COVID-19
ជាតិ
COVID-19៖ កម្ពុជា​ធ្វើតេស្ត​អ្នកដំណើរ​តាម​យន្តហោះ​ជាង​៣៦០០​នាក់ ចាប់តាំងពី​ថ្ងៃទី​១៦ ខែឧសភា មក​
07, Jun 2020 , 7:59 pm        
រូបភាព
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា នេះ​ថា កម្ពុជា​បានធ្វើ​តេស្ត​អ្នកដំណើរ​តាម​យន្តហោះ​សរុប​៣៦៣៧​នាក់ (​ស្រី​៧៥៦​នាក់ និង​ប្រុស​២៨៨១​នាក់​) ចាប់តាំងពី​ថ្ងៃទី​១៦ ខែឧសភា​មក​។ ក្នុងចំណោម​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់ លទ្ធផល​វិជ្ជមាន COVID-19 មាន​៣​នាក់ ក្នុងនោះ​ម្នាក់​បានជា​សះស្បើយ​។ រីឯ​ការ​តេស្ត​សំណាក​វិភាគ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២១ ៧៤៩​សំណាក ដោយ​គិត​ចាប់តាំងពី​ខែមករា មក​។​

 
​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​១២៦​នាក់ ដែល​ក្នុងនោះ​ស្រី​៣៩​នាក់ និង​បុរស​៨៧​នាក់​។ អ្នកជំងឺ​១២៣​នាក់ បានជា​សះស្បើយ រីឯ​ករណី​៣​ចុងក្រោយ ស្ថិតក្រោម​ការព្យាបាល ដែល​ក្នុងនោះ​មាន​បុរស​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​ហ្វីលីពីន និង​បុរស​ខ្មែរ​បារាំង (​សម្រាក​នៅ​ពេទ្យរុស្ស៊ី​) និង​បុរស​ខ្មែរ​ម្នាក់ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
 
​បុរស​វ័យ​៣០​ឆ្នាំ ជា​ជនជាតិខ្មែរ​-​បារាំង ទើបតែ​រកឃើញ​មាន​ករណី​នាំចូល​កូ​វីដ​-១៩​នៅ​ថ្ងៃទី​៦ ខែមិថុនា ដោយសារ​លោក​បាន​ធ្វើដំណើ​រ​មកពី​ប្រទេស​បារាំង​តាមរយៈ​ការហោះហើរ​ពី​សាធារណៈរដ្ឋ​កូរ៉េ មកដល់​កម្ពុជា កាលពី​ថ្ងៃ​២៤ ខែឧសភា ឆ្នាំ​២០២០​។ ក្រោយ​មកដល់​កម្ពុជា ក្រុមគ្រូពេទ្យ​បាន​យក​សំណាក់​របស់គាត់​ទៅធ្វើ​តេស្ត​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ ក្រោយ​ការធ្វើ​តេស្ត​រយៈពេល​១៣​ថ្ងៃ ឃើញថា​បុរស​វ័យ​យ​៣០​រូបនេះ ទទួលបាន​ផល​វិជ្ជមាន ហើយក៏​ត្រូវ​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com