ជាតិ
ទឹកធ្លាក់​អូរ​ជាំ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​
07, Jun 2020 , 10:59 pm        
រូបភាព
​ដោយ​៖ ខន ណា​រី​

​បាត់ដំបង​៖ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ស្ថិតនៅ​ក្នុងភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ ៩៩​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​។ តាម​រដ្ឋបាលខេត្ត ទឹកធ្លាក់ អូរ​ជាំ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ​២០០៣​ដោយ​ប្រជាជន​ដែល​ទៅ​រស់នៅ​ទីនោះ​។​

 
​បើតាម​មន្ទី​ទេសចរណ៍​ខេត្តបាត់ដំបង សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល ដោយសារ​នៅ​ទីនោះ​មាន​ដើមឈើ​ធំៗ ចម្រុះ ផ្តល់នូវ​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​។ ទឹកធ្លាក់​ចុះមក​ពីលើ​ភ្នំ​ដែលមាន​ប្រភព​មកពី​បឹង​ដ៏​ធំ​មួយ​ទំហំ​ប្រមាណ​ជាង ២​ហិច​តា លើ​កំពូលភ្នំ​ដែល​អ្នក​នៅ​តំបន់​នោះ​ហៅថា​បឹង​ទន្លេ​ផែន ហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ ជាច្រើន​ដំណាក់ ដែល​បង្កើត​អោយ​ទឹក​មាន​សភាព​ថ្លា​ឆ្វង់ និង​ត្រជាក់​ដូច​ទឹក​អ​ម្រិ​ត​។ 


 
​ទីតាំង​ដ៏​អំណោយផល​នេះ បានផ្តល់​នូវ​បរិស្ថាន​ដ៏​ប្រសើរ​ចំពោះ​ការរស់នៅ​របស់​មច្ឆា បក្សាបក្សី ប្លែកៗ គួរ​ជាទី​គយគន់​។ ទី​ភ្នំ​ខ្ពស់ៗ អមដោយ​រុក្ខជាតិ និង​ស្មៅ​ដុះ​ខៀវខ្ចី បាន​បង្កើន​នូវ​ថាមពល​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​សប្បាយ​។ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ផ្តល់នូវ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាច្រើន​ដូចជា​: សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ និង​ភេសជ្ជៈ សេវា​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍​។ 


 
​សូមបញ្ជាក់ថា​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា​៖
- ការដើរ​ទស្សនា​កម្សាន្ត​តាម​លើ​ភ្នំ និង​ទឹកជ្រោះ​ដែលមាន​ច្រើន​ដំណាក់​។​
- ការ​ងូត​ទឹកជ្រោះ​កម្សាន្ត​
- ការ​ពិសារ​អាហារ​ប្លែកៗ ក្នុង​តំបន់ ដែល​ចំអិន​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​សហគមន៍​ផ្ទាល់​
- ការបោះ​តង់​ស្នាក់នៅ​ប្រកប​សុវត្ថិភាព​ខ្ពស់​
- ការ​ទស្សនា​ហ្វូង​មេអំបៅ​
- ការកម្សាន្ត​ពេល​រាត្រី ដុត​ភ្នក់ភ្លើង​ជា​ក្រុមៗ​
- ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពី​សហគមន៍​
- និង​ការទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ប្លែកៗ ជាមួយនឹង​ធម្មជាតិ​នៃ​បេះដូង​របស់​ស្រុក​សំឡូត នៃ​ខេត្តបាត់ដំបង​៕






​ប្រភព​រូបថត​៖ រដ្ឋបាល និង​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​

© រក្សាសិទ្ធិដោយ thmeythmey.com