COVID-19
អន្តរជាតិ
គូស្នេហ៍​ជួបគ្នា​វិញ ក្រោយ​រស់នៅ​ដាច់ដោយឡែក​ជាច្រើន​ខែ​ដោយសារ COVID-19
07, Jun 2020 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកតា Walter Willard អាយុ​៩១​ឆ្នាំ និង​លោកយាយ Jean អាយុ​៨៩​ឆ្នាំ មិនដែល​បើក​គ្នា​នោះឡើយ​ក្នុង​ចំណងអាពាហ៍ពិពាហ៍​ប្រមាណ​៧០​ឆ្នាំ​កន្លងមកនេះ​។ ដោយសារ​ការ​រាតត្បាត COVID-19 ពួកគាត់​បាន​បង្ខំចិត្ត​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​អស់​រយៈពេល​ជាច្រើន​ខែ​។ ក្រោយ​ស្ថានភាព​ស្ងប់ស្ងាត់ និង​សំណូមពរ​របស់​កូនៗ​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព ប្តី​-​ប្រពន្ធ​អាមេរិក​មួយគូ​នេះ បាន​ជួបជុំគ្នា​វិញ ជាមួយនឹង​ការ​នឹករលឹក​គ្នា​យ៉ាងខ្លាំង​។​

 
«​ពួកគាត់​បាន​ថើប​គ្នា​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​»​។ នេះ​បើតាម​ការ​ព័រ​ណ៌​នា​របស់​សារព័ត៌មាន WRGB ដែល​បាន​សាកសួរ​កូនស្រី​ទាំងពីរ​ឈ្មោះ Wendy Willard និង Wanda Glenn ពី​ដំណើរ​ដើមទង​នៃ​ការ​បែក​គ្នា​របស់​ពួកគាត់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​ដោយសារ COVID-19​។​
 
​មុន​ដល់​ឆ្នាំ​២០២០ លោកតា Walter និង​លោកយាយ Jean សុទ្ធ​តែមាន​សុខភាព​មាំមួន​។ ប៉ុន្តែ​ក្រោយមក លោក Jean បាន​ដួល ដែល​បណ្តាល​ឲ្យ​បែក​ឆ្អឹងត្រគាក ហើយ​ក្រោយមក​គាត់​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ថែទាំ​សុខភាព Eddy Memorial Geriatric ក្រុង Troy រដ្ឋ​ញូវយ៉ក ដែល​នៅក្បែរ​ផ្ទះ​។​


 
«​ឪពុក​របស់់ខ្ញុំ តែងតែ​ទៅ​មើលថែទាំ​ជា​រៀងរាល់ថ្ងៃ រហូតដល់​ម្តាយ​ខ្ញុំ​សម្រាន្ត​លក់​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់ Willard ប្រាប់ WRGB ប៉ុន្តែ​ក្រោយមក អាជ្ញាធរ ក៏ដូចជា​បុគ្គលិក​មជ្ឈមណ្ឌល​បាន​រឹតត្បិត និង​ហាមឃាត់​ការជួបជុំ ដោយសារតែ​មនុស្ស​វ័យ​ចំណាស់ ជា​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ការឆ្លង COVID-19​។​
 
 
​អ្នកស្រី Willard បាន​បញ្ជាក់ថា លោកយាយ Jean តែងតែ​យំ និង​សួររក​ស្វាមី​ជានិច្ច ប៉ុន្តែ​កូនៗ មិនអាច​ជួយ​ពួកគាត់​បានឡើយ ខណៈ​ការ​រាលដាល COVID-19 នៅ​ញូវយ៉ក ក៏ដូចជា​សហរដ្ឋអាមេរិក​ទាំងមូល​បន្ត​កើន​ឡើងជា​លំដាប់​។ លោកតា Walter ដែលជា​ទូទៅ​មាន​សុខភាព​ល្អ ក៏បាន​ធ្លាក់ចុះ​ទ្រុឌទ្រោម​ផងដែរ ដោយ​គាត់​បាន​ដួល រហូតដល់​មានការ​វះកាត់ និង​ស្តារនីតិសម្បទា​។​
 
​ដោយសារ​ពិបាក​ទ្រាំ​មើល​ស្ថានភាព​ឪពុកម្តាយ Wendy Willard បាន​សរសេរ​សំបុត្រ​ទៅ​នាយក​មជ្ឈមណ្ឌល Eddy Memorial Geriatric​។ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​ពិតជា​ភ័យខ្លាច​ណាស់ ប៉ុន្តែ​អ្វីដែល​យើង​កាន់តែ​ភ័យខ្លាច​ទៀត​នោះ គឺ​ការបាត់បង់​អ្នកណាម្នាក់​ក្នុងចំណោម​ឪពុកម្តាយ​ខ្ញុំ ហើយ​ពួកគាត់​នឹង​គ្មាន​ឱកាស​ជួបគ្នា​សារជាថ្មី​នោះឡើយ​»​។​
 
​ភ្លាមៗ​នោះ នាយក​មជ្ឈមណ្ឌល​បានផ្តល់​ចម្លើយ​ដ៏​វិជ្ជមាន​ទៅកាន់ Wendy ។ បុគ្គលិក​មជ្ឈមណ្ឌល បានរៀបចំ​ឲ្យ​ពួកគាត់​ជួបគ្នា ដោយ​ម្នាក់​សុទ្ធ​តែមាន​អារម្មណ៍​រំភើប​នៅពេលដែល​ឃើញ​ពួកគាត់​ចាប់ដៃគ្នា យំ ឱប​គ្នា និង​ថើប​គ្នា​។ 
 
​លោកយាយ Jean បាន​និយាយថា​៖ «​បង​សំឡាញ់ អូន​រីករាយ​ណាស់​ដែល​បាន​ជួប​បង​»​។ ក្រោយមក​គាត់​បន្ត​យំ ប៉ុន្តែ​លោកតា Walter បាន​សួរ​ទៅវិញ​ថា​៖ «​តើ​អូន​សុខទុក្ខ​យ៉ាងណា​?»​។ លោកយាយ Jean ឆ្លើយថា «​ទេ អូន​នឹក​បង​»​។​
 
 
​ពួកគាត់​ទាំងពីរ​បន្ត​ឱប​គ្នា ហើយ​លោកតា Walter បាន​លើកឡើងថា ពិតជា​រីករាយ​ដែល​ចំណងអាពាហ៍ពិពាហ៍​៧០​ឆ្នាំ​របស់​ពួកគាត់​រឹងមាំ​។ បច្ចុប្បន្ន លោកតា Walter និង​លោកយាយ Jean ត្រូវបាន​រៀបចំ​ឲ្យ​នៅ​ជុំគ្នា​នៅក្នុង​មជ្ឈមណ្ឌល​តែម្តង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com