ជាតិ
លោក ម៉ាង គឹម​ស្រ៊ិ​ន យក​សំបក​ផ្លែឈើ​ច្នៃ​ធ្វើ​ជីធម្មជាតិ​សម្រាប់​ដាក់​ដំណាំ​
07, Jun 2020 , 8:29 am        
រូបភាព
​កំពង់ចាម​៖ លោក ម៉ាង គឹម​ស្រ៊ិ​ន ជា​កសិករ​នៅ​ភូមិ​តា​ប៉ុង ឃុំ​ស្វាយទៀប ស្រុក​ចំការលើ​។ កសិករ​រូបនេះ មាន​បច្ចេកទេស​កែច្នៃ​ជីធម្មជាតិ​ដោយ​ខ្លួនឯង ដោយ​ប្រើប្រាស់​សំបក​ផ្លែឈើ​គ្រប់​ប្រភេទ ផលិត​ជី​មានគុណ​ភាពល្អ និង​ដែល​កាត់បន្ថយ​ចំណាយ​ទិញ​ជី​ពី​ទីផ្សារ​។​

 
​កសិករ​លោក ម៉ាង គឹម​ស្រ៊ិ​ន មាន​ដីចម្ការ​ប្រមាណ​២​ហិកតា ដែល​ដាំ​ដំណាំ​ចម្រុះ​មាន ទុរេន សាវម៉ាវ ខ្នុរ ក្រូចឆ្មារ ក្រូចថ្លុង​ជាដើម​។ នេះ​ជា​រដូវ​ប្រមូល​ផល​ទុរេន និង​សាវម៉ាវ ដែល​ទិន្នផល​ឆ្នាំនេះ​បាន​ផល និង​មានតម្លៃ​ថ្លៃ​គួរសម​។​


 
​កំពុង​កិន​សំបក​ផ្លែ​ទុរេន លោក គឹម​ស្រ៊ិ​ន វ័យ​៤០​ឆ្នាំ​និយាយ​ដោយ​ទឹកមុខ​ញញឹមញញែម​ថា ក្រោយពី​លោក​អនុវត្តន៍​ផលិត​ជី​ទឹក និង​ជីកំប៉ុស​ដោយ​ខ្លួនឯង​ជាង​២​ឆ្នាំ​មកនេះ ទិន្នផល​ដំណាំ​របស់លោក​កើន​ផល​ល្អ និង​កាត់បន្ថយ​ការ​ងាប់​ដើម​បាន​ជាង​មុនៗ​។ លោក គឹម​ស្រ៊ិ​ន ផលិត​ជី​ដែល​អាច​ប្រើប្រាស់​ខួប​ដោយ​មិនចាំបាច់​ទិញ​ជី​នៅលើ​ទីផ្សារ​។ «​ដំណាំ​ចម្ការ​ខ្ញុំ អត់​ប្រើ​ជី​គេ​ទាំងអស់ ខ្ញុំ​ផលិត​ខ្លួនឯងបាន កាត់បន្ថយ​ចំណាយបាន​ច្រើន បើ​ទិញ​គេ​មួយ​គីឡូក្រាម​ជិត​២​ពាន់​រៀល តែបើ​ផលិត​ខ្លួនឯង​យើង​ថា ៥​រយ​ទៅ​ចុះ​...​ការធ្វើ​បែបនេះ​គឺ​ធម្មជាតិ​វិលជុំ​តែម្ដង យើង​មិនបាច់​បោះចោល​ទេ កែច្នៃ​បាន​ទាំងអស់ កាល​មិនទាន់​ធ្វើ​ខ្លួនឯង​ខ្ញុំ​ទិញ​ជីគីមី​ដាក់​ដំណាំ​ទុរេន ក្នុង​មួយឆ្នាំ​ក្នុងចំណោម​១០០​ដើម​ស្លាប់​យ៉ាងហោច​១០​ដើម តែ​ក្រោយ​អនុវត្តន៍​បច្ចេកទេស​ថ្មី ឃើញថា​អត់​ទាន់​មាន​ងាប់​ទេ​»​។ លោក គឹម​ស្រ៊ិ​ន បន្ថែម​។​


 
​ជា​កសិករ​ម្នាក់​មាន​ភាព​វៃឆ្លាត​ជាមួយ​រឿង​កសិកម្ម លោក គឹម​ស្រ៊ិ​ន ធ្លាប់បាន​សិក្សា​ជំនាញ​នេះ​រយៈពេល​ខ្លី​ពី​អង្គការ​ដែល​ចុះ​បង្រៀន​ដល់​ភូមិ​។ ចំណេះដឹង​គួបផ្សំ​នឹង​ការកែច្នៃ​ដោយ​ខ្លួនឯង ធ្វើឱ្យ​កសិករ​រូបនេះ ចេះ​ផលិត​ជី​សម្រាប់​ផ្គត់ផ្គង់​ចម្ការ​ខ្លួន ដែល​អាច​កាត់បន្ថយ​ប្រចាំឆ្នាំ​បាន​មួយផ្នែកធំ​។ ក្រៅពីនេះ ដំណាំ​របស់លោក គឹម​ស្រ៊ិ​ន ដែលមាន​ដូចជា​ទុរេន លក់បាន​តម្លៃ​ថ្លៃ​ដែល​ឆ្នាំនេះ​លក់បាន​ពី​តម្លៃ ២​ម៉ឺន​៥​ពាន់​រៀល ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​ដ៏​ល្អ​សម្រាប់​កសិករ​៕














© រក្សាសិទ្ធិដោយ thmeythmey.com