COVID-19
អន្តរជាតិ
លោក មូហ៊ីឌីន យ៉ាស៊ីន ៖ COVID-19 នៅម៉ាឡេស៊ីឈានដល់ដំណាក់សះស្បើយជាបន្តបន្តាប់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន ។ រូបភាព៖ Bernama
× បន្ទាប់ពីស្ថានភាពជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) នៅក្នុងប្រទេសមានស្ថានភាពធូរស្រាល ម៉ាឡេស៊ី នឹងចាប់ផ្តើម «ដំណាក់កាលជាសះស្បើយ» នៅក្នុងប្រទេស នាពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី៧ ខែមិថុនា។
ម៉ាឡេស៊ី បានដាក់ប្រទេសក្រោមបទបញ្ជារឹតត្បិតការធ្វើដំណើរតាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ និងត្រូវបន្តរហូតដល់ថ្ងៃទី៩ ខែមិថុនានេះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19 នៅក្នុងប្រទេស។
ដោយមើលឃើញថា ស្ថានភាពអ្នកឆ្លងកូរ៉ូណាវីរុស មានការធ្លាក់ចុះ ម៉ាឡេស៊ី សម្រេចដាក់ចេញវិធានការថ្មី ដើម្បីបើកប្រទេសឡើងវិញ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៧ ខែមិថុនា លោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា៖ « ម៉ាឡេស៊ី បានទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងសកល (COVID-19) បានយ៉ាងជោគជ័យ ហើយឥឡូវនេះ ម៉ាឡេស៊ី នឹងឈានដល់ ដំណាក់កាលជាសះស្បើយ»។ ដំណាក់កាលជាសះស្បើយនេះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនាខាងមុខនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា។
តាមរយៈ «ដំណាក់កាលជាសះស្បើយ» នេះ ម៉ាឡេស៊ី នឹងអនុញ្ញាតឲ្យដំណើរការសកម្មភាពមួយចំនួនឡើងវិញ ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌខ្លះ។ បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ស្ទើរតែសកម្មភាពអប់រំ សង្គម សកម្មភាពសាសនា ជំនួញ វិស័យសេដ្ឋកិច្ច នឹងបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវគោរពតាមនីតិវិធីស្តង់ដាមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃ COVID-19 សារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
ផ្អែកតាមដំណាក់កាលជាសះស្បើយនេះ ម៉ាឡេស៊ី នឹងបើកឲ្យមានការធ្វើដំណើរឆ្លងរដ្ឋឡើងវិញ លើកលែងតែរដ្ឋមួយចំនួន ដែលស្ថិតក្រោមវិធាននៃការរឹតត្បិតការធ្វើដំណើរ។ ចំណែកពលរដ្ឋម៉ាឡេស៊ី ដែលនៅបរទេស ក៏ត្រូវគេអនុញ្ញាតឲ្យត្រលប់ចូលប្រទេសវិញដែរ ប៉ុន្តែស្ថិតក្រោមវិធានចត្តាឡីស័ក។ ចំណែកសាលារៀន រដ្ឋាភិបាល បានបញ្ជាក់ថា មិនទាន់បានសម្រេចឡើយ ជុំវិញការបើកឲ្យសិស្សចូលរៀនឡើងវិញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុបចំនួន ៨៣០៣ករណី អ្នកស្លាប់ចំនួន ១១៧នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៦៣៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com