អន្តរជាតិ
បងធំ​អាស៊ាន បដិសេធ​ការចរចា​គ្រប់​រូបភាព​ជាមួយនឹង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
06, Jun 2020 , 9:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​បដិសេធ​ទទួល​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការចរចា​គ្នា​ពាក់ព័ន្ធ​ការគ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ហ្សា​ការ​តា ដែល​កន្លងមក​ធ្លាប់​មានរឿង​ប្រទាំង​ប្រទើស​គ្នា​ជាមួយនឹង​ក្រុង​ប៉េកាំង​នៅ​តំបន់​ប្រជុំ​កោះ ណា​ទុ​ណា នៃ​សមុទ្រ​ចិន​ខាងត្បូង បាន​អះអាងថា ខ្លួន​គ្មាន​រឿង​ដែល​ត្រូវ​ចរចា​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​អ្វី​ឡើយ​។

 
​នេះ គឺជា​ជំហរ​ដ៏​មុតមាំ និង​ចុងក្រោយ​មួយ​របស់​សមាជិក​អាស៊ាន ឥណ្ឌូណេស៊ី ដែល​បាន​ធ្វើឡើង​តបត​ទៅនឹង​ចិន​ដែល​ត្រូវបាន​មើលឃើញថា​កំពុងតែ​ព្យាយាម​បង្កើន​ឥទ្ធិពល និង​សកម្មភាព​យ៉ាង​គឃ្លើន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​គេ​ចាត់ទុកជា រដ្ឋ​ចាស់ទុំ និង​មាន​ឥទ្ធិពល​មួយ​ក្នុង​តំបន់ បានប្រកាស​ដាច់ខាត​មិន​ចរចា​ជាមួយនឹង​ចិន​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Benar News នៅ​ថ្ងៃ​៥ មិថុនា ក្រសួងការបរទេស​ឥណ្ឌូណេស៊ី បាន​បដិសេធ​សំណើ​ចរចា​មួយ​របស់​ចិន​លើ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្រសួង​អះអាងថា ឥណ្ឌូណេស៊ី ពុំមាន​តំបន់​ត្រួតស៊ីគ្នា​ជាមួយនឹង​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ដដែល ទោះ​ការចរចា​ក្នុង​រូបភាព​ណាក៏ដោយ ក៏​ឥណ្ឌូណេស៊ី មិន​ទទួលយក​ដែរ​។ 
 
​សេចក្តីថ្លែងការណ៍​បដិសេធ​របស់​ឥណ្ឌូណេស៊ី ធ្វើឡើង​បន្ទាប់ពី រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​សំណើ​ចរចា​មួយ​ទៅកាន់​ឥណ្ឌូណេស៊ី និង​កំណត់​ទូត​មួយ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដោយបាន​ទទួលស្គាល់ថា ចិន មិនមាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​ឥណ្ឌូណេស៊ី​ឡើយ ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ មានការ​ទាមទារ​ត្រួតស៊ីគ្នា​លើ​សិទ្ធិ​គ្រប់គ្រង​ក្នុង​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​ដដែល​នោះ ផ្អែក​តាមច្បាប់​ស្តីពី​សមុទ្រ​ឆ្នាំ​១៩៨២ របស់​អង្គការ សហប្រជាជាតិ (UNCLOS) ឥណ្ឌូណេស៊ី មិនមាន​ការទាមទារ​ត្រួតស៊ីគ្នា​ជាមួយ​ចិន​ឡើយ ដូច្នេះ វា​មិនមែនជា​រឿង​ចាំបាច់​អ្វី​ឡើយ ដែល​ត្រូវមាន​កិច្ចសន្ទនា​ស្តីពី​ការកំណត់​ព្រំដែន​សមុទ្រ​នោះ​។​
​គួរ​ជម្រាប​ផងដែរ​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ថ្មីៗ​នេះ វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ចិន ដែល​ត្រូវបាន​រាយការណ៍ បាន​ព្យាយាម​បង្កើន​សកម្មភាព​គ្រប់គ្រង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ឯកតោភាគី ទាំង​ផ្នែក​រដ្ឋបាល និង​យោធា​។​
 
​ដោយឡែក​សម្រាប់​បញ្ហា​ជាមួយនឹង​ឥណ្ឌូណេស៊ី​វិញ កន្លងមក ចិន ធ្លាប់មាន​រឿងចម្រូងចម្រាស់​រហូតដល់​មានការ​ប្រឈម​មុខការ​ទូត​ជាមួយគ្នា​ខ្លាំង នៅក្នុង​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ។ សំអាង​លើ​ផែនទី​ប្រាំបួន​ចំណុច (​ផែនទី​ដែល​បញ្ជាក់ថា​ចិន​មាន​សិទ្ធិ​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង​) ចិន អះអាងថា ខ្លួន​មាន​សិទ្ធិ​ខ្លះ​លើ​តំបន់​ប្រជុំ​ណា​ទុ​ណា  ខណៈ​ឥណ្ឌូណេស៊ី អះអាងថា ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​
 
​ដោយសារ​បញ្ហា​នេះដែរ កន្លងមក ឥណ្ឌូណេស៊ី បាន​បញ្ជូន​ក្រុម​ទាហាន​ល្បាត​ទៅកាន់​ទីនោះ និង​ចុង​ក្រោយនេះ ថែមទាំង​បានដាក់​មូលដ្ឋាន​យោធា ដើម្បី​ការពារ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ខាងក្រៅ​ទៀតផង​៕ 
 

Tag:
 ចិន​
  ឥណ្ឌូណេស៊ី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com