COVID-19
ជាតិ
ក្រសួងទេសចរណ៍​រៀប​វគ្គ​បណ្តុះបណ្តាល​អន​ឡាញ​លើ​ការពង្រឹង​សមត្ថភាព​ត​ប​នឹង​កូ​វីដ​-១៩
08, Jun 2020 , 7:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២២ ខែមិថុនា ដល់​ថ្ងៃទី​២០​កក្កដា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​វាយតម្លៃ​សមត្ថភាព​ដល់​បុគ្គលិក និង​យោ​ជិ​ក​បម្រើ​ការងារ​នៅតាម​អាជីវកម្ម​សេវា​ទេសចរណ៍ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​៥ មិថុនា​។


 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ រយៈពេល​២​វេន ដែល​វេន​ព្រឹក​ចាប់ពី​ម៉ោង​៩-១១​ព្រឹក និង​រសៀល​ចាប់ពី​ម៉ោង​៣-៥​ល្ងាច​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដែលមាន​ចំនួន​៥​វគ្គ​សិក្សា​។ វគ្គ​ទី​១ សិក្សា​ចំណេះដឹង​អំពី​វិធានការ​ការពារ​ជា​មូលដ្ឋាន និង​គោលការណ៍​ណែនាំ​ស្ដីពី​ការបង្ការ និង​ត្រួតពិនិត្យ​ការ​ចម្លងរោគ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​។ វគ្គ​ទី​២ អនុវត្ត​ការងារ​ស្របតាម​នីតិវីធី​អនាម័យ​នៅ​កន្លែង​ការងារ​។ វគ្គ​ទី​៣ អនុវត្ត​នីតិវិធី​សុខភាព ន​ងិ​សុវត្ថិភាព​ក្នុង​អាជីព​។ វគ្គ​ទី​៤ សម្អាត​បរិវេណ និង​ឧបករណ៍ និង​វគ្គ​ទី​៥ ក្រម​ប្រតិបត្តិ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ទេសចរណ៍​។​
 
​អំឡុងពេល​សិក្សា​ក្នុង​វគ្គ​នីមួយ សិក្ខាកាម​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រឡង​ពេល​បញ្ចប់​វគ្គ រយៈពេល​៤៥​នាទី​។ សិក្ខា​ទាំងអស់​មាន​រយៈពេល​១​សប្ដាហ៍ ដើម្បី​ធ្វើ​ស្វ័យ​ប្រឡង​តេស្ត​សមត្ថភាព​របស់ខ្លួន​តាម​អន​ឡាញ ហើយ​ក្រោយពី​ប្រឡង​ជាប់​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ពី​ក្រសួងទេសចរណ៍​។ សម្រាប់​ការប្រឡង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៩ ខែមិថុនា ដល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។ 
 
​លើសពីនេះ ដើម្បី​ទទួលបាន​នូវ​ការទទួល​ស្កាល់​សមត្ថ​ពិតប្រាកដ​ផ្នែក​ទេសចរណ៍ ស្របទៅតាម​ស្តង់ដារ សិក្ខាកាម​ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់ ត្រូវ​ទទួលបាន​ការវាយតម្លៃ​យ៉ាងហោចណាស់ ៣​សមត្ថភាព ដែល​តម្រូវ​ក្នុង​វគ្គ​សិក្សា​។ 
 
​សម្រាប់​បុគ្គលិក​បម្រើ​ការងារ​តាម​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការធ្វើដំណើរ​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍ និង​មាន​សមត្ថភាព អាច​ចុះឈ្មោះ​តាមរយៈ https://www.tptd.org ។​
 
 

Tag:
 ក្រសួងទេសចរណ៍​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com