អន្តរជាតិ
លោកស្រី ស៊ូ​ជី សុំ​ចិត្ត​ប្រជាជន​ក្នុងស្រុក​កុំ​ចាត់ទុក​ពលករ​ដែល​ត្រលប់​ចូល​ប្រទេស ជា​បន្ទុក និង​ប្រភព​នៃ​វីរុស Covid-19
07, Jun 2020 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​សុំ​ចិត្ត​ដល់​សាធារណៈ​ក្នុងស្រុក​មាន​ទស្សនៈ​វិជ្ជមាន​ទៅលើ​ពលករ​របស់ខ្លួន ដែល​ធ្វើការ​នៅ​បរទេស និង​កំពុងតែ​វិល​ត្រលប់​ចូលមក​ប្រទេស​វិញ ដោយសារតែ​វិបត្តិ​វីរុស​រាតត្បាត  Covid-19​។ ក្រុង​ណៃ​ពិដោរ បាន​វាយតម្លៃ​ខ្ពស់​សម្រាប់​ការចូលរួម​កសាង​ប្រទេស និង​កំណើនសេដ្ឋកិច្ច​ដោយសារ​តែ​ចំណូល​របស់​ពលករ ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​ទៀតផង​។

 
 
​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​រដ្ឋ លោកស្រី អ៊ុង​សាន ស៊ូ​ជី  នៅ​ថ្ងៃ​៥ មិថុនា​កន្លងទៅ បាន​ឲ្យ​ដឹងថា ដោយសារតែ វីរុស Covid-19 បាន​បណ្តាល​ឲ្យ​ពលករ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​បាត់បង់​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ហើយ​ពួកគេ ក៏ត្រូវ​បង្ខំចិត្ត​ត្រលប់​ចូល​ប្រទេស​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times លំហូរ​ពលករ​ចូល​ប្រទេស​នេះ បាន​បង្ក​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុងស្រុក​មួយចំនួន​មានការ​ព្រួយបារម្ភ និង​កើតការ​សង្ស័យថា ពលករ​ដែល​វិល​ត្រលប់​ទាំងនោះ អាចមាន​ផ្ទុក​វីរុស Covid-19 ដែល​កំពុងតែ​សម្លាប់​ប្រជាជន​ទូទាំង​ពិភពលោក​រាប់ម៉ឺន​នាក់​មកហើយ​នោះ​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក ដាក់បន្ទុក​ខ្លាំង​លើ​ពលករ​នោះ​គឺ បន្ទាប់ពី​រកឃើញថា​ក​រ​ណី​ឆ្លង Covid-19 ភាគច្រើន​ចុងក្រោយ គឺជា​ពលករ​ទើប​ត្រលប់​ចូល​ប្រទេស​។ 
 
​យ៉ាងណាក៏ដោយ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​គូសបញ្ជាក់ថា គ្រប់​ពលករ​ដែល​ត្រលប់​ចូល​ប្រទេស ត្រូវបាន​ដាក់​ឲ្យ​ស្នាក់នៅ ច​ត្តា​ឡី​ស័ក ហើយ​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​វីរុស រដ្ឋាភិបាល បាន​ត្រួតពិនិត្យ​សុខភាព និង​ទទួល​បានការ​សម្រាក​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​។ លោកស្រី បាន​អំពាវ​ឲ្យ​សាធារណជន មានការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​ពលករ ដោយ​លោកស្រី បន្ថែមថា គ្មាន​នរណាម្នាក់​ដែល​ចង់​ធ្វើការ​ឆ្ងាយ​ពី​ស្រុកកំណើត​របស់ខ្លួន​ឡើយ​។ 
 
​ភ្ជាប់​ជាមួយនឹង​ការការពារ​លើ​ការរើសអើង​ក្រុម​ពលករ ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ បាន​ថ្លែងថា ពលករ​ភាគច្រើន ដែល​បាន​វិល​ត្រលប់​ចូល​ប្រទេស​វិញ កន្លងមក​បាន​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​ជាច្រើន តាមរយៈ​ចំណូល និង​លំហូរ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ គ្រាន់តែ​ឆ្នាំ​២០១៩ លោកស្រី ស៊ូ​ជី អះអាងថា ថវិកា​ដែល​ពលករ​បរទេស​បាន​ផ្ញើ​តាមរយៈ​ធនាគារ មាន​រហូតដល់ ១ ពាន់​លាន​ដុល្លារ​៕  
 

Tag:
 មី​យ៉ាន់​ម៉ា​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com