អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង សន្យា​ពង្រឹង​សន្តិសុខ និង​ការ​ការពារជាតិ​បន្ថែមទៀត​
06, Jun 2020 , 2:34 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងផ្សេងទៀត មកចូលរួមក្នុងពិធីរំលឹកខួបអ្នកស្លាប់ក្នុងសង្រ្គាម នាកន្លែងបញ្ចុះសពជាតិ Daejeon នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងផ្សេងទៀត មកចូលរួមក្នុងពិធីរំលឹកខួបអ្នកស្លាប់ក្នុងសង្រ្គាម នាកន្លែងបញ្ចុះសពជាតិ Daejeon នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។ រូបភាព៖ Yonhap
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នា​ថ្ងៃទី​៦ ខែមិថុនា បាន​អះអាងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ និង​សន្តិសុខ​របស់​ប្រទេស​។ ការលើកឡើង​របស់​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​រូបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង ព្រមាន​ដកខ្លួន​ចេញពី​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ខាង (Inter-Korea Liaison Office)​។


 
​តាមរយៈ​សុន្ទរកថា​នា​ក្នុង​ពិធី​រំលឹក​ខួប​អ្នកស្លាប់​នៅក្នុង​សង្គ្រាម លោក​មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​លើកឡើងថា សន្តិភាព គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ហើយ​ការបង្កើត​សន្តិភាព​ឲ្យ​មាន​នៅលើ​ឧបទ្វីប​កូរ៉េ​នេះ​ទៀតសោត គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋ​។ ក្នុងន័យនេះ លោក​មូ​ន ចង់​សំដៅថា រដ្ឋាភិបាល គឺមាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​បញ្ចៀស​សង្គ្រាម និង​បង្កើត​សន្តិភាព​សម្រាប់​ប្រជាជន​របស់ខ្លួន​។ 
 
​យ៉ាងណាក៏ដោយ សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ មិនអាច​កើតឡើង​បាន​ដោយ​ខ្លួនឯង​បានឡើយ ពោលគឺ​ទាល់​រដ្ឋាភិបាល​ចេះ​ការពារ​ខ្លួន​ជា​មុខ​។ ថ្លែង​នៅ​ចំពោះមុខ​អ្នកចូលរួម​ក្នុង​ពិធី​រំលឹក​ខួប នាទី​កន្លែង​បញ្ចុះ​សពជាតិ​Daejeon ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ការពារ​សន្តិភាព និង​បង្កើត​សន្តិភាព រដ្ឋាភិបាល (​កូរ៉េខាងត្បូង​) នឹង​ខិតខំ​ប្រឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​ការពារជាតិ​កាន់តែខ្លាំង​ជាង​មុន និង​កាន់​តែមាន​សុវត្ថិភាព​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ការលើកឡើង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង ព្រមាន​ដកខ្លួន​ចេញពី​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ ដោយសារតែ​សកម្មភាព​បង្ហោះ​ខិត្តប័ណ្ណ​ដោយ​អ្នក​លួច​រត់​ចេញពី​កូរ៉េខាងជើង ចូលក្នុង​តំបន់​គ្មាន​យោធា​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​ថ្លែង​អំពី​ការកសាង​សន្តិភាព​សម្រាប់​កូរ៉េខាងត្បូង លោកនាយក​រដ្ឋមន្ត្រី មូ​ន ក៏បាន​លើកឡើង​ពី​គុណសម្បត្តិ​របស់​ប្រជាជន​កូរ៉េខាងត្បូង​ជំនាន់​មុខៗ ដែល​ជួយ​ការពារ និង​កសាង​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​រហូត​មកដល់​ថ្ងៃនេះ​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com