អន្តរជាតិ
OPEC+ យល់ព្រម​កាត់បន្ថយ​ការផលិត​ប្រេង​៩,៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ រហូតដល់​ដំណាច់ខែ​កក្កដា​
07, Jun 2020 , 11:59 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អង្គការ​នៃ​ក្រុម​ប្រទេស​នាំចេញ​ប្រេង និង​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន (OPEC+) នៅ​ថ្ងៃទី​៦ ខែមិថុនា បាន​យល់ព្រម​កាត់បន្ថយ​ការផលិត​ប្រេង​ជិត ១០​លាន​បារ៉ែល​ក្នុង​ថ្ងៃ​រហូតដល់​ខែកក្កដា​។ ការសម្រេច​កាត់បន្ថយ​ចំនួន​ផលិត​ប្រេង​ជាថ្មី​បែបនេះ ធ្វើឡើង​ដើម្បី​ស្តារ​តម្លៃ​ប្រេង ដែល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំងបំផុត​។


 
​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បានធ្វើ​ឲ្យ​តម្លៃ​ប្រេង​សកល​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រេង​របស់​ប្រទេស​នីមួយៗ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​អង្គការ OPEC+ សម្រេច​កាត់បន្ថយ​ការផលិត​ប្រេង​ប្រមាណ ៩,៧​លាន​បារ៉ែល​ក្នុង​ថ្ងៃ ចាប់ពី​ខែឧសភា រហូតដល់​ដំណាច់ខែ​មិថុនា​។ 
 
​ដោយ​មើលឃើញថា​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​មិនទាន់​ល្អ និង​កំណើន​ប្រេង​មាន​កាន់តែច្រើន​នៅក្នុង​ស្តុក ក្រុម​ប្រទេស​OPEC រុស្ស៊ី និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត បាន​យល់ព្រម​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន ៩,៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​រហូតដល់​ខែកក្កដា​។ រយៈពេល​បន្ទាប់​ពីនេះ ដល់​ដំណាច់ឆ្នាំ​២០២០ ក្រុម​ប្រទេស​ទាំងអស់ នឹង​កាត់បន្ថយ​ការផលិត​ប្រេង​ជិត ៨​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ និង​កាត់បន្ថយ ៦​បារ៉ែល​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល ១៦​ខែ ដោយ​ចាប់​គិត​ចាប់ពី​ឆ្នាំ​២០២១​ទៅ​។  
 
​តាម​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​តាម Video Conference រដ្ឋមន្ត្រី​ប្រេង​អាល់​ហ្សេ​រី និង​ជា​ប្រធាន​ក្រុម​ប្រទេស​នាំចេញ​ប្រេង​OPEC លោក Mohamed Arkab បាន​ព្រមាន​ដល់​សមាជិក​ប្រទេស ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ថា ការ​ស្តុក​ប្រេង​សកល អាច​កើនឡើង​ដោយ ១,៥​ពាន់​លាន​បារ៉ែល កាត់​ត្រឹម​ចំណុចកណ្តាល​នៃ​ឆ្នាំ​២០២០​នេះ​។ 
 
​ការសម្រេច​ជុំវិញ​ការកាត់បន្ថយ​ប្រេង​លើកចុងក្រោយ​នេះ គឺមាន​ការបោះឆ្នោត​យល់​ព្រម​ជា​ឯកច្ឆន្ទ ដើម្បី​ស្តារ​តម្លៃ​ប្រេង​សកល​ឡើង​វី​ញ​។ លោក​រដ្ឋមន្ត្រី​ថាមពល​របស់​អេ​មី​រ៉ាត់​អារ៉ាប់​រួម បាន​សរសេរ​បែបនេះ នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន ដោយ​បន្ថែមថា នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ល្អ និង​ជា​កិច្ចខិតខំ​រួម​របស់​ប្រទេស​សមាជិក​ទាំងអស់ ដើម្បី​រក្សា​តម្លៃ​ប្រេង​សកល​ឲ្យ​ល្អ​បំផុត​៕
 
សូមបញ្ជាក់ថា អង្គការ​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​បូក (OPEC+) មាន​សមាជិក​២៤​ប្រទេស ដូចជា អា​ហ្សេ​រី អង់​ហ្គោ​ឡា កុង​ហ្គោ ហ្គី​ណេ​អេក្វាទ័រ ហ្កា​បុ​ង អ៊ីរ៉ាក់ អ៊ីរ៉ង់ កូ​វ៉ែត លី​ប៉ី នី​ហ្សេ​រី​យ៉ា អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ាត់​អារ៉ាប់​រួម​វ៉េ​ណេ​ស៊ុយ​អេ​ឡា រុស្ស៊ី អា​ស៊ែ​បៃ​ហ្ស​ង់ បា​រ៉ែ​ន ព្រុយ​ណេ កា​ហ្សា​ក់​ស្ថាន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក អូ​ម៉​ង់ ស៊ូដង់​ខាងត្បូង និង​ស៊ូដង់​៕​

Tag:
 OPEC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com