហារីករាលដាលធ្ងន់ធ្ងរនាពេលខាងមុខ៕
លោក តូច សម្បត្តិ ជាអ្នកស្រាវជ្រាវវ័យក្មេងម្នាក់ របស់វេទិកាអនាគត ដែលជាគ្រឹះស្ថានបណ្តុះបណ្ដាល និងស្រាវជ្រាវផ្នែកគោលនយោបាយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន លោកកំពុងស្រាវជ្រាវលើការធ្វើវិមជ្ឍការប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា។