កីឡាជាតិ
ជាតិ
ក្រុមយុវជនជ័យរាជ បង្កើតបណ្ណាល័យសៀវភៅ ដើម្បីផ្សារភ្ជាប់ល្បុក្កតោជាមួយយុវជន រូបភាពពីជ័យ រាជ កម្ពុជា
× ក្រុមយុវជនស្ម័គ្រចិត្តជ័យរាជកម្ពុជា នឹងបង្កើតបណ្ណាល័យមួយនៅសាលាគុនល្បុក្កតោខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ការអាន និងផ្តល់ចំណេះដឹងដល់សិស្សគុននៅសាលានេះ។ ក្រៅពីខេត្តកំពង់ឆ្នាំង ក្រុមយុវជននេះ គ្រោងបង្កើតបណ្ណាល័យនៅតាមខេត្តផ្សេងៗជាច្រើនទៀតទៅថ្ងៃអនាគត។ ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយសកម្មភាពនេះ អាចបរិច្ចាគសៀវភៅផ្សេងៗតាមរយៈក្រុមយុវជនខាងលើ។
បើតាមលោក ថុង រិទ្ធី ប្រធានលេខាធិការដ្ឋានបណ្ឌិតសភាល្បុក្កតោកម្ពុជា មូលហេតុ ដែលក្រុមយុវជនជ័យរាជកម្ពុជាបង្កើតបណ្ណាល័យនៅសាលាគុនល្បុក្កតោខេត្តកំពង់ឆ្នាំង ព្រោះចង់ផ្សារភ្ជាប់យុវជនជាមួយល្បុក្កតោតាមរយៈការអានសៀវភៅ។ ម្យ៉ាងទៀត ចង់បណ្តុះគំនិតឲ្យសិស្សគុនទាំងនោះស្រលាញ់ការអានសៀវភៅ បន្ថែមលើការហ្វឹកហាត់គុនល្បុក្កតោ។
«ទាក់ទងនឹងសាលាគុនខេត្តកំពង់ឆ្នាំង ដោយសារតែសាលាគុននេះគេបានបង្ហាត់គុនហើយ ខ្ញុំមានគំនិតចង់ឲ្យក្មេងៗក្រៅពីការហ្វឹកហាត់កន្លះម៉ោងទៅ១ម៉ោងមានសៀវភៅអាន ខ្ញុំចង់បើកជាកូនបណ្ណាល័យសម្រាប់ក្មេងៗ ឲ្យក្មេងហាត់ហើយអានសៀវភៅ និងអានអ្វីផ្សេងៗ»។ នេះជាការលើកឡើងរបស់លោក ថុង រិទ្ធី ដែលបានបន្ថែមថា បណ្ណាល័យនេះនឹងលេចចេញជារូបរាងនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២០។
ប្រធានក្រុមយុវជនជ័យរាជកម្ពុជារូបនេះបានបន្ថែមថា កត្តាដែលជំរុញឲ្យលោកបង្កើតបណ្ណាល័យនៅសាលាគុនខាងលើ បន្ទាប់ពីលោកសង្កេតឃើញនៅសាលានោះគ្មានសៀវភៅសម្រាប់ក្មេងៗអាន បន្ទាប់ពីពួកគេសម្រាកពីការហ្វឹកហាត់។ កត្តានេះហើយ ទើបជំរុញឲ្យ លោក រួមជាមួយក្រុមការងារផ្តើមយុទ្ធនាការស្វែងរកសៀវភៅចាស់ ថ្មី ពីសប្បុរសជននានា ដើម្បីបង្កើតជាបណ្ណាល័យ។
បណ្ណាល័យនេះ មិនមែនបង្កើតឡើងសម្រាប់តែសិស្ស ដែលហ្វឹកហាត់នៅសាលាគុនល្បុក្កតោខាងលើប៉ុណ្ណោះទេ តែបើកចំហសម្រាប់កុមារទូទៅ ដែលមានបំណងចង់អានសៀវភៅ។ សម្រាប់លោក ថុង រិទ្ធី ការធ្វើបែបនេះ ជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញក្មេងៗឲ្យចូលហ្វឹកហាត់គុនល្បុក្កតោកាន់តែច្រើនថែមទៀត។ ក្រៅពីគម្រោងទី១នេះ ក្រុមយុវជនជ័យរាជកម្ពុជា នឹងបើកបណ្ណាល័យនៅតាមសាលាគុនក្នុងខេត្តផ្សេងៗទៀត។
ប្រធានអគ្គលេខាធិការដ្ឋានបណ្ឌិតសភាល្បុក្កតោរូបនេះ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំងមានសិស្សហាត់គុនល្បុក្កតោជិត៦ពាន់នាក់ ខណៈមានសិស្សប្រមាណពី២០០ទៅ៣០០នាក់បានមកហ្វឹកហាត់នៅសាលាគុនល្បុក្កតោខេត្តកំពង់ឆ្នាំង៕
Tag:
ល្បុក្កតោ
ថុង រិទ្ធី
បណ្ឌិតសភាល្បុក្កតោកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com