ជាតិ
២៥ខេត្ត/រាជធានី
លោក សាក់ ផុន​៖ សាវម៉ាវ ក៏មាន​ទីផ្សារ​ខ្ពស់​មិន​ចាញ់​ទុរេន​ដែរ​
06, Jun 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ខែមេសា ដល់​ខែមិថុនា ជា​រដូវ​ការប្រមូល​ផល​ផ្លែ​ទុរេន និង​សាវម៉ាវ​។ ពេលវេលា​ប្រមូល​ផល​ទន្ទឹមគ្នា ប៉ុន្តែ​ផ្លែឈើ​ទាំង​២​ប្រភេទ​នេះ មាន​ទីផ្សារ​ខ្ពស់​មិន​ចាញ់​គ្នា​នោះទេ​។ នេះ​បើតាម​លោក សាក់ ផុន ម្ចាស់​ចម្ការ​ទុរេន និង​សាវម៉ាវ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​តាម​ទូរ​សព្ទ​។


​បើតាម​លោក សាក់ ផុន ទោះជា​ឆ្នាំនេះ​មាន​វិបត្តិ​កូ​វីដ​-១៩ ក្តី​ក៏​ផ្លែ​សាវម៉ាវ​ដែល​កំពុង​ពេញ​ប្រមូល​ផល​របស់លោក នៅតែមាន​ទីផ្សារ​ខ្ពស់​ដដែល​។ សាវម៉ាវ​មួយ​គីឡូក្រាម លោក ផុន អាច​លក់បាន​ចន្លោះ ៤០០០-៦០០០​រៀល​។ លោក សាក់ ផុន លើកឡើងថា​៖«​នៅតែមាន​ទីផ្សារ​លក់​អស់​ដដែល គ្រាន់តែ​អ្នក​មក​ទិញយក​តិចៗ ត្រឹម​៥០០ ទៅ​៦០០​គីឡូក្រាម​។ អ្នក​មក​ទិញ​សាវម៉ាវ​បាន​កើន​ក្នុងឆ្នាំនេះ តែ​ម្នាក់ៗ យក​តិច​»​។ 
 
​លោក សាក់ ផុន មាន​ផ្ទៃដី​ដាំ​សាវម៉ាវ​ជិត​មួយ​ហិកតា ដែល​ឆ្នាំនេះ​លោក ផុន ប៉ាន់​ស្មានថា លោក​អាច​ប្រមូល​ផល​បាន​ប្រមាណ ២០​តោន​ឯណោះ គឺ​ហុច​ផល​ច្រើនជាង​ឆ្នាំមុនៗ​ទៅទៀត​។ កសិករ​វ័យ ៥៤​ឆ្នាំ​រូបនេះ ក៏​មិន​ច្បាស់​ពី​មូលហេតុ​ដែរ ប៉ុន្តែ​លោក បាន​អះអាងថា លោក​ថែទាំ​សាវម៉ាវ​ដោយ​ស្រោច​ទឹក​ឲ្យ​បាន​ទៀងទាត់ និង មិនមាន​ប្រើប្រាស់​ជីគីមី​នោះទេ គឺ​លោក​ប្រើតែ​ជី​អាចម៍​ប្រចៀវ និង​ជី​អាចម៍គោ​ប៉ុណ្ណោះ​។ ក្រៅពីនេះ លោក ផុន បាន​បន្ថែម​ទឹកឃ្មុំ​នៅពេល​ដាំ​ផងដែរ​។ កសិករ​រូបនេះ បន្ត​អួត​សរសើរ​ពី​រសជាតិ​ផ្លែ​សាវម៉ាវ​របស់ខ្លួន​ប្រា​ប់ប់​ថ្មីៗ​២៥​យ៉ាង​ដូច្នេះ​៖«​សាវម៉ាវ​ហ្នឹង​សាច់​ស្រួយ និង​មិន​ជាប់​គ្រាប់ ហើយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​»៕

© រក្សាសិទ្ធិដោយ thmeythmey.com