COVID-19
ជាតិ
សម្តេច ហ៊ុន សែន បារម្ភចំពោះដំណើរកម្សាន្តចុងសប្តាហ៍របស់ពលរដ្ឋមួយចំនួនដោយភ្លេចគិត COVID-19 សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាសន្និសិទសារព័ត៌មានពីកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមករា។
× ភ្នំពេញ៖ បន្ទាប់ពីរកឃើញករណីថ្មី ១បន្ថែមទៀត ដែលជាករណីនាំចូល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តរំលឹកដល់ពលរដ្ឋ កុំមានការធ្វេសប្រហែសពីជំងឺកូវីដ-១៩ ជាពិសេសពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានា និងនៅតាមផ្សាទំនើបតូច-ធំ នាថ្ងៃចុងសប្ដាហ៍។
«ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកម្សាន្តនៅតាមផ្សារទំនើបតូចធំជាដើម»។ សម្តេច បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុករបស់ខ្លួន។
ដូចជារាល់លើកផងដែរ ប្រមុខរដ្ឋាភិបាលបន្តអំពាវនាវឲ្យមានការពាក់ម៉ាស់ ការប្រើប្រាស់ទឹកអាល់កុល ឬជែល ជាប្រចាំដើម្បីទប់ស្កាត់ការឆ្លង COVID-19 ជាពិសេសនៅតាមផ្សារ ភោជនីយដ្ឋាន មន្ទីរពេទ្យ។
សម្តេចបានព្រមានថា៖ «កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ-១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ»។
គិតត្រឹមថ្ងៃទី៧ ខែមិថុនានេះ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន ១២៦នាក់ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន១២៣នាក់ ខណៈអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកកើតជិត ៧ លាននាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៣.៤លាននាក់ និងស្លាប់ជិត៤០ម៉ឺននាក់៕
Tag:
សម្ដេច
ហ៊ុនសែន
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com