អន្តរជាតិ
ឥណ្ឌា​ថា ខ្លួន​និង​ចិន​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ «​សន្តិវិធី​»
08, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi (ឆ្វេង) និង​គណៈប្រតិភូ​របស់​លោក ជួប​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​គណៈប្រតិភូ​ចិន​ក្នុង​ទីក្រុង​វូហាន ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi (ឆ្វេង) និង​គណៈប្រតិភូ​របស់​លោក ជួប​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​គណៈប្រតិភូ​ចិន​ក្នុង​ទីក្រុង​វូហាន ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨។
ដោយ: VOA
​ប្រទេស​ឥណ្ឌា និង​ចិន​នឹង​ដោះស្រាយ​ជម្លោះ​នៅតាម​ព្រំដែន​របស់​ពួកគេ​ដោយ «​សន្តិវិធី​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ឥណ្ឌា​នៅ​ថ្ងៃអាទិត្យ​នេះ គឺ​ក្នុងពេល​មួយថ្ងៃ​ក្រោយមក បន្ទាប់ពី​មេបញ្ជាការ​យោធា​នៃ​ប្រទេស​ទាំង​ពីរបាន​ជួបពិភាក្សា​គ្នា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​ដែល​អូសបន្លាយ​អស់​រយៈពេល​មួយខែ​កន្លងមកនេះ​។​

 
​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​ទាំងពីរ​នៅ​ភាគ​ខាងកើត​តំបន់ Ladakh ដែលជា​តំបន់​ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​ចិន បានចាប់ផ្ដើម​នៅពេលដែល​ទាហាន​យាមល្បាត​នៃ​ប្រទេស​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​កាលពីដើម​ខែឧសភា​។​
 
​ប្រទេស​ចិន​គឺជា​អ្នកគ្រប់គ្រង​ការធ្វើដំណើរ​ចេញចូល​ទៅកាន់​ចំណុច​យុទ្ធសាស្ត្រ​មួយចំនួន​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នៃ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នេះ​។​
 
​ទោះបីជា​មន្ត្រី​ឥណ្ឌា​បាន​និយាយថា ទាហាន​ចិន​បាន​ចូលក្នុង​ដែនដី​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​បាន​ដំឡើង​តង់ និង​ប៉ុស្តិ៍​យាមល្បាត​នៅ​ទីតាំង ៣ កន្លែង​ក៏ដោយ ក៏​ប្រទេស​ចិន​បាន​បដិសេធថា ខ្លួន​មិនបាន​រំលោភ «​ខ្សែបន្ទាត់​គ្រប់គ្រង​ពិតប្រាកដ​» ដែលជា​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នោះទេ និង​បាន​បញ្ជាក់ថា តំបន់​នោះ​មាន​ស្ថិរភាព​។​
 
​ចាប់តាំងពី​ពេលនោះ​មក ភាគី​ទាំងពីរ​បាន​ពង្រាយ​ទាហាន​បន្ថែម និង​ដំឡើង​កាំភ្លើង​ធំ និង​អាវុធ​នានា​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នោះ​។​
 
​ក្រសួងការបរទេស​ឥណ្ឌា​បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​មួយ​ថា​៖ «​ភាគី​ទាំង​ពីរបាន​យល់ព្រម​ដោះស្រាយ​បញ្ហា​នៅតាម​ព្រំដែន​នេះ​ដោយ​សន្តិវិធី ស្របទៅតាម​កិច្ចព្រមព្រៀងទ្វេភាគី​នានា និង​រក្សា​សម្រាប់​ពេលអនាគត​នូវ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ដែលថា សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​គឺ​សំខាន់​សម្រាប់​ដំណើរ​វិ​វ​ឌ្ឍ​ជាទូទៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com