COVID-19
អន្តរជាតិ
WHO អំពាវនាវ​ឲ្យ​គ្រប់គ្នា​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ខណៈ​កន្លងមក​ថា ទាល់តែ​ចាំបាច់​
06, Jun 2020 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី​៥ ខែមិថុនា បាន​ផ្លាស់ប្តូរ​គោលការណ៍​ណែនាំ​ការពាក់​ម៉ាស់​ជាថ្មី​។ តាមរយៈ​សេចក្តីណែនាំ​ថ្មី​នេះ អង្គការ​សុខភាព​ពិភពលោក ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ទើប​អាច​កាត់បន្ថយ​ករណី​ឆ្លង ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​។


 
​នាពេល​កន្លងមក អង្គការ WHO បាន​ណែនាំ​ថា អ្នកជំងឺ គួរតែ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ចំណែក​មនុស្ស​ធម្មតា មិនចាំបាច់​ពាក់​ឡើយ​។ ប៉ុន្តែ​នា​ថ្ងៃទី​៥ ខែមិថុនា អង្គការ​អន្តរជាតិ​មួយ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ណែនាំ​ថ្មី​មួយ ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។ 
 
​គោលការណ៍​ណែនាំ​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​រកឃើញ​ភស្តុតាង​វិ​វដ្ត​ថ្មី​។ បើតាម​ការបញ្ជា​ក់រប​ស់នា​យក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា នៅក្នុង​ការរកឃើញ​ភស្តុតាង​វិ​វដ្ត​ថ្មី អង្គការ WHO ផ្តល់យោបល់​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​ចំនួន គួរតែ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​របស់ខ្លួន​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ ដែល​មានការ​រាតត្បាត​នៃ​COVID-19 ខ្លាំង និង​នៅ​ទីកន្លែង​ដែល​ពិបាក​ក្នុង​ការរក្សា​គម្លាត​សុវត្ថិភាព​។ ក្នុង​លក្ខខណ្ឌ​ដែល​មិនអាច​រក្សា​គម្លាត​បាន​នេះ ចាស់ៗ​វ័យ ៦០ ឬ​លើសពីនេះ ក៏​គួរតែ​ពាក់​ម៉ាស​ដែរ​។ 
 
​ទន្ទឹមគ្នានេះ ស្ថាប័ន​សុខភាព​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​ការពារ ដែលមាន​បី​ស្រទាប់ ទើប​វា​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​បាន​។ 
 
​យ៉ាងណាក៏ដោយ គោលការណ៍​ណែនាំ​ចាស់​មួយចំនួន ត្រូវបាន​អង្គការ​អន្តរជាតិ​មួយ​នេះ រក្សាទុក​នៅ​ដដែល​ដូចជា​៖ បុគ្គល​ដែលមាន​ចេញ​រោគសញ្ញា COVID-19 គួរតែ​ស្នាក់​នៅផ្ទះ ការរក្សា​អនាម័យ និង​បុគ្គលិក​សុខាភិបាល​ត្រូវតែ​ពាក់​ម៉ាស់​ជាដើម​។ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា COVID-19 នៅលើ​ពិភពលោក​មាន​ចំនួន​សរុប ៦,៨​លាន​ករណី អ្នកស្លាប់​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៣,៣​លាន​នាក់​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com