COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១ករណីទៀត ដែលជាបុរសខ្មែរ-បារាំងអាយុ៣០ឆ្នាំ
× ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ-១៩ មួយករណីទៀត ដោយអ្នកជំងឺជាបុរសខ្មែរ-បារាំងអាយុ៣០ឆ្នាំ ដែលបានធ្វើដំណើរពីបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែឧសភា។ គាត់ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ជាក់ពីករណីទី១២៦នេះថា វត្ថុសំណាករបស់អ្នកជំងឺត្រូវបានវិភាគឡើងវិញនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងអំឡុងថ្ងៃទី១៣នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ហើយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី៦ ខែមិថុនា។ បច្ចុប្បន្នអ្នកជំងឺស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។
តាមប្រវត្តិធ្វើដំណើរ បុរសខ្មែរបារាំងរូបនេះ ធ្លាប់បានទៅអង់គ្លេស អាល្លឺម៉ង់ បារាំង និងឆ្លងកាត់កូរ៉េខាងត្បូង មុនមកដល់កម្ពុជា។
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងសរុប១២៦នាក់ ដែលក្នុងនោះស្រី៣៩នាក់ និងបុរស៨៧នាក់។ អ្នកជំងឺ១២៣នាក់ បានជាសះស្បើយ រីឯករណី៣ចុងក្រោយ ស្ថិតក្រោមការព្យាបាល ដែលក្នុងនោះមានបុរសខ្មែរដែលបានវិលត្រឡប់ពីហ្វីលីពីន និងបុរសខ្មែរបារាំង (សម្រាកនៅពេទ្យរុស្ស៊ី) និងបុរសខ្មែរម្នាក់ទៀតដែលកំពុងសម្រាកព្យាបាលនៅពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com