អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ចិនមិនអាចដណ្តើមតួនាទីសន្តិសុខពីអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍បានឡើយ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លីសៀន ឡុង (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៧។ រូបភាព៖ Today Online
× ចិន មិនអាចដណ្តើមយកតួនាទីសន្តិសុខពីអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឡើយ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀន ឡុង នៅក្នុងអត្ថបទវិចារណកថា «The Endangered Asian Century» ដែលចុះផ្សាយដោយទស្សនាវដ្តី Foreign Affairs នៅថ្ងៃទី៤ ខែមិថុនា។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺធ្វើឡើងដោយផ្អែកទៅលើកម្លាំងយោធារបស់អាមេរិក និងការពង្រឹងកម្លាំងយោធារបស់ចិន។
ក្នុងបរិបទចម្រូងចម្រាស់រវាងចិន និងអាមេរិក ដែលមានចាប់តាំងពីCOVID-19 សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅក្នុងភូមិសាស្ត្រនយោបាយជាដើម លោក លីសៀន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានអះអាងថា ចិនមិនអាចដណ្តើមតួនាទីសន្តិសុខពីអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឡើយ បើទោះបីជាចិនព្យាយាមពង្រឹងកម្លាំងយោធារបស់ខ្លួនក៏ដោយ។ ការលើកឡើងរបស់លោក លី បែបនេះ គឺផ្អែកទៅលើហេតុផលចំនួនពីរ គឺទំនាស់ទឹកដីរវាងចិន ជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការមិនទុកចិត្តចិន ពីសំណាក់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។
ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា មិនដូចទៅនឹងមហាអំណាចចាស់ អាមេរិក ចិនមានទំនាស់ ជម្លោះទឹកដី និងដែនទឹកជាមួយប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួយ៉ាង ចិនមានជម្លោះដែនទឹកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាមួយប្រទេសមួយចំនួនដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេជាដើម។ ការណ៍នេះ ចិនបានពង្រឹងកងទ័ពជើងទឹកយ៉ាងខ្លាំងនៅក្នុងតំបន់ទាមទារនេះ។
ខុសពីចិនដែលជាមហាអំណាចថ្មីនៅក្នុងតំបន់ អាមេរិក មិនមានទំនាស់ ឬជម្លោះដែនដីជាមួយប្រទេសណាឡើយ។ ផ្ទុយទៅវិញ អាមេរិកមានឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ស្រាប់ និងមានមូលដ្ឋានយោធាជាច្រើននៅក្នុងតំបន់នេះដូចជា នៅសិង្ហបុរី និងហ្វីលីពីនជាដើម។
ចំណែកហេតុផលមួយទៀត ចិនមិនអាចដណ្តើមតួនាទីសន្តិសុខនៅក្នុងតំបន់បាន ដ្បិតប្រទេសមួយចំនួននៅក្នុងតំបន់នេះ មិនទុកចិត្តមហាអំណាចមួយនេះទេ។ ការអះអាងនេះផ្អែកលើកត្តាជនជាតិភាគតិចចិនក្នុងតំបន់។ លោកលី បានបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជនជាតិភាគតិចចិនមានច្រើនណាស់ ដែលមានទំនាក់ទំនងជាមួយជនជាតិដទៃទៀត។ ក្នុងន័យនេះ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដឹងច្បាស់ថា បក្សកុម្មុយនីស្តចិន មានឥទ្ធិពលខ្លាំងលើជនជាតិភាគតិចចិនទាំងនោះ។ ទាក់ទិននឹងបញ្ហានេះ ប្រទេសក្នុងតំបន់ តែងតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើជនជាតិចិន។ ជាលទ្ធផល វានឹងទប់ស្កាត់ឥទ្ធិពលរបស់ចិនទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជាក់ស្តែង សិង្ហបុរី គឺជាប្រទេសមួយដែលមានប្រជាជនចម្រុះជាតិសាសន៍ និងមានជនជាតិភាគតិចចិន ច្រើន។ ការណ៍នេះ ធ្វើឲ្យសិង្ហបុរីប្រុងប្រយ័ត្នណាស់ចំពោះ ជនជាតិភាគតិចចិនទាំងនេះ ដើម្បីបញ្ចៀសការដឹកមុខដោយទីក្រុងប៉េកាំង។ ដោយសារតែហេតុផលខាងលើ សិង្ហបុរី មិនបានបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងឡើយ រហូតដល់ឆ្នាំ១៩៩០។ ក្រៅពីលើកឡើងអំពីការដណ្តើមតួនាទីសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រវាងចិន និងអាមេរិក លោកនាយករដ្ឋមន្ត្រីសិង្ហបុរីវ័យ ៦៨ឆ្នាំរូបនេះ ក៏បានលើកឡើងពីការទាក់ទាញនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ការកើនឡើងពីឥទ្ធិពលរបស់ចិន និងការរួមបញ្ចូលតួអង្គផ្សេងទៀតមកក្នុងតំបន់អាស៊ីផងដែរ៕
Tag:
សិង្ហបុរី
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com