អន្តរជាតិ
លោក Duterte ផ្តើមយុទ្ធនាការសម្លាប់ឈ្មួញគ្រឿងញៀនជាថ្មី ក្រោយរឹបអូសបានសារធាតុញៀនជាង៧០០គីឡូក្រាម
× លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសអនុវត្តវិធានការក្តៅជាថ្មីប្រឆាំងនឹងក្រុមឈ្មួញជួញដូរគ្រឿងញៀន ដែលលោកអះអាងថា បាននិងកំពុងប្រើប្រាស់ហ្វីលីពីនជាកន្លែងចែកចាយគ្រឿងញៀនមួយយ៉ាងសកម្ម។ លោកប្រធានាធិបតី ព្រមានសម្លាប់ឧក្រិដ្ឋជនទាំងនោះ ដោយមិនរើសមុខឡើយ។
ទោះបីជាភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បានព្រមានពីការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរពាក់ព័ន្ធនឹងការសម្លាប់ក្នុងប្រតិបត្តិសង្គ្រាមប្រឆាំងគ្រឿងញៀនក្រោមរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេក៏ដោយ ក៏លោក ឌូទើតេ មិនខ្វាយខ្វល់ឡើយ។ លោកប្រធានាធិបតី នៅតែការពារជំហររបស់ខ្លួនថា ធ្វើឡើងដើម្បីអនាគតល្អរបស់ប្រជាជនហ្វីលីពីនជំនាន់ក្រោយនោះទេ។
តាមរយៈសន្និសីទសារព័ត៌មានថ្ងៃ៥ មិថុនា លោកប្រធានាធិបតី បានឲ្យដឹងថា ប៉ូលិសហ្វីលីពីន បានរឹបអូសសារធាតុញៀនប្រមាណ ៧៥៦ គីឡូក្រាម ដែលត្រូវបានគេប៉ានស្មានថាមានតម្លៃប្រមាណជាង ១០០ លានដុល្លារ។ ហើយប្រតិបត្តិការរឹបអូសនេះ គឺជាប្រតិបត្តិធំបំផុតមួយ គិតចាប់តាំងពីយុទ្ធនាការសង្គ្រាមគ្រឿងញៀនបានចាប់ផ្តើមក្នុងឆ្នាំ២០១៦មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post។
ខណៈលាក់បាំងប្រភពនៃការនាំចូលគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកប្រធានាធិបតី បានព្រមានថា៖ ប្រសិនអ្នកបំផ្លាញប្រទេសរបស់ខ្ញុំ .... ខ្ញុំ នឹងសម្លាប់អ្នកតែម្តង។ លោក បន្ថែមថា ហ្វីលីពីន បានក្លាយជាកន្លែងសម្រាប់ក្រុមឈ្មួញម៉ិកសិក ចែកចាយគ្រឿងញៀនដ៏ធំមួយក្នុងតំបន់ ដែលចំណុចនេះ លោក មិនអាចបណ្តែតបណ្តោយឲ្យបានឡើយ។
គួរជម្រាបថា នៅថ្ងៃ៤ មិថុនាកន្លងទៅការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ ដោយអះអាងថា ប្រតិបត្តិការលុបបំបាត់អំពើជួញដូរគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីនពីឆ្នាំ២០១៦មក បានសម្លាប់មនុស្សពាក់ព័ន្ធយ៉ាងហោចណាស់ ៨៦០០នាក់ ដែលទង្វើនេះ ភ្នាក់ងារអង្គការសហប្រជាជាតិ សន្យាថា នឹងមានវិធានការនាំឲ្យមានការទទួលខុសត្រូវទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។
តាមពិតទៅពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមគ្រឿងញៀនរបស់រដ្ឋបាលដឹកនាំ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្លាក់ដល់ចំណាត់ការពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) រួចទៅហើយ។ ទោះបីជាហ្វីលីពីន បានប្រកាសចាកចេញជាផ្លូវការពីតុលាការនេះក្តី តុលាការ បានអះអាងថា សំណុំរឿងនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេត និងវាយតម្លៃបឋមរបស់តុលាការដដែល មុនពេលឈានដល់ការស៊ើបអង្កេត និងចោទប្រកាន់ពេញលេញ៕
Tag:
ហ្វីលីពីន
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com