COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ប្រកាសថា គ្មាន​ករណី COVID-19 លើទឹកដី​ខ្លួន​ទៀតឡើយ​
08, Jun 2020 , 10:04 am        
រូបភាព
​នូ​វែ​ល​សេ​ឡង់ បានប្រកាស​នៅ​ថ្ងៃទី​៨ ខែមិថុនា ថា ប្រទេស​ខ្លួន​គ្មាន​ករណី​ជំងឺ COVID-19 ទៀតឡើយ ដែល​នេះ​ជា​លើកដំបូង​តាំងពី​ជំងឺ​នេះ​ឆ្លង​ចូលមក​។ ជាមួយ​លទ្ធផល​នេះ នូ​វែ​ល​សេ​ឡង់ ស្ថិតក្នុង​ចំណោម​ប្រទេស​តិចតួច​ដែល​អាច​គ្រប់គ្រង​ជំងឺ COVID-19 បាន​។ ជាមួយ​លទ្ធផល​នេះ នូ​វែ​ល​សេ​ឡង់ នឹង​បន្ធូរបន្ថយ​ការ​រ​រឹតត្បិត​ស្ទើរ​ទាំងអស់ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​ត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា​ដូច​មុន​វិញ​។​

 
​អ្នកជំងឺ COVID-19 ចុងក្រោយ​គេ​រប​ស់នូ​វែ​ល​សេ​ឡង់ ត្រូវបាន​ព្យាបាល​សះស្បើយ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ គ្មាន​ករណី​ជំងឺ COVID-19 សូម្បី​មួយ​សោះ​ក្នុងប្រទេស​។ ១៧​ថ្ងៃ​កន្លងទៅ នូ​វែ​ល​សេ​ឡង់ ក៏​គ្មាន​ករណី​ឆ្លង​ថ្មី​ដែរ​។ ប្រទេស​កោះ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ឈរ​ក្នុងចំណោម​ប្រទេស​តិចតួច​បំផុត​ដែល​អាច​លុបបំបាត់​ជំងឺ​នេះ​បាន ខណៈ​ស្ថានភាព​ជំងឺ COVID-19 នៅ​នូ​វែ​ល​សេ​ឡង់ ក៏មាន​អត្រា​ទាប​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​
 
​អគ្គនាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ Ashley Bloomfield ដែល​ប្រកាស​ដំណឹង​ល្អ​ខាងលើ​ទៅកាន់​ប្រជាជន​នោះ និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៨ ខែមិថុនា ថា លទ្ធផល​នេះ ជា​សមិទ្ធផល​សម្រាប់​នូ​វែ​ល​សេ​ឡង់​។ លោក​អះអាងថា​៖«​គ្មានរ​ករណី​ជំងឺ COVID-19 សកម្ម​ជា​លើកដំបូង​តាំងពី​ថ្ងៃទី​២៨ ខែកុម្ភៈ គឺជា​សញ្ញា​ល្អ​ក្នុង​ដំណើរ​របស់​យើង ប៉ុន្តែ​ដូចដែល​ធ្លាប់​និយាយ​ពីមុនមក ការប្រុងប្រយ័ត្ន​នឹង COVID-19 នៅតែ​បន្ត​ដដែល​។​» 
 
​ខុសពី​ប្រទេស​មួយចំនួន យុទ្ធសាស្ត្រ​របស់​នូ​វែ​ល​សេ​ឡង់​ក្នុងការ​ទប់ទល់ COVID-19 គឺ​ពឹង​ផ្អែកលើ​ការលុបបំបាត់​វីរុស ជាជាង​ការបង្អាក់​ការឆ្លង​។ ក្រសួងសុខាភិបាល​នូ​វែ​ល​សេ​ឡង់ កំណត់ថា រយៈ​ពេលដែល​គ្មាន​វីរុស គឺ​២៨​ថ្ងៃក្រោយ​អ្នក​ឆ្លង COVID-19 ពី​សហគមន៍​របស់គេ ចាក​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​។ នូ​វែ​ល​សេ​ឡង់ ក៏បាន​បិទ​ប្រទេស​យ៉ាង​តឹងតែង​បំផុត​ចំនួន​៧​សប្ដាហ៍​រហូតដល់​ថ្ងៃទី​១៤ ខែឧសភា ក្រោយ​គ្រប់គ្រង​ការឆ្លង​ថ្មី​បាន​។​
 
​នាយករដ្ឋមន្ត្រី Jacinda Ardern រំពឹងថា នឹង​ប្រកាស​ពី​ការទម្លាក់​កម្រិត​អាសន្ន​មក​កម្រិត​ទីមួយ​វិញ ដែលជា​កម្រិត​ទាប​បំផុត​នៃ​ប្រព័ន្ធ​ឆ្លើយតប​ភាពអាសន្ន​របស់​នូ​វែ​ល​សេ​ឡង់​។ ជាមួយនឹង​ការទម្លាក់​កម្រិត​អាសន្ន​នេះ ការ​រឹត​ត​ត្បិត​ស្ទើរ​ទាំងអស់ នឹងត្រូវ​លើកលែង​ដូចជា​ការជួបជុំ​មនុស្ស​ច្រើន និង​វិធានការ​គម្លាត​សុវត្ថិភាព​ជាដើម​។ ប៉ុន្តែ​ការធ្វើដំណើរ​ចូល​ទឹក​នូ​វែ​ល​សេ​ឡង់​ដែល​ប៉ះពាល់​វិស័យ​ទេសចរណ៍ នឹង​រឹតត្បិត​ដដែល សំដៅ​បញ្ចៀស​ការឆ្លង​ថ្មី​។ 
 
​សូមបញ្ជាក់ថា នូ​វែ​ល​សេ​ឡង់ មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន​១១៥៤​នាក់់​ប៉ុណ្ណោះ និង​ស្លាប់​២២​នាក់​៕
 
 

Tag:
 ​នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com