ជាតិ
អភិបាលខេត្ត​សៀមរាប ជំរុញ​ឱ្យ​វិស័យ​ឯកជន​បង្កើត​ទីតាំង​ទេសចរណ៍ធម្មជាតិ​ឱ្យបាន​ច្រើន​
06, Jun 2020 , 10:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាបៈ វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ខេត្តសៀមរាប បាន​ជាប់គាំង ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ដើម្បី​ស្តារ ស្ថានភាព​បច្ចុប្បន្ន​អភិបាលខេត្ត​សៀមរាប ជំ​រុញឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ពង្រឹងស្មារតី និង​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​ឱ្យ​កាន់តែច្រើន ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​។ ការអំពាវនាវ​របស់​អភិបាលខេត្ត​សៀមរាប​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សមាគម​សហគ្រិន​វ័យក្មេង​សាខា​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២ មិថុនា​កន្លងទៅ ។

 
 
​ក្នុង​ជំ​នូ​ប​នោះ លោក ទៀ សីហា ក៏​ស្នើ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ ជំរុញ​ការផ្សព្វផ្សាយ ពី​វិធាន​ការការពារ ការទប់ស្កាត់​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​-១៩ ផងដែរ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ក៏ដូចជា​រាជរដ្ឋាភិបាល​។​


 រូបភាព៖ រដ្ឋបាលខេត្តសៀមរាប 

​នៅក្នុង​ជំនួប​នេះ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​សាខា​ខេត្តសៀមរាប ឡាយ គឹម​សួរ បានទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៅក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍ របស់​ភ្ញៀវ​ក្នុងស្រុក​។ ទន្ទឹមនឹងនោះ លោក គឹម​សួរ ក៏​ប្តេជ្ញា​អភិវឌ្ឍ​តំបន់​ផាប់​ស្ទ្រី​ត ការបង្កើន​ទេសចរណ៍​ជិះ​កង់ ការបង្កើន​សុវត្ថិភាព សន្ដិសុខ​ដល់​ភ្ញៀវទេសចរ​។​ល​។ ជាមួយគ្នានេះ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប​រូបនេះ ក៏បាន​ស្នើ​ដល់​រដ្ឋបាលខេត្ត បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរ ក៏ដូចជា​បញ្ហា​សន្ដិសុខ សុវត្ថិភាព​ជូន​ទេសចរ​ផងដែរ​។  
 
​តប​ទៅនឹង​សំណូមពរ​នេះ អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា បញ្ជាក់ថា សន្យា​នឹង​ពិភាក្សា​ដើម្បី​ឆ្លើយតប​រាល់​កិច្ចការ​នេះ​។​
 
​ទេសចរណ៍​ក្នុងស្រុក ហាក់​បាន​មាន​ភាពរស់រវើក​ឡើង​វិញ ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ ជាមួយគ្នានេះ ប្រតិបត្តិ​ករ​ទេសចរណ៍ នៅតែមាន​សុទិដ្ឋិនិយម​ថា ស្ថានភាព​នឹង​កាន់តែ​ប្រសើរ​ឡើងវិញ ក្រោយ​ការរកឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​រាតត្បាត​ពេញ​សាកល​មួយ​នេះ​៕
 
 

Tag:
 អេកូ​ទេសចរណ៍​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com